រុស្ស៊ីប្រកាសថាបានបញ្ជូនមីស៊ីលសម្រាប់បាញ់យន្តហោះនិងនាវាទៅឲ្យស៊ីរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃសុក្រម្សិលមិញ អគ្គនាយកក្រុមហ៊ុននាំចេញសព្វាវុធរុស្ស៊ីបានថ្លែងថា ក្រុមហ៊ុនរបស់លោកបានបញ្ជូនទៅឲ្យស៊ីរី នូវមីស៊ីលទំនើបៗ ដែលអាចប្រើសម្រាប់បាញ់ទម្លាក់យន្តហោះចម្បាំង និងបាញ់ពន្លិចនាវាចម្បាំង ក្នុងករណីមានអន្តរាគមន៍យោធាពីអាមេរិក ឬប្រទេសណាមួយផ្សេងទៀត នៅស៊ីរី។ ក្នុងពេលជាមួយគ្នានេះ អាមេរិកក៏បានទទួលស្គាល់ដែរថា ខ្លួនបានបញ្ជូនបរិក្ខាសម្រាប់ទាក់ទងទំនើបៗទៅឲ្យក្រុមឧទ្ទាមស៊ីរី។
លោក Anatoly Isaykin អគ្គនាយកក្រុមហ៊ុន Rosoboronexport ដែលជាក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី ទទួលបន្ទុកខាងលក់គ្រឿងសព្វាវុធរុស្ស៊ីទៅបរទេស បានថ្លែងក្នុងបទសម្ភាសន៍ដល់សារព័ត៌មានថា មីស៊ីលទំនើបៗដែលក្រុមហ៊ុនរបស់លោកបានបញ្ជូនទៅឲ្យស៊ីរី អាចប្រើក្នុងការទប់ទល់នឹងការវាយប្រហារតាមអាកាស ឬតាមផ្លូវសមុទ្រ។ លោកបានបញ្ជាក់ថា នេះមិនមែនជាការគំរាមដល់ប្រទេសណាមួយទេ ក៏ប៉ុន្តែ អ្នកណាក៏ដោយ ដែលមានបំណង ឬមានផែនការចង់វាយប្រហារលើស៊ីរី គួរគិតឲ្យបានហ្មត់ចត់ អំពីប្រព័ន្ធមីស៊ីលការពារដែនអាកាសនេះ។
យោងតាមលោក Isaykin មីស៊ីលទាំងនេះអាចមានប្រសិទ្ធភាពបាញ់ទម្លាក់យន្តហោះ ដែលហោះនៅរយៈកំពស់រហូតដល់ ២៥គីឡូម៉ែត្រ និងក្នុងរង្វង់ ២០គីឡូម៉ែត្រ ឬឆ្ងាយជាងនេះ។ ចំពោះប្រភេទមីស៊ីលប្រឆាំងនាវាវិញ គឺអាចបាញ់ពន្លិចនាវា ដែលស្ថិតនៅចម្ងាយប្រមាណ ២៨៨គីឡូម៉ែត្រពីឆ្នេរ។
អ្នកជំនាញខាងយោធាវិញបានលើកឡើងថា មីស៊ីលដែលរុស្ស៊ីបញ្ជូនទៅស៊ីរីនេះ មិនមែនជាប្រភេទមីស្ស៊ីលធុនទំនើបបំផុតរបស់រុស្ស៊ីនោះទេ ហើយវាក៏មិនអាចទប់ទល់នឹងយន្តហោះទំនើបៗរបស់អាមេរិក និងសម្ព័ន្ធមិត្តបានដែរ។
ក៏ប៉ុន្តែ ទោះជានេះក៏ដោយ រុស្ស៊ីទំនងជាចង់ព្រមានដល់លោកខាងលិចថា យ៉ាងហោចណាស់ ដែនអាកាស និងដែនសមុទ្ររបស់ស៊ីរីមិនមែនគ្មានអ្វីការពារសោះ ដូចជានៅលីប៊ីនោះទេ។ ដូច្នេះ បើសិនជាគេចង់វាយប្រហារ ឬត្រឹមតែបង្កើតតំបន់គ្មានការហោះហើរនៅស៊ីរី គឺគេប្រាកដជាត្រូវប្រើធនធានច្រើន ហើយអាចត្រូវប្រឈមមុខនឹងការបាត់បង់នាវា ឬយន្តហោះ ឬរហូតដល់បាត់បង់ជីវិតទាហានក៏អាចថាបាន។
កាន់តែសំខាន់ជាងនេះទៅទៀត រុស្ស៊ីប្រហែលជាចង់រំឭកដល់អាមេរិក និងសម្ព័ន្ធមិត្តឲ្យនឹកឃើញពីសម័យសង្រ្គាមត្រជាក់ ដែលប្លុកសូវៀត និងប្លុកលោកខាងលិច តែងតែប្រឈមមុខដាក់គ្នាដោយប្រយោលខាងផ្នែកយោធា តាមរយៈការលូកដៃជួយភាគីជម្លោះក្នុងសង្រ្គាមស៊ីវិល នៅតាមប្រទេសមួយចំនួន។ ចំពោះករណីស៊ីរីនៅពេលនេះ ប្រសិនបើអាមេរិក និងសម្ព័ន្ធមិត្តហ៊ានធ្វើអន្តរាគមន៍យោធា គឺនឹងត្រូវប្រឈមមុខខាងផ្នែកយោធាដោយប្រយោលជាមួយរុស្ស៊ី ដូចកាលពីសម័យសង្រ្គាមត្រជាក់ដូច្នេះដែរ។
លោកអូបាម៉ាគ្រោងជួបជជែកជាមួយលោកពូទីន ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃចន្ទខានស្អែកនេះ នៅក្រៅជំនួបកំពូលនៃក្រុមប្រទេស G20 នៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីពិភាក្សារកដំណោះស្រាយវិបត្តិស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ