រុស្ស៊ី

ថ្នាក់ដឹកនាំ​កំពូល​រុស្ស៊ី​បន្ថយ​ការ​ធ្វើដំណើរ​តាមរថយន្ត ឆ្លងទៅ​ជិះ​ឧទ្ធម្ភាគចក្រ​វិញ

លោក​ប្រធានាធិ​បតី​រុស្ស៊ី ពូទីន (ឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ មេដវេដេវ
លោក​ប្រធានាធិ​បតី​រុស្ស៊ី ពូទីន (ឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ មេដវេដេវ REUTERS/Sergei Karpukhin
ដោយ៖ កែវ ឆាយា
១៧ នាទី

ការសម្រេចចិត្តនេះ ត្រូវបាន​អនុម័ត ថ្ងៃ១៧តុលា ទាំងដោយ​ប្រធានាធិបតី ទាំង​ដោយ​នាយករដ្ឋមន្ត្រី ដើម្បី​បញ្ចៀស​ឲ្យបាន​ជា​អតិបរមា ការ​ស្ទះ​ចរាចរណ៍​តាមផ្លូវ ក្នុង​រដ្ឋធានី​ម៉ូស្គូ បណ្តាល​មកពី​ក្បួនរថយន្ត​រដ្ឋបុរស។ មូលហេតុ មកពីមាន​ការ​បន្លឺឡើង​គ្មានឈប់ នូវ​សំឡេង​រអ៊ូរទាំ ទាំងក្នក់ក្នាញ់ ពីខាង​ពួក​អ្នកបើកឡាន​ធម្មតា ដែល​ត្រូវ​បង្ខំចិត្ត​នៅ​ជាប់ស្ទះ ទៅតាម​បទបញ្ជា​នៃ​តម្រួត​ចរាចរណ៍ ដែល​វែកផ្លូវ​ទុក​សម្រាប់ ការបើក​ដោយ​ល្បឿនលឿន ដូចហោះ​នៃ​ក្បួនរថយន្ដ​អ្នកធំ​ទាំងនោះ។

ផ្សាយពាណិជ្ជកម្ម

ជាការរំលឹក គឺ​តាំងពី​ជំនាន់​សូវៀត​មក ដែល​ក្បួនរថយន្ត​ថ្នាក់ដឹកនាំ​នៅទីនេះ តែង​បើកបោះពួយ ដោយ​ល្បឿនលឿន​ដូចហោះ គ្មានប្រណីទេ សូម្បី​ក្នុង​រដ្ឋធានីក្តី ជាទី​ដែល​មានឡាន បើក​យ៉ាងច្រើន​កុះករ​ស្រាប់ទៅហើយ។ រួច​ក្នុង​ប្រទេស​រុស្ស៊ី​សម័យថ្មី ក្រោយពី​លែងមាន​របប​កុម្មុយនិស្ត​សូវៀតទៅ ថ្នាក់ដឹកនាំ​កំពូល​និយម​ប្រើ​សម្រាប់​ការធ្វើដំណើរ គឺ រថយន្ត​ពាសដែក​របស់​អាល្លឺម៉ង់ អាម៉ាក Mercedes 600 Pullman ហើយ​ឡាន Jeep ២គ្រឿង ដែល​តាមធម្មតា អមដំណើរ​រថយន្ត​ប្រមុខរដ្ឋ​និង​ប្រមុខរដ្ឋាភិបាល ជិះដោយ​ក្រុម​អង្គរក្ស ក៏​ម៉ាក Mercedes ដែរ ដើម្បី​ដេញ​ឲ្យទាន់ល្បឿន Mercedes របស់​ចៅហ្វាយ។ ជាការ​កត់សម្គាល់ ធ្លាប់មាន​ទាំងករណី កាល​ដែល​ក្បួនរថយន្ត​នោះ​បុក​យានជំនិះ​ណា​ដែល​ទើសផ្លូវខ្លួន​ទៅផង ហើយ​ទោះបី​បុកក្តី ក៏មិនដែល​ឈប់​រកខុសត្រូវ​ឡើយ។

សម្រាប់ប៉ូលិសតម្រួតចរាចរណ៍ គ្រាន់តែ​ទទួលដំណឹង​ថា ក្បួនរថយន្ត​ប្រមុខរដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល ត្រូវធ្វើដំណើរ​មកតាមផ្លូវនេះ​ឬនោះ នោះ​គឺ​ឃាត់ឡាន​ឯទៀត ឲ្យ​ឈប់​នៅរង់ចាំសិន នៅតាម​កូនវិថី​ក្បែរៗនោះ ទម្រាំ​ក្បួនរថយន្ត​អ្នកធំ​ឆ្លងទៅផុត។ ជួនកាល ការ​ឃាត់ផ្លូវ​នេះ ពន្យារទៅ​អស់រាប់ម៉ោង ហើយ​ឡាន​ដែលស្ទះ​នៅតាមផ្លូវ មាន​ប្រវែង​ដល់​រាប់សិបគ.ម.ឯណោះ។

ទាំងលោកប្រធានាធិបតីពូទីន ទាំងលោក​នាយករដ្ឋមន្ត្រី​មេដវេដេវ សុទ្ធតែ​យល់ដឹង​អំពីកំហឹង និង​ទឹកចិត្តមួម៉ៅ​របស់​ពួកអ្នកបើកឡាន​សាមញ្ញ​ធម្មតា។ ពេលថ្មីៗ ក្នុង​សម្ភាសន៍ តាម​កាណាល់​ទូរទស្សន៍មួយ តបនឹង​ឃ្លា​ប្រៀបប្រដូច ដែលថា ៖ លោកប្រធានាធិបតីបារាំង François Hollande សូម្បីតែពេលគាត់ធ្វើដំណើរ ទៅចូលរួមក្នុងពិធីទទួលសច្ចាប្រណិធានឡើងកាន់មុខតំណែងខ្លួនក្តី ក៏រថយន្តគាត់ នៅតែឈប់ត្រង់ ភ្លើងStop” ដូចគេដូចឯងអ៊ីចឹង។ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ឮដូច្នេះ ស្រាប់តែ​កាត់សំដី​អ្នកកាសែត​នោះ ហើយ​និយាយ​ដោយខ្លីថា ៖ “ខ្ញុំមិនដែលខ្វល់នឹងរឿងប្រជានិយមទេ

ទោះយ៉ាងណាក្តី ក៏ថ្ងៃ១៧តុលា វិមាន​ក្រេមឡាង​បានប្រកាស​ថា លោកប្រធានាធិបតី​ពូទីន ក្នុងភាគច្រើន​នៃ​ពេលវេលា​ខ្លួន នឹង​ធ្វើការ​គឺ​នៅឯ​និវេសនដ្ឋាន​គាត់ ឯជាយក្រុង​ម៉ូស្គូ ដើម្បី​ចៀសវាង​ការធ្វើដំណើរ​តាម​ក្បួនរថយន្ត ដែល​អាចនាំឲ្យ​ស្ទះ​ដល់​ចរាចរណ៍​ក្រុង ហើយ​បើ​កាលៈទេសៈ​តម្រូវ​ឲ្យគាត់​វត្តមាន​ខានមិនបាន ក្នុង​ពិធីណា នៅក្នុង​រដ្ឋធានី នោះ​គាត់​នឹង​បន្ថយ​ការប្រើ​ក្បួនរថយន្ត ហើយ​ឆ្លងទៅ​ប្រើ​ឧទ្ធម្ភាគចក្រ​ទៅវិញ សម្រាប់​ចល័ត​ពីកន្លែងមួយ​ទៅមួយ។

ទាំងទីស្តីការគណៈរដ្ឋមន្ត្រី ក៏បាន​ប្រកាស អំពី​គម្រោង​បែបដូចគ្នានេះ​ដែរ របស់​លោក​នាយករដ្ឋមន្ត្រី មេដវេដេវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI