រុស្ស៊ី-អាមេរិក

រុស្ស៊ី​បាន​បណ្តេញ​ទីភ្នាក់ងារ​ស.រ.អា.ខាង​អភិវឌ្ឍន៍​អន្តរជាតិ USAID ចេញ​ពី​ប្រទេស

ស្លាក​សញ្ញា​អង្គការ​ USAID
ស្លាក​សញ្ញា​អង្គការ​ USAID

ដំណឹង​នេះ​ត្រូវ​បាន​បញ្ជាក់​ល្ងាច​ម្សិលមិញ នៅ​ក្រុង​វ៉ាស៊ីនតោន ដោយ​អ្នក​នាំពាក្យ​ផ្លូវការ​របស់​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Victoria Nuland ដ្បិត​រដ្ឋាភិបាល​រុស្ស៊ី​បាន​ទុក​ពេល​ដល់​ថ្ងៃទី១ តុលា​ខាង​មុខ ឲ្យ​ទីភ្នាក់ងារ​នេះ ខ័ណ្ឌ​បញ្ចប់​សកម្មភាព​ខ្លួន​ទៅ ក្រោយ​ពី​បាន​ដំណើរការ​អស់​២០ឆ្នាំ នៅ​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

ជា​បឋម​គួរ​រំលឹក​ថា “ទីភ្នាក់ងារ​ស.រ.អា.ខាង​អភិវឌ្ឍន៍​អន្តរជាតិ” USAID ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦១ ដោយ​ប្រធានាធិបតី​ស.រ.អា.សម័យ​នោះ គឺ​លោក John Kennedy ក្នុង​គោលដៅ​ជួយ​ជ្រោមជ្រែង​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​លោក។ បច្ចុប្បន្ន ទីភ្នាក់ងារ USAID ដំណើរការ​នៅ​តាម​ប្រទេស​ចំនួន​ជាង​១០០ឯណោះ។ USAID បាន​ផ្តើម​សកម្មភាព​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី​សម័យថ្មី គឺ​ក្នុង​ឆ្នាំ ១៩៩២ បាន​ន័យ​ថា មួយឆ្នាំ ក្រោយ​ពី​សហភាព​សូវៀត​រលំរលាយ​ទៅ។ ថ្លែង​ទៅ​ពួក​អ្នកកាសែត អ្នកនាំពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Victoria Nuland គូស​បញ្ជាក់​ថា ៖បើ​កុំ​តែ​មាន​ការ​ទាមទារ​ពី​ខាង​អាជ្ញាធរ​រុស្ស៊ី ដែល​ទុក​ពេល​ដល់​ថ្ងៃទី១ តុលា​ឲ្យ USAID បញ្ចប់​ការងារខ្លួន​នៅ​លើ​ដែនដី​រុស្ស៊ី កុំអី​ទីភ្នាក់ងារ​នេះ​នឹង​នៅ​តែ​បន្ត​ការងារខ្លួន​ដដែល។ ការ​ទាមទារ​នេះ ស​ឲ្យ​ឃើញ​ថា វិមាន​ក្រេមឡាំង​លែង​ត្រូវ​ការ ការងារ USAID ទៀត​ឡើយ។

ទោះ​យ៉ាង​ណា​ក្តី ក៏​ភាគី​អាមេរិក​មាន​មោទនភាព​នឹង​សមិទ្ធិផល​ដែល​សម្រេច​បាន​ដោយ USAID ក្នុង​សកម្មភាព​ខ្លួន​រយៈពេល​២០ឆ្នាំ​កន្លង​ទៅ​នៅ​រុស្ស៊ី ខាង​គាំទ្រ​ដល់​ប្រជាធិបតេយ្យ ដល់​ការ ការពារ​សិទ្ធិមនុស្ស និង​ដល់​ការអភិវឌ្ឍន៍​សង្គមស៊ីវិល​នៅ​រុស្ស៊ី។ សូម្បី​អត្ថិភាព​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី​ខិត​ដល់​ទីអវសាន​ក្តី ក៏ USAID នៅ​តែ​ភក្តី​ដដែល​ចំពោះ​បុព្វហេតុ​ខាង​គាំទ្រ​ដល់​សកម្មភាព​នៃ​រាល់​អង្គការ​ក្រៅរដ្ឋាភិបាល​នៅ​រុស្ស៊ី។ តាម​លោកស្រី Victoria Nuland ការ​សម្រេចចិត្ត តើ​គួរ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ USAIDឬ​ក៏​ទេ គឺ​ត្រូវ​ប្រទេស​នីមួយៗ​អនុម័ត​ដោយ​ម្ចាស់ការ​ខ្លួនឯង​ទេ​តើ។ ហើយ​ទទួល ឬ មិន​ទទួល​ជំនួយ​ពី​ក្រៅ វា​ជា​សិទ្ធិ​អធិបតេយ្យ​របស់​រដ្ឋ​នីមួយៗ។

ស.រ.អា. តែង​ថ្លែង​ហើយ ថ្លែង​ទៀត ពី​ក្តីព្រួយបារម្ភ​របស់​ខ្លួន ចំពោះ​ស្ថានភាព​ខាង​សិទ្ធិមនុស្ស​នៅ​រុស្ស៊ី ចំពោះ​វិធី​អនុម័ត​ច្បាប់​ទាក់ទង​នឹង​អង្គការ​ក្រៅរដ្ឋាភិបាល​នៅ​រុស្ស៊ី។ តាម​ពួក​អ្នក​វិភាគ ការ​ដែល USAID ដាច់​ចិត្ត​បញ្ឈប់​សកម្មភាពខ្លួន​នៅ​រុស្ស៊ី ក៏​មក​ពី​អាជ្ញាធរ​រុស្ស៊ី​ប្រកាន់​ឥរិយាបថ​ជា​សត្រូវ​ចំពោះ​អង្គការ​ក្រៅរដ្ឋាភិបាល​ណា​នៅ​រុស្ស៊ី ដែល​ទទួល​ហិរញ្ញប្បទាន​ពី​ក្រៅ ដោយ​ចាត់​ទុក​អង្គការ​បែប​នេះ ជា”ភ្នាក់ងារបរទេស”។ ទាក់ទង​នឹង​សកម្មភាព USAID ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC ថ្ងៃ​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មួយឆ្នាំៗ​សម្រាប់​តម្រូវការ​របស់​ទីភ្នាក់ងារ​នេះ មាន​រំលែក​ប្រមាណ១% នៃថវិកាស.រ.អា.៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI