រុស្ស៊ី-ស៊ីរី

ក្រុងម៉ូស្គូ​បដិសេធ​ពាក្យ​អះអាង​ម្សិលមិញ​របស់​ប្រធានាធិបតី​ស៊ីរី

ប្រព័ន្ធ​មីស៊ីល​​ការពារ​ដែន​អកាស ផលិត​ដោយ​​រុស្ស៊ី ប្រភេទ S-300
ប្រព័ន្ធ​មីស៊ីល​​ការពារ​ដែន​អកាស ផលិត​ដោយ​​រុស្ស៊ី ប្រភេទ S-300 ©រក្សាសិទ្ធិ

មូលហេតុ មកពីម្សិលមិញ ក្នុង​បទសម្ភាសន៍ខ្លួន លោក​ប្រធានាធិបតី​ស៊ីរី Bachar al-Assad ហាក់បី​ថ្លែងថា កងទ័ព​រដ្ឋាភិបាល​គាត់ ទើប​ទទួលបាន​កាំជ្រួច មីស្ស៊ីល​រុស្ស៊ី​ធុន S-300 ប៉ុន្មានដើម​ដំបូង​ទៅហើយ សម្រាប់​ការពារ​ដែនអាកាស​ប្រទេស​ស៊ីរី។ តាមពិត ស្របនឹង​កាសែត​រុស្ស៊ី​លេខថ្ងៃនេះ គាត់​គ្រាន់តែ​បាន​ថ្លែងថា “ រាល់​កុងត្រា ដែល​មាន​ចុះ ជាមួយ​រុស្ស៊ី នឹង​ត្រូវ​បំពេញតាម​ពុំខាន ហើយ​កុងត្រាខ្លះ ពេលថ្មីៗ​មាន​បំពេញ​ទៅហើយ”។

ផ្សាយពាណិជ្ជកម្ម

 

តាមកាសែត Kommersant ដោយ​ប្រកាស​ដំណឹង ”គួរឲ្យ​ភ្ញាក់ផ្អើល” ថា​កាំជ្រួច​មីស្ស៊ីល រុស្ស៊ី ប៉ុន្មានដើម​ដំបូង នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ធុន S-300 មាន​ដឹក​ទៅដល់​ប្រទេស​ស៊ីរី ទៅហើយ លោក​ប្រធានាធិបតី​ស៊ីរី Bachar al-Assad ដាក់​ទីក្រុង​ម៉ូស្គូ ឲ្យ​ស្ថិត​នៅក្នុង​ស្ថានភាព​ទើសទាល់​តែម្តង ដ្បិត​រុស្ស៊ីផ្ទាល់ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៅស៊ីរី កំពុង​សង្ឃឹម​ខ្លាំង​មែនទែន គឺ ទៅលើ សន្និសីទ​អន្តរជាតិ​មួយលើក​ថ្មី​ នៅក្រុង​ហ្ស៊ឺណែវ ដែល​ខ្លួន​ខិតខំ កោះប្រជុំឡើង​ដោយ​រួមជាមួយ​ស.រ.អា. ហើយ​ឥឡូវ បែរទៅជា បង្ខំចិត្ត ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​ថ្មីៗ ពីខាង​បស្ចិមលោក ដែលថា ម៉ូស្គូ​ចេះតែ​ខំខ្នះខ្នែង រក្សា​លោក Assad ឲ្យនៅ​តោងអំណាច​ដដែល ទោះអស់អី ក៏អស់ទៅ។

ក្នុងបទសម្ភាសន៍ ផ្សាយតាម​កាណាល់​ទូរទស្សន៍ Al-Manar របស់​ចលនា​អ៊ីស្លាម​ជ្រុលនិយម នៅ​លីបង់ Hezbollah ដែល​ច្បាំង​នៅខាង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ហើយ​ដែល​ជា​សត្រូវ​នឹង​អ៊ីស្រាអែល លោក Bachar al-Assad ឥតបាន​និយាយ​មួយម៉ាត់​ឡើយ អំពី​កាំជ្រួច​រុស្ស៊ី S-300។ គាត់​គ្រាន់តែ​ថ្លែងថា រាល់​កុងត្រា​ដែល​មាន​ចុះ​ជាមួយ​រុស្ស៊ី នឹង​ត្រូវ​បំពេញតាម​ពុំខាន ហើយ​កុងត្រាខ្លះ នាពេល​ចុងក្រោយ​កំពុង​បំពេញ ចេញជា​ផ្លែផ្កា​ទៅហើយ។ តាមសំដី​លោក Assad កងកម្លាំង​ប្រដាប់អាវុធ​ស៊ីរី កំពុង​ពិនិត្យមើល Scenario ប្លែកៗ សម្រាប់​ឆ្លើយតប នឹង​ការ​វាយប្រហារ ពីខាង​កងអាកាស​អ៊ីស្រាអែល។

កាសែត Kommersant សរសេរ​តមកទៀត​ថា តាមមើលទៅ ក្រុង Damas និង ចលនា Hezbollah ផ្សាយ​បំប្លែង​ដោយចេតនា​តែម្តង ខ្លឹមសារ​នៃ​បទសម្ភាសន៍​លោក Assad គឺ​ដើម្បី ធ្វើ Test ផ្ទៀងផ្ទាត់មើល តើ​អ៊ីស្រាអែល និង​ សហគមន៍​អន្តរជាតិ ប្រតិកម្ម​យ៉ាងណាដែរ ចំពោះ ដំណឹង​ដែលថា រុស្ស៊ី​ហាក់បី បាន​ផ្តល់ទៅឲ្យ​ស៊ីរី​ទៅហើយ នូវ​កាំជ្រួចមីស្ស៊ីល​ធុន S-300 ប៉ុន្មានដើមដំបូង។ តាមកាសែត Test បែបនេះ ប្រហែលជា​បាន​ទទួល ការ​យល់ព្រម​ជាមុន ពី​ខាង​ម៉ូស្គូ។

កាសែត Kommersant យោងទៅ​លើប្រភព​ច្បាស់ការណ៍ លំអិតថា តាម​កុងត្រា ចុះឆ្នាំ ២០១០ រុស្ស៊ី​នឹង​ប្រគល់​ប្រព័ន្ធ​មីស្ស៊ីល​ធុន S-300 ចំនួន ៦ប្រព័ន្ធ​ទៅឲ្យ​ស៊ីរី លុះ​ក្នុង​ត្រីមាសទី២ ឆ្នាំ ២០១៤ ហើយ​ត្រូវ​ស៊ីពេល​យ៉ាងហោចណាស់ កន្លះឆ្នាំទៀត សម្រាប់​បណ្តុះបណ្តាល បុគ្គលិក​ជាតិ​ស៊ីរីផ្ទាល់ សម្រាប់​ប្រើ​ប្រព័ន្ធ​ទាំងនេះ។

ចំណែកកាសែតរុស្ស៊ី Vedomosti ចាប់អារម្មណ៍ថា ការ​ដែល​ម៉ូស្គូ នៅតែ​ប្តេជ្ញា​លក់​មីស្ស៊ីល S-300 ទៅឲ្យ​ស៊ីរី ពីព្រោះ​បាន​ដកយក​មេរៀន ពីរលើក​ទៅហើយ គឺ​ថា មុនដំបូង​ក្នុង​ឆ្នាំ២០១០ សុខចិត្ត ប្រកែក​ពី​ការ​លក់អាវុធ​នេះ​ទៅឲ្យ​អ៊ីរ៉ង់ ហើយ​បន្ទាប់មក ក្នុង​ឆ្នាំ២០១១ សុខចិត្ត​គាំទ្រ ដល់​សេចក្តីសម្រេច​របស់ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ដែល​ហាម​មិនឲ្យ​លក់អាវុធ​ទៅ​លីប៊ី ប៉ុន្តែ ជាថ្នូរ ម៉ូស្គូ ឥតបាន​ទទួល​ផលប្រយោជន៍​អ្វីឡើយ។ ឥឡូវ​សំខាន់​បំផុត គឺ​រក្សា កេរ្តិ៍ឈ្មោះ​រុស្ស៊ី ជា​ប្រទេស​លក់អាវុធ​ដ៏កក់ក្តៅ នៅក្នុង​លោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI