រុស្ស៊ី-ស៊ីរី

នាវា​ចម្បាំង​រុស្ស៊ី​ធ្វើដំណើរ​ទៅ​ស៊ីរី

នាវា​ចម្បាំង​រុស្ស៊ីបើក​តម្រង់​ទៅ​ប្រទេស​ស៊ីរី ដែល​រុស្ស៊ី​មាន​មូលដ្ខាន​ទ័ពជើងទឹក
នាវា​ចម្បាំង​រុស្ស៊ីបើក​តម្រង់​ទៅ​ប្រទេស​ស៊ីរី ដែល​រុស្ស៊ី​មាន​មូលដ្ខាន​ទ័ពជើងទឹក ©Reuters

ភេរវកម្ម​អត្តឃាត​បាន​ផ្ទុះ កាលពី​ថ្ងៃ​សុក្រ​ទី ៦ មករា ២០១២ នៅកណ្តាល​ទីក្រុង​ដាម៉ាស បាន​សម្លាប់​មនុស្ស​២៦នាក់។ រដ្ឋាភិបាលស៊ីរី​ចោទ​ថា គឺ​ពួក​ភេរវជន​ដែល​ជាអ្នក​រៀបចំ​បំផ្ទុះគ្រាប់បែក ចំណែក​ក្រុមប្រឆាំង​ស៊ីរី​ដែល​កំពុង​ដឹកនាំ​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ចោទ​ថា គឺ​រដ្ឋាភិបាល​ដែល​រៀបចំ​ផែនការ​ភេរវកម្ម ដើម្បី​បន្លំភ្នែក​សហគមន៍​អន្តរជាតិ ជុំវិញ​ការបង្រ្កាប​ហិង្សា សម្លាប់​បាតុករ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​តែ​ជាង ២សប្តាហ៍ រដ្ឋធានី​ដាម៉ាស​ដែល​ជា​ទីតាំង​រដ្ឋបាល និង​សន្តិសុខ​ជាតិ ស៊ើបការសម្ងាត់​ត្រូវ​រងការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត។ មកដល់ពេលនេះ មិន​មាន​ក្រុមណាមួយ​ចេញមុខ​ទទួលខុសត្រូវ​លើ អំពើភេរវកម្ម។ អំពើភេរវកម្ម​ទាំងពីរ​លើក​សំដៅ​ទីតាំង​សន្តិសុខ។ លើកនេះ គឺ​រថយន្ត​ដឹក​ប៉ូលិស​ដែល​រងការវាយប្រហារ។ ប៉ុន្តែ ជាក់ស្តែង គឺ​ជនស៊ីវិល​ដែល​រងគ្រោះស្លាប់ច្រើន នៅក្នុង​ការបំផ្ទុះ​គ្រាប់បែក។

 
កាលពី​ ២សប្តាហ៍មុន នៅពេល​អំពើភេរវកម្ម​លើកទីមួយ ផ្ទុះឡើង​នៅពីមុខ​ការិយាល័យ​សន្តិសុខ​រដ្ឋ កណ្តាល​ក្រុង​ដាម៉ាស រដ្ឋាភិបាល​ស៊ីរី​បាន​ចោទភ្លាម ថា គឺ​អាល់កៃដា ជា​អ្នកនៅពីក្រោយ​អំពើ​ភេរវកម្ម។ ក្រោយ​ការបំផ្ទុះ​រថយន្ត កាលពីថ្ងៃ​ម្សិលមិញ រដ្ឋាភិបាល​ស៊ីរីបាន​ទម្លាក់កំហុស​ទៅលើ​ គឺ​ពួកភេរវជន ដែល​កំពុង​បង្កប់ខ្លួន នៅក្នុង​ចំណោម​ក្រុមប្រឆាំង។ ក្រុមប្រឆាំង​វិញ ដូច​លើកមុន បាន​​ទម្លាក់​កំហុស​តែ​ទៅលើ​ភ្នាក់ងារ​ស៊ើបការសម្ងាត់ និង​ក្រុមខិលខូច​ដែល​ស៊ីឈ្នួល​រដ្ឋាភិបាល។ តាមពួកប្រឆាំង អំពើ​ភេរវកម្ម ជា​ល្បិចកល​របស់​រដ្ឋាភិបាល​ស៊ីរី​ដែល​ចង់​ឲ្យ​អន្តរជាតិ​ចាប់អារម្មណ៍​ទៅលើ​អំពើភេរវកម្ម​ដែល​ទីក្រុង​ដាម៉ាស​រងគ្រោះ និង​ចង់​បិទបាំង​អំពើហិង្សា​របស់​ខ្លួន​ទៅលើ​ក្រុមអ្នកប្រឆាំង។

ភេរវកម្ម​ផ្ទុះឡើង​នៅថ្ងៃ​សុក្រ គឺ​នៅតែពីរថ្ងៃមុន ដែល​ក្រុមអ្នកសង្កេតការណ៍​ពិសេស​របស់​ក្រុមសម្ព័ន្ធអារ៉ាប់ ត្រូវ​ធ្វើ​របាយការណ៍​បង្ហាញថ្នាក់​ដឹកនាំ​របស់​ខ្លួន ដែល​ត្រូវ​ធ្វើ​នៅថ្ងៃអាទិត្យ ទី ៨ មករា ២០១២ ក្នុង​ប្រទេស​អេហ្ស៊ីប។
 
បើតាម​ក្រុមសកម្មជន​ប្រឆាំង ក្រុមអ្នកសង្កេតការណ៍​អារ៉ាប់ មិន​បាន​ជួយ​អន្តរាគម ឬ​ធ្វើឲ្យ​ទាហាន​រដ្ឋាភិបាល​ផ្អាកឈប់បាញ់​ទៅលើ​បាតុករទេ ផ្ទុយទៅវិញ មាន​តែ​ជំរុញ​ឲ្យ​មាន​ការបាញ់សម្លាប់​ទៅលើ​អ្នកប្រឆាំង​កាន់តែច្រើន។ រដ្ឋមន្រ្តីការបរទេស​បារាំង លោក​Alain Juppé ដែល​បាន​ដើរតួនាទីសំខាន់ ជួយ​ឲ្យ​មាន​អន្តរាគមន៍​ទ័ព​ទៅលើ​លីប៊ី​កន្លងមក បាន​មាន​ប្រតិកម្ម រិះគន់​ការងារ​របស់​ក្រុម​អ្នកសង្កេតការណ៍អារ៉ាប់ ដោយ​ថា ពួកគេ​មិន​បាន​ធ្វើការងារ​ត្រឹមត្រូវ និង​មិន​បានម៉ត់ចត់។

តាម​អង្គការ​Amnesty International គ្រាន់តែ​ក្នុង​អំឡុង​វត្តមាន​របស់​អ្នកសង្កេតការណ៍ ក្នុង​ពីរសប្តាហ៍ មនុស្ស​ជាង ១២០នាក់​ទៅហើយ​ត្រូវ​ទាហាន​រដ្ឋាភិបាល​ស៊ីរី​បាញ់​សម្លាប់។ បើ​តាម​ក្រុមប្រឆាំង​ស៊ីរី​វិញ និយាយ​ថា អំពើភេរវកម្ម​នៅថ្ងៃ​ម្សិលមិញ​បង្ហាញ​កាន់តែច្បាស់ថា ការងារ​របស់​សម្ព័ន្ធ​អារ៉ាប់ ជួបបរាជ័យ មិន​អាច​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរីបាន។ ក្រុម​អ្នកប្រឆាំង​ស៊ីរី បាន​ទាមទារ​ឲ្យ​មាន​ការជួយគាំទ្រដើម្បី​សន្តិសុខ​របស់​ប្រជាជន​ស៊ីវិល ឬ​ បែប​អន្តរាគមន៍​របស់​សហគមន៍​អន្តរជាតិ ក្នុង​កិច្ចការនយោបាយ​ស៊ីរី។

នៅក្នុង​ពេល​រដ្ឋធានី​ស៊ីរី​កំពុង​រងគ្រោះ​ដោយ​អំពើហិង្សា នាវា​ចម្បាំង ដ៏ធំជាងគេ​របស់​រុស្ស៊ី បាន​ធ្វើ​ដំណើរ នៅថ្ងៃ​សៅរ៍ ទី ៧ មករា ២០១២ ចូលក្នុង​កំពង់ផែ ដែល​ជាទីតាំងមូលដ្ឋាន​ទ័ព​ជើងទឹក​របស់​រុស្ស៊ី ក្នុង​ប្រទេស​ស៊ីរី។

រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏យូរកាល​របស់​ស៊ីរី គឺ​តាំងពី​ការដួលរំលំ​សហភាព​សូវៀត មិន​អាច​បាត់បង់​ស៊ីរី។ រុស្ស៊ី​បាន​ដាក់​មូលដ្ឋានទ័ព​ជើងទឹក នៅក្នុង​ប្រទេស​ស៊ីរី ដើម្បី​បញ្ជាក់​ពី​វត្តមាន​របស់ខ្លួន នៅ​តំបន់​ដើមបូព៌ា។ មួយវិញទៀត ស៊ីរីនេះ ក៏ ជា​អតិថិជន​ទិញអាវុធ​ដ៏​សំខាន់​របស់​រុស្ស៊ី។ គ្រាន់តែ​ក្នុង​ឆ្នាំ ២០១០ រុស្ស៊ី​លក់​អាវុធ​តម្លៃ​៧០០​លាន​ដុល្លារ​ទៅឲ្យ​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI