មហាសន្និបាតអ.ស.ប. គាំទ្រសំណើរុស្ស៊ីកុំឲ្យផ្តល់ “វីរភាព” ដល់ពួក Nazi
ចុះផ្សាយនៅថ្ងៃ៖
សំណើរុស្ស៊ីនេះ តាក់តែងឡើង ដោយមានការចូលរួម នៃ៤២ ប្រទេស បានទទួល ការអនុម័តយប់មិញ ដោយ១២០ប្រទេស សមាជិក អ.ស.ប.។ ជំទាស់គឺតែ ស.រ.អា.,កាណាដា និងរដ្ឋកោះ Marshall ចំណែក ៥៧ប្រទេស បានប្រកាន់ឥរិយាបថអនុប្បវាទ។
ឯកសារអនុម័តយប់មិញ ដោយមហាសន្និបាត អ.ស.ប. មានឈ្មោះថា “សេចក្តីសម្រេច ដែលព្រមានបណ្តាប្រទេសក្នុងលោក កុំបណ្តោយឲ្យមាន វីរភាវូបនីយកម្មពួក Nazi ហើយ អំពាវនាវកុំឲ្យភ្លេច អំពើឧក្រិដ្ឋកម្មរកលេខដាក់គ្មាន ប្រព្រឹត្តដោយពួកនោះ សម័យសង្គ្រាមលោកលើកទី២”។
ឯកសារនេះ សំដែងក្តីព្រួយបារម្ភមែនទែន ចំពោះការកើនឡើងនៅទ្វីបអឺរ៉ុប និងនៅតាម តំបន់ឯទៀតនៃផែនដី ជាចលនាជ្រុលនិយមដែលឃោសនា លទ្ធិពូជសាសន៍និយម និង សម្អប់មនុស្សជាតិ ព្រមទាំងផ្សព្វផ្សាយឧត្តមគតិហ្វាស៊ីស្ត លើកពូជសាសន៍មួយ ឲ្យខ្ពស់ជាង រាល់ពូជសាសន៍ឯទៀត។
មិនតែប៉ុណ្ណោះ សេចក្តីសម្រេចរបស់មហាសន្និបាត អ.ស.ប. ឆ្លុះឲ្យឃើញពីក្តីថប់កង្វល់ ចំពោះការប៉ុនប៉ងគ្មានឈប់ប្រមាថ និងបំផ្លាញរូបសំណាកនិងបូជនីយស្ថានណា ដែលមានសាងសង់ឡើង រំលឹកដល់វិញ្ញាណក្ខន្ធ អ្នកដែលបានប្រយុទ្ធទល់នឹងពួក Nazi សម័យសង្គ្រាមលោកលើកទី២។ ឯកសារនោះ ក៏សំដែងនូវក្តីថប់កង្វល់ចំពោះ ទង្វើអាជ្ញាធរប្រទេសខ្លះ ដែលគាស់ដោយខុសច្បាប់យកធាតុអ្នកតស៊ូទាំងនោះ ទៅកប់នៅកន្លែងផ្សេងដែលមិនគប្បីសោះ។
អត្ថបទនៃសេចក្តីសម្រេច ផ្តន្ទាទោសចំពោះ ការសង់ឡើង ជារូបសំណាកនិងបូជនីយស្ថាន ដែលឧទ្ទិសដល់ “វីរភាព” ពួក Nazi ព្រមទាំងថ្កោលទោស ពិធីប្លែកៗ ជាកិត្តិយសដល់ពួកនោះ ដែលនាប៉ុន្មានឆ្នាំចុងក្រោយ ក្លាយទៅជាមានលក្ខណៈរឿយៗ ក្នុងប្រទេសមួយចំនួន នៅមាត់សមុទ្របាល់ទិក ជាបឋម គឺនៅប្រទេស ឡេតូនី និង អេស្តូនី។
តំណាងរុស្ស៊ី ថ្លែងក្នុងមហាសន្និបាតនេះ រំលឹកអំពីឧក្រិដ្ឋកម្មយោធាច្រើនរាប់មិនអស់ ប្រព្រឹត្ត ដោយពួក Nazi ប្រឆាំងមនុស្សជាតិ ហើយការបដិសេធ ឬបំភ្លេចអំពីរឿងនេះ គឺមានន័យថា សាកល្បង សរសេរប្រវត្តិសាស្ត្រឡើងវិញ។ រុស្ស៊ីជឿជាក់ថា ការអនុម័តឯកសារនោះ ដោយសំឡេងភាគច្រើនដាច់ខាត របស់ប្រទេសសមាជិកអ.ស.ប.មុខជានឹងរួមវិភាគទានជាក់លាក់ ទៅក្នុងបុព្វហេតុគាស់រំលើងឫស នៃលិទ្ធិប្រកាន់ពូជសាសន៍ ស្អប់ជាតិដ៏ទៃ។
ចំណែកគណៈប្រតិភូស.រ.អា. ដែលបោះឆ្នោតជំទាស់ សំអាងលើលេសថា សេចក្តីសម្រេចនោះ ហាក់បីបញ្ច្រាសនឹងគោលការណ៍នៃសេរីភាពបញ្ចេញមតិ និងថា គេមិនអាចប្រយុទ្ធទល់នឹង លទ្ធិពូជសាសន៍និយម ដោយវិធីផ្តន្ទាទោស តាមផ្លូវព្រហ្មទណ្ឌឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ