ជនដែលបានបំផ្ទុះគ្រាប់បែកក្នុងមេត្រូក្រុងរុស្ស៊ី Saint-Petersbourg ជាជាតិ Kirghiz
ចុះផ្សាយនៅថ្ងៃ៖
គឺស្ថាប័នសន្តិសុខKirghizistan ផ្ទាល់ដែលព្រឹកថ្ងៃនេះ បានបញ្ជាក់មកសមភាគីរុស្ស៊ីថា អ្នកដែលបានប្រព្រឹត្តអំពើភេរវកម្មបំផ្ទុះគ្រាប់បែកក្នុងមេត្រូ ក្រុងទី២នៅរុស្ស៊ី គឺក្រុង Saint-Petersbourg នារសៀលថ្ងៃ៣មេសាម្សិលមិញ បណ្តាលឲ្យស្លាប់អ្នកដំណើរអស់ជាង១០នាក់ គឺជាបុរសអាយុ២២ឆ្នាំ មានដើមកំណើតជាជាតិ Kirghiz ដែលឥឡូវកាន់អត្តសញ្ញាណបណ្ណជាពលរដ្ឋសហព័ន្ធរុស្ស៊ីទៅផង ដោយនាប៉ុន្មានឆ្នាំចុងក្រោយ រស់នៅនិងធ្វើការសិក្សាក្នុងក្រុងនេះតែម្តង។
គណៈកម្មាធិការរដ្ឋកៀហ្សីស៊ីស្ថានខាងសន្តិសុខជាតិ ហៅកាត់ថា GKNB ព្រឹកថ្ងៃទី៤មេសានេះ បានប្រកាសថា ជនដែលទំនងជាបានប្រព្រឹត្តអំពើភេរវកម្មបំផ្ទុះគ្រាប់បែកក្នុងក្រុងរុស្ស៊ី Saint-Petersbourg កាលពីរសៀលម្សិលមិញ គឺជាបុរសឈ្មោះ Akbarjon Djalilov កើតឆ្នាំ១៩៩៥ នៅក្រុង Osh ប៉ែកខាងត្បូង សាធារណរដ្ឋKirghizistan នៃតំបន់អាស៊ី កណ្តាល។ បច្ចុប្បន្ន បុរសនេះមានលក្ខន្តិកៈជាពលរដ្ឋសហព័ន្ធរុស្ស៊ី។
សេចក្តីប្រកាសនេះរបស់ភាគីកៀហ្ស៊ីស៊ីស្ថាន គឺមានន័យជាការបញ្ជាក់លើសេចក្តីសន្និដ្ឋាន របស់ក្រុមអង្កេតរុស្ស៊ី ដែលនៅកណ្តាលអធ្រាត្រឆ្លងចូលមកថ្ងៃនេះ បានរកឃើញនៅនឹងកន្លែងផ្ទុះ ក្នុងទូមួយនៃក្បួនរថភ្លើងមេត្រូក្រោមដី គឺបំណែកនៃខ្លួនប្រាណបុរសនោះ ហើយដែលតាមសមត្ថកិច្ចរុស្ស៊ី បានបំពេញតួនាទីជាភេរវជនអត្តឃាត ទាំងប្រតិបត្តិទង្វើនោះ ទៅតាមសេណារីយ៉ូរៀបចំឡើងដោយក្រុមរបស់គេ។
ទូរទស្សន៍រដ្ឋរុស្ស៊ី ដោយផ្សាយដំណឹងនេះ សង្កត់ធ្ងន់ថា បុរសនោះមានខ្សែរយៈពាក់ព័ន្ធនឹងអង្គការភេរវនិយមរដ្ឋអ៊ីស្លាម។ ជាការកត់សម្គាល់ លោកប្រធានាធិបតីរុស្ស៊ី ពូទីន យោងទៅលើតួលេខផ្តល់ជូនគាត់ ដោយស្ថាប័នសន្តិសុខជាតិ FSB ធ្លាប់បានថ្លែងថា មានដល់៤ពាន់នាក់ ពលរដ្ឋទៅពីអតីតសាធារណរដ្ឋសូវៀតនានានៃតំបន់អាស៊ីកណ្តាល ដែលពាក់ព័ន្ធនឹងអង្គការរដ្ឋអ៊ីស្លាមនោះ។
តាមដំណឹងចុងក្រោយផ្សាយដោយក្រសួងសុខាភិបាល ពីក្នុងចំណោមអ្នករបួសធ្ងន់ ថ្ងៃនេះ បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ អស់៣នាក់ទៀត ដូច្នេះចំនួនអ្នកស្លាប់ក្នុងសោកនាដកម្ម នៅក្រុង Saint-Petersbourg ឡើងដល់១៤នាក់។ តាំងពីយប់មិញម៉្លេះ លោកពូទីន បានអញ្ជើញទៅដាក់ផ្កានៅផ្ទាល់នឹងកន្លែងសោកនាដកម្មនោះ។
ក្នុងទិវាកាន់ទុក្ខចំពោះសោកនាដកម្មនេះ មានមេដឹកនាំមហាអំណាចធំៗក្នុងលោក បែបយ៉ាង លោកប្រធានាធិបតីសរអា Donald Trump លោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Angela Merkel លោកប្រធានាធិបតីបារាំង François Hollande បានទូរស័ព្ទមកសំដែងសាមគ្គីភាពជាមួយលោកពូទីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ