នៅទីបំផុតរុស្ស៊ីនឹងចូលមែនក្នុងអង្គការពាណិជ្ជកម្មពិភពលោក
ចុះផ្សាយនៅថ្ងៃ៖
លទ្ធភាពបែបនេះកើតមាននៅពីមុខរុស្ស៊ី ក្រោយពីថ្ងៃ៩វិច្ឆិកាកន្លងទៅ នៅឯទីក្រុង Geneve មានចុះបានកិច្ចព្រមព្រៀងឈរលើការធ្វើសម្បទានទៅវិញទៅមក រវាងរុស្ស៊ី និងហ្សកហ្ស៊ី ស្តីអំពីការត្រួតពិនិត្យលើចរាចរណ៍ទំនិញ នៅត្រង់ព្រំដែនរវាងប្រទេសទាំង២។ កិច្ចព្រមព្រៀងនេះតាក់តែងឡើងដោយប្រទេសស្វ៊ីស ជាអន្តរការីជួយដើរការឲ្យរុស្ស៊ី និង ហ្សកហ្ស៊ី ដែល៣ឆ្នាំចុងក្រោយ ក្លាយទៅជាគូសត្រូវនឹងគ្នា បន្ទាប់ពីរុស្ស៊ីបានធ្វើអន្តរាគមន៍យោធា ទៅលើហ្សកហ្ស៊ី ក្នុងឆ្នាំ២០០៨។
កិច្ចព្រមព្រៀងដែលមានចុះនេះ គឺបើកផ្លូវឲ្យរុស្ស៊ីចូលជាសមាជិក នៃអង្គការអន្តរជាតិខាងគ្រប់គ្រងលើរបៀបរបបធ្វើពាណិជ្ជកម្មនៅក្នុងលោក ហៅថា OMC។ ដ្បិតមកទល់ឥឡូវ មានតែហ្សកហ្ស៊ីមួយគត់ ដែលតែងបានរាំងរាផ្លូវទល់នឹងសមាជិកភាពរបស់រុស្ស៊ីក្នុងOMC។ ស្របនឹងក្បួនខ្នាត ប្រកាន់យកដោយ OMC ដើម្បីចូលជាសមាជិកអង្គការនេះ ប្រទេសបេក្ខជន ពោលគឺ រុស្ស៊ីត្រូវទទួលការយល់ព្រមពីខាងគ្រប់តែប្រទេសសមាជិករបស់វា ដែលបច្ចុប្បន្ន មាន១៥៣ប្រទេស ហើយបើមានការប្រកែកដោយប្រទេសណាមួយជាសមាជិកនោះ គឺមិនអាចត្រូវទទួលឲ្យចូលឡើយ។ ក្នុងករណីដែលមានហ្សកហ្ស៊ី ដែលតែងបានជំទាស់នោះ ជាសមាជិក OMC តាំងពីឆ្នាំ២០០០ម៉្លេះ។
មូលហេតុនៃការប្រកែកនោះ គឺមកពីនាកិច្ចចរចា រុស្ស៊ីតែងបានច្រានចោលការទាមទាររបស់ហ្សកហ្ស៊ី ឲ្យមានពួកអ្នកតំណាងរបស់ហ្សកហ្ស៊ីផ្ទាល់វត្តមាននៅប៉ុស្តិ៍គយ ត្រង់ព្រំដែនរវាងរុស្ស៊ី និងដែនដី Abkhazie និងត្រង់ព្រំដែនរវាងរុស្ស៊ីនិងដែនដី Ossetieខាងត្បូង ដោយហ្សកហ្ស៊ីចាត់ទុកដែនដីទាំងពីរនេះ ជាដែនដីអបគមរបស់ខ្លួន។ ប៉ុន្តែរុស្ស៊ី ដែលតាំងពីឆ្នាំ២០០៨មក ទទួលស្គាល់ឯករាជ្យដែនដីទាំងពីរនេះ គូសបញ្ជាក់ថា Abkhazie និង Ossetieខាងត្បូង ជារដ្ឋឯករាជ្យទៅហើយ លែងអាស្រ័យនឹងហ្សកហ្ស៊ីទៀតឡើយ។
រីឯខ្លឹមសារនៃការធ្វើសម្បទានទៅវិញទៅមក ដែលមានចែងក្នុងកិច្ចព្រមព្រៀងទើបនឹងចុះនោះ គឺហ្សកហ្ស៊ីសុខចិត្តឈប់ទាមទារឲ្យមានពួកអ្នកតំណាងរបស់ខ្លួនវត្តមាននៅតាមប៉ុស្តិ៍គយ ត្រង់២កន្លែងនោះ។ ចំណែករុស្ស៊ីវិញ គឺយល់ព្រមឲ្យមានពួកអ្នកត្រួតពិនិត្យអន្តរជាតិរបស់ “សហគ្រាសឯកជនដែលឯករាជ្យម្ចាស់ការ” វត្តមាននៅតាមចុងទាំងសងខាង នៃច្រកចេញចូល ៣កន្លែង សម្រាប់កត់ត្រាអំពីប្រភេទ និងបរិមាណគ្រប់ទំនិញ ដែលចេញចូល រវាងរុស្ស៊ី និងហ្សកហ្ស៊ី ពោលគឺ ៖
ទី១- ច្រក រវាងរុស្ស៊ីនិងហ្សកហ្ស៊ីផ្ទាល់ នៅត្រង់ប៉ុស្តិ៍យ ដែលមានឈ្មោះថា Lars
ទី២- ច្រក រវាងរវាងរុស្ស៊ី និងដែនដី Abkhazie
ទី-៣ ច្រក រវាងរុស្ស៊ី និងដែនដី Ossetie ខាងត្បូង
ថ្ងៃ១០វិច្ឆិកានេះ ក្រុមការងារផ្សំឡើងពី ៦២ប្រទេស នាកិច្ចប្រជុំនៅក្រុង Geneve ត្រូវប្រកាស អំពីកាលបរិច្ឆេទ សម្រាប់ទទួលរុស្ស៊ី ដែលខំធ្វើកិច្ចចរចា អស់១៨ឆ្នាំហើយ ឲ្យចូល ជាសមាជិក ទី១៥៤ របស់ “អង្គការពាណិជ្ជកម្មពិភពលោក” OMC ហៅថា “ក្លឹបនៃសេដ្ឋកិច្ចទីផ្សារ”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ