ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី​បង្ក​រឿង ព្រោះ​ខ្លាច​អ៊ុយក្រែន​ទៅ​ស្និទ្ធ​សហភាព​អឺរ៉ុប ?

សំឡេង ០៤:១៨
ទង់ជាតិសហភាព​អឺរ៉ុប និង​ អ៊ុយក្រែន នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប នាទីក្រុង​ព្រុចសែល
ទង់ជាតិសហភាព​អឺរ៉ុប និង​ អ៊ុយក្រែន នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប នាទីក្រុង​ព្រុចសែល DR

នៅ​ថ្ងៃអង្គារ​ទី ២៩ តុលា ក្រុមហ៊ុន​ឧស្ម័នGazprom រុស្ស៊ី បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​ ថា​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​បង់​ថ្លៃ​ទិញ​ហ្កាស (ឧស្ម័ន) ដែល​ប្រាក់​ជំពាក់​នោះ​មាន​ទំហំ​ជិត​មួយ​ពាន់​លាន​ដុល្លារ។ ជាមួយ​នឹង​ការ​ដាក់​កំហិត​បង្ខំ​ឱ្យ​បង់​ប្រាក់​ រុស្ស៊ី​បាន​គំរាម​បង្ក​ជម្លោះ​ ជា​ថ្មី​ជាមួយ​នឹង​អ៊ុយក្រែន ដោយ​កាត់​ផ្តាច់​ឈប់​ផ្តល់​​ហ្កាស​ឱ្យ​។ ការ​ប្រកាស​ចេតនា​បង្ក​ជម្លោះ​នេះ​ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​អ៊ុយក្រែន​ត្រៀម​នឹង​ចុះ​ហត្ថលេខា​លើក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហភាព​អឺរ៉ុប នៅ​ខែ​ក្រោយ។ តើ​នេះ​ពុំ​មាន​ន័យ​ថា ទំនាក់ទំនង​ទិញ​ដូរ​ កំពុងក្លាយ​ជា​ជម្លោះប្រយោជន៍​​នយោបាយ​ឬ ?

ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ពាណិជ្ជកម្ម សង្គ្រាម​ពាក្យ​សម្តី ទណ្ឌកម្ម ការ​ចោទ​ប្រកាន់​ ជម្លោះ​តូច​តាច​នៅ​តាម​មូលដ្ឋាន​ទ័ព​ ... មាន​ជា​ហូរហែ។ ទំនាក់ទំនង​ល្អ​ដ៏​រលូន​លែង​មាន​ទៀត​ហើយ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។ បងប្អូន​ពូជ​ស្លាវ​ទាំង​ពីរ ពាក់​មុខ​យក្ស​ដាក់​គ្នា​ កាន់​តែ​ខ្លាំង​ឡើង​ៗ​ មិន​ធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​អ៊ុយក្រែន​មាន​រដ្ឋាភិបាល​ថ្មី​នៅ​ឆ្នាំ​២០០៩ ដឹក​នាំ​ដោយ​បក្ស​ដែល​ល្បី​ថា​ស្និទ្ធ​បំផុត​នឹង​ក្រុងម៉ូស្គូ។

 
ដើម​ហេតុ​ដែលនាំ​ដល់​ភាព​ប្រេះ​ឆា​នេះ​ គឺ​បណ្តាល​មក​ពី​អ៊ុយក្រែន​ បាន​ងាក​មក​ចរចា​ជា​មួយ​សហភាព​អឺរ៉ុប និង​បាន​ព្រមព្រៀង​ថា​នឹងចុះ​ហត្ថលេខា​បង្កើត​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ដោយ​សេរី​មួយ​​រវាង​អ៊ុយក្រែន​ និង​សហភាព​អឺរ៉ុប។ សម្រាប់​អ៊ុយក្រែន ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម និង​កិច្ច​ព្រមព្រៀង​សហគមន៍​ គឺ​ជា​ជំហាន​ដំបូង​មួយ​បោះឆ្ពោះ​នាំ​អ៊ុយក្រែន​​ទៅ​ចូល​កាន់​តែ​កៀក​នឹង​សហភាព​អឺរ៉ុប ឬ​អាច​និយាយ​បាន​ថា​ជា​ដំណាក់កាល​ទី​មួយ​មុន​នឹង​អាច​ឈាន​ដល់​ការ​ចរចា​ចូល​ជា​សមាជិកសភាព​អឺរ៉ុប។ ឯ​ខាង​អឺរ៉ុប​វិញ​ ក៏នឹង​អាច​​ដាក់​គំនាប​លើអ៊ុយក្រែន​ឱ្យ​ដោះលែង​អតីត​នាយក​រដ្ឋមន្ត្រី​និង​ជាប្រមុខ​បក្ស​ប្រឆាំង​លោកស្រី Ioulia Timochenko។

ប៉ុន្តែ​ចំពោះ​រុស្ស៊ី​ ការ​ងារ​រេ​មក​រក​អឺរ៉ុប​​របស់​ក្រុង​គៀវ គឺ​ជា​ទង្វើ​ក្បត់ មិន​អាច​អនុគ្រោះ​បាន​ឡើយ​ និង​ជា​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​តែ​ម្តង។ អ៊ុយក្រែន​ធ្លាប់​ជា​រដ្ឋ​មួយ​របស់​អតីត​សហភាព​សូវៀត ដែល​បាន​ដួល​​​រលំ​ទៅ​នៅ​ឆ្នាំ​១៩៩១ ទើប​​អ៊ុយក្រែន​មាន​ឯករាជ្យ​ ក្លាយ​ជា​រដ្ឋ​មាន​បូរណភាព​​ពេញ​លេញ​។ តែ​សម្រាប់​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី លោក​ពិត​ជាមិន​អាច​ទទួល​យក​បាន​ឡើយ​​។ លោក​នៅ​តែ​និយាយ​យ៉ាង​ពេញមាត់​ថា អ៊ុយក្រែន​​ជា​ជាតិ​តែ​មួយ​ជាមួយ​ មាន​វប្បធម៌ សាសនា ភាសា និង​ឧត្តមគតិ​ប្រហាក់ប្រហែល​គ្នា​។ អ៊ុយក្រែន ជា​រុស្ស៊ី​តូច ជា​ដែនដីមួយ​ ដែល​មិន​ត្រូវ​មើល​រំលង​ ឱ្យ​បាត់​បង់​អនុស្សាវរីយ៍​នេះ​ឡើយ ! ប្រទេស និង​ប្រជាជន​រុស្ស៊ី កើត​ចេញ​មក​ពី​អ៊ុយក្រែន !

រុស្ស៊ី​ពិត​ជា​មិន​អាច​ឈរ​ស្ងៀម​មើល​អ៊ុយក្រែន​​ងាក​ទៅ​រក​មិត្ត​ថ្មី​អឺរ៉ុប​បាន​ទេ ព្រោះ​អនុស្សាវរីយ៍​ចាស់​នៅ​តែ​ដិត​ដាម​ជាប់​ក្នុង​សតិ​អារម្មណ៍​ថ្នាក់​ដឹកនាំ​រុស្ស៊ី។ ទាំង​ប្រធានាធិបតី ទាំង​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ បាន​ប្រើ​គ្រប់​វិធី​ដាក់​គំនាប​លើ​អ៊ុយក្រែន​សំឡុតផង លួង​លោម​ផង​។

លួងលោម ៖ ​រុស្ស៊ី​បាន​បញ្ចុះ​បញ្ចូល អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឱ្យ​​អ៊ុយក្រែនចូល​​ក្នុង​ “សហភាព​ពន្ធគយ” ដែលនៅ​​ពេល​​នេះ​មាន​​ប្រទេស​រុស្ស៊ី កាហ្សាក់ស្ថាន និង​បេឡារុសជា​សមាជិក។ ​ ​​ អ៊ុយក្រែន​ ទទួល​ទិញ​​ឧស្ម័ន​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ទាប ព្រោះ​តែ​អ៊ុយក្រែន​មាន​របប​ពិសេស ក្នុង​នាម​ជា​ដៃគូ​ពិសេស​។

សំឡុត ៖ រាល់​វិធី​លួង​លោម​ទាំង​អម្បាល​ បាន​ក្លាយ​ឧបករណ៍​សម្រាប់​គំរាម​វាយប្រហារ​វិញ។ ថវិកា​ដ៏​សន្ធឹក​សន្ធាប់​ដែល​ប្រើ​សម្រាប់​ទាក់​ទាញ​ឱ្យ​អ៊ុយក្រែន​ ចូល​ក្នុង​សហភាព​ពន្ធ​គយ នឹង​ប្រើ​ជា​អាវុធ​ប្រកាស​សង្គ្រាម។ ឯ​របប​ដៃគូ​ពាណិជ្ជកម្ម​ពិសេស​ ក៏​នឹង​ចប់​ ប្រសិន​បើ​អ៊ុយក្រែន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​សហភាព​អឺរ៉ុបមែន។

ជាង​នេះ​ទៅទៀត ក្រៅ​ពី​ការ​គំរាម​កំហែង​ ​រុស្ស៊ី មិន​បង្អង់​នឹង​បញ្ចេញ​សកម្មភាព​ជាក់​ស្តែង​ដាក់​គំនាប​​លើ​អ៊ុយក្រែនទេ។ កាលពី​ខែ​មុន​ រុស្ស៊ី​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អ៊ុយក្រែន ដោយ​ហាម​ឃាត់​មិន​ឱ្យ​មាន​ការនាំ​ចូល​សូកូឡា​អ៊ុយក្រែន​ទៅ​រុស្ស៊ី។ ឆ្មាំ​ព្រំដែន​រុស្ស៊ី បាន​ដាក់​​រនាំង​ខណ្ឌ​ចែក​​ព្រំ​ដែន​ជាមួយ​អ៊ុយក្រែន បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​បណ្តា​ប្រជាជន​ដែល​មានគ្រួសារ​រស់​ឆ្លង​ប្រទេស។

ចំណែក​ការ​ទារ​ប្រាក់​ថ្លៃ​ហ្កាស​ខែ​សីហា​ដែល​អ៊ុយក្រែន​ជំពាក់​វិញ​ ក្រុមហ៊ុន​រុស្ស៊ី​បាន​ប្រកាស​ថា​គ្មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ទេ ប៉ុន្តែ​ហេតុ​អ្វី​នៅ​​​ពេលនេះ​ ? ទារ​បំណុល​ចាស់​ហើយ​គំរាម​បង្ខំ​ឱ្យ​បង់​លុយសម្រាប់​ខែ​ថ្មី​ជាមុន ពុំនោះ​ទេ​អ៊ុយក្រែន​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​នឹង​គ្មាន​ឧស្ម័ន​ប្រើ​ទៀត​ឡើយ ! ​អ៊ុយក្រែន​មាន​ពេល​​​មួយ​ខែ​ទៀត ក្នុង​ការ​សម្រេច​ចិត្ត​ (ការចុះ​ហត្ថលេខា​ជាមួយ​អឺរ៉ុប នឹង​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨-២៩​វិច្ឆកា​)។ ការ​សម្រេច​ចិត្ត​ បើ​ដូច​ការ​គំរាម​របស់​ម៉ូស្គូ គឺ​ស្មើ​នឹង​ការ​ដើរ​មក​ដល់​ផ្លូវ​បំបែក ដែល​ត្រូវ​ជ្រើសរើសយក​មួយ​ រវាង​​សហភាព​អឺរ៉ុប ឬ​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI