រុស្ស៊ី

សេចក្តីសម្រេច​ដែល​អាច​ប៉ះពាល់​ដល់​មូលដ្ឋាន​យោធា​អាមេរិក

ប្រធានាធិបតី​រុស្ស៊ី លោក​មេដវេដេវ ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​សមាជិក​អង្គការ​សន្ធិសញ្ញា​ស្តីអំពី​សន្តិសុខ​រួម
ប្រធានាធិបតី​រុស្ស៊ី លោក​មេដវេដេវ ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​សមាជិក​អង្គការ​សន្ធិសញ្ញា​ស្តីអំពី​សន្តិសុខ​រួម REUTERS/Yuri Kochetkov/Pool

គឺ​ក្នុង​ជំនួបកំពូល​នៅ​វិមាន​ក្រេមឡាំង នា​រសៀល​ថ្ងៃ​អង្គារ​២០ធ្នូ​ម្សិលមិញ ដែល​ប្រធានាធិបតី​នៃ​៧រដ្ឋ​ឯករាជ្យ​ថ្មី សមាជិក “អង្គការ​សន្ធិសញ្ញា ស្តីអំពី​សន្តិសុខ​រួម” បាន​ឯកភាព​នឹងគ្នា​ថា ចាប់ពី​អំណឹះ​តទៅ រដ្ឋ​បរទេស​ណា ដែល​ចង់​បង្កើ់ត​ជា​មូលដ្ឋាន​យោធា​របស់ខ្លួន នៅលើ​ដែនដី​នៃ​រដ្ឋ​ណា​ដែល​ជា​សមាជិក​អង្គការ​នេះ គឺ​ចាំបាច់​ត្រូវតែ​ទទួល​ការ​យល់ព្រម​ជាមុនសិន ពី​គ្រប់តែ​សមាជិក​អង្គការ​នេះ។

ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរ​រំលឹក​ថា “អង្គការ​សន្ធិសញ្ញា ស្តីអំពី​សន្តិសុខ​រួម” ដែល​បាន​ចាប់ពន្លក​មក ក្នុង​ឆ្នាំ១៩៩២ ហើយ​លេចចេញ​ជា​រូបរាង​ពេញទី ក្នុង​ឆ្នាំ២០០២ បច្ចុប្បន្ន មាន ៧ប្រទេស ជា​សមាជិក ពោលគឺ Russie Belarus Kazakhstan Armenie Ouzbekistan Tadjikistan និង Kirghiizistan។

រួចពិតជា​នៅលើ​ដែនដី Kirghiizistan ដែល​អាកាសយានដ្ឋាន​ឈ្មោះ Manas នៅ​ជាយក្រុង Bichkek រដ្ឋធានី​ប្រទេស​នេះ ត្រូវ​ស.រ.អា. ជួល​ប្រើ​ធ្វើជា​មូលដ្ឋាន​យោធា​របស់ខ្លួន តាំងពី​ចុង​ឆ្នាំ២០០១​មក សម្រាប់​ជា​ឈ្នាន់​ដឹក​សម្ភារៈ​យោធា និង​កងទ័ព ទៅ​ផ្គត់ផ្គង់​ដល់​ប្រតិបត្តិការ​ខាង​ប្រយុទ្ធ​ទល់នឹង​ពួក “តាលីបង់” នៅ​អាហ្វហ្កានីស្ថាន ជា​ចម្លើយតប​នឹង​មហាភេរវកម្ម​ប្រព្រឹត្ត​ទល់នឹង​ស.រ.អា. កាលពី​ថ្ងៃ១១កញ្ញា​ឆ្នាំ២០០១​នោះ។ ភាគី​អាមេរិក​បង់​ទៅឲ្យ Kirghiizistan ចំពោះ​ថ្លៃជួល​នេះ ក្នុង១ឆ្នាំៗ គឺ ៦០លាន​ដុល្លារ។

គួរនិយាយថា Kirghiizistan ជា​ប្រទេស​តែមួយគត់​លើ​ផែនដី ដែល​មាន មូលដ្ឋាន​អាមេរិក​ផង មូលដ្ឋាន​រុស្ស៊ី​ផង។ មូលដ្ឋាន​យោធា​របស់​រុស្ស៊ី​នៅ​ទីនោះ មាន​ឈ្មោះថា Kanta ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៣០គ.ម. ពី​មូលដ្ឋាន Manas របស់​អាមេរិក។ រុស្ស៊ី ដែល​ដើរតួនាទី​នាំមុខ “អង្គការ​សន្ធិសញ្ញា ស្តីអំពី​សន្តិសុខ​រួម” បង់​ទៅឲ្យ Kirghiizistan ជា​សមាជិក​អង្គការ​នេះ គឺ​តែ ៤លាន​៥សែន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយឆ្នាំៗ ចំពោះ​ថ្លៃជួល​ប្រើប្រាស់​មូលដ្ឋាន​យោធា​នោះ។

ទាក់ទងនឹង​ការ​ព្រមព្រៀងគ្នា ដែល​មាន​អនុម័ត​យក ចំពោះ​មូលដ្ឋាន​យោធា​របស់​រដ្ឋបរទេស​ ដែល​មិនមែន​ជា​សមាជិក “អង្គការ​សន្ធិសញ្ញា ស្តីអំពី​សន្តិសុខ​រួម” លោក​ប្រធានាធិបតី​រុស្ស៊ី មេដវេដេវ ថ្លែង​ថា៖ នេះ​ជា​ការ​សម្រេចចិត្ត​សំខាន់​ណាស់ សម្រាប់​ពង្រឹង​គោលជំហរ​ផ្ទៃក្នុង​របស់​អង្គការ​នេះ​ផ្ទាល់។

ចំណែក​ប្រធានាធិបតី Kazakhstan លោក Nursultan Nazarbayev ដែល​ជា​អ្នក​បាន​បំផុស​មក នូវ​សំណើ​ឲ្យ​អនុម័ត​យក​ឯកសារ​នោះ កត់សម្គាល់​ថា ការ​ព្រមព្រៀង​នឹងគ្នា ជា​ឯកច្ឆន្ទ​នេះ ឆ្លុះឲ្យឃើញ​ពី​ឯកភាព​ធ្លុងមួយ ក្នុង “អង្គការ​សន្ធិសញ្ញា ស្តីអំពី​សន្តិសុខ​រួម” និង​ពី​ភក្តីភាព​របស់​គ្រប់តែ​៧ប្រទេស​សមាជិក​អង្គការ​នេះ ចំពោះ​ទំនាក់ទំនង​ជា​សម្ព័ន្ធមិត្ត​នឹងគ្នា។

ចំណែក​កាសែត​ក្រុង​ម៉ូស្គូ​លេខ​ថ្ងៃនេះ បញ្ចេញ​យោបល់​ថា ធាតុពិត​នៃ​ការ​ព្រមព្រៀង​នោះ គឺ​សំដៅ​គាស់​មូលដ្ឋាន​យោធា​អាមេរិក ឲ្យ​ខ្ទាត​ចេញពី Kirghiizistan គឺ​ពី​តំបន់​អាស៊ី​កណ្តាល​ទៅ ដោយ​នៅ​រក្សាទុក​តែ​មូលដ្ឋាន​យោធា​របស់​រុស្ស៊ី​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI