រុស្ស៊ី

ក្រោយ​ចេញ​ពី​គុក មហាសេដ្ឋី​រុស្ស៊ី​ Sergei Polonsky ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​

មហាសេដ្ឋីរុស្ស៊ី លោក Sergei Polonsky បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​
មហាសេដ្ឋីរុស្ស៊ី លោក Sergei Polonsky បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ @REUTER

មហាសេដ្ឋី​រុស្ស៊ី លោក Sergei Polonsky បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នៅ​រុស្ស៊ី​។ ការ​ប្រកាស​នេះ ធ្វើ​ឡើងនៅ​ថ្ងៃ​ពុធទី​៨​វិច្ឆិកា​ម្សិលមិញ ​តាម​រយៈ​អ្នកគ្រប់​គ្រង​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក បន្ទាប់​ពី​​លោក​ Sergei Polonsky ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​មុខ​តុលាការ​ក្រុង​មូស្គូ នា​ថ្ងៃ​ទី​៨​វិច្ឆិកា ក្រោយ​ពេល​តុលាការ​សម្រេច​ដោះ​លែង​ពីមន្ទីរ​ឃុំ​ឃាំង​ លោក Sergei Polonsky បាន​ប្រកាស​ថា លោក​ចង់​ធ្វើ​ជា​ប្រធានាធិបតី​រុស្ស៊ី ហើយ​លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​។

លោក Sergei Polonsky គឺ​ជា​មហាសេដ្ឋី​រុស្ស៊ី ដែល​​ជាប់​ចោទ​ពី​បទ​បោក​ប្រាស់​ប្រាក់​ក្នុង​កិច្ចការ​ជំនួញ​នៅ​រុស្ស៊ី ចំនួន​១៧៥​លាន​ដុល្លារ​អាមេរិក​។ មុន​នឹង​ត្រូវ​តុលាការ​រុស្ស៊ីឃុំ​ខ្លួន មហាសេដ្ឋី​រុស្ស៊ី​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ចេញ​ពី​ប្រទេស​នៅ​ថ្ងៃអាទិត្យ ទី​១៧​ឧសភា ឆ្នាំ​២០១៥ ពី​បទ​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​កម្ពុជា​ និង​រស់​នៅ​កម្ពុជា​ដោយ​គ្មាន​លិខិត​ឆ្លង​ដែន​។ នៅ​ឆ្នាំ​២០១២ លោក Plonsky ធ្លាក៏​ធ្លាប់​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចោទ​ប្រកាន់​ផង​ដែរ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា និង​ឃុំ​ឃាំង​កម្មករ​ខ្មែរ​៦​នាក់​ដោយ​ខុស​ច្បាប់​។ ប៉ុន្ត​៤​ខែ​ក្រោយ​ការ​ចោទ​ប្រកាន់​នោះ Polonsky ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​ផ្ដល់​សំណង​២​ម៉ឺន​ដុល្លារ​ដល់​កម្មករ​រង​គ្រោះ​។

ចំពោះ​ការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​របស់​លោក​មហាសេដ្ឋី Polonsky គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា នឹង​ត្រូវ​ទទួល​ស្គាល់​ពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ឬ​យ៉ាង​ណា​នៅ​ឡើយ​។ ប៉ុន្តែជា​ការ​កត់​សម្គាល់ ក្បាល​ម៉ាស៊ីនដឹក​នាំ​បក្ស​ប្រឆាំង​នៅ​រុស្ស៊ី លោក Alexsei Navalny ដែល​បាន​ប្រកាស​ពី​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​របស់​លោក​កាល​ពី​មួយ​ឆ្នាំមុន មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ទេ ដោយ​សារ​តែ​លោក​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្ដីក្ដាំ​ហិរញ្ញវត្ថុ​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​ក្រោយ​នេះ លោក Vladimire Putin ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បេក្ខភាព​ប្រធានាធិបតី​ដ៏​មាន​ប្រជាប្រិយភាព ដែល​អាច​ឈ្នះ​ឆ្នោត​ទៀត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ បើ​ទោះ​បី​ជា​រហូត​មក​ទល់​ពេល​នេះ លោក ពូទីន មិន​ទាន់​ប្រកាស​ពី​ការ​បន្ត​ឈរ​ឈ្មោះជា​ប្រធានាធិបតី​ទៀត​ក៏​ដោយ​។ ចំណែក​បេក្ខភាព​ប្រធានាធិបតី​ដែលលេច​ធ្លោ​​គួរ​ឲ្យ​កត់​សម្គាល់នា​ពេល​កន្លង​មក រួម​មាន អ្នក​កាសែត​ស្រី​ល្បី​ឈ្មោះ Ksenia Sobchak និង នាង Ekaterina Gordon ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI