អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី​យក​ឧស្ម័ន​មក​ធ្វើ​ជា​អាវុធនយោបាយ​ដើម្បី​គំរាម​បស្ចិមលោក​ក្នុង​សំណុំរឿង​អ៊ុយក្រែន

សំឡេង ០៧:២៤
លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​​កាលពី​ថ្ងៃទី២០ មីនា ២០១៤
លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​​កាលពី​ថ្ងៃទី២០ មីនា ២០១៤ REUTERS/Alexei Druzhinin/RIA Novosti
៣៩ នាទី

សង្រ្គាម​ពាក្យសម្តី​កំពុង​បន្ត​មាន​រវាង​ប្រទេស​រុស្ស៊ី និង​ក្រុមប្រទេស​លោកខាង​លិច​ទាក់ទង​នឹង​វិបត្តិ​អ៊ុយក្រែន។ ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១០ មេសា លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ថ្នាក់ដឹកនំា​អឺរ៉ុប​ចំនួន ១៨ប្រទេស​ឲ្យ​ជួយ​ដោះស្រាយ​ប្រាក់បំណុល​ដែល​អ៊ុយក្រែន​ជំពាក់​រុស្ស៊ី​ជាង ២ ០០០លាន​ដុល្លារ។ លោក​ពូទីន​បាន​ព្រមាន​ចំៗ​ថា បើ​អ៊ុយក្រែន​មិន​ព្រម​បង់ប្រាក់​បំណុល​នោះ​ឲ្យ​បាន​ទាន់​ពេល​ទេ រុស្ស៊ី​នឹង​បិទ​ក្បលរ៉ូប៊ីណេ​ហ្គាស​បញ្ជូន​ទៅ​ឲ្យ​អ៊ុយក្រែន។ ទន្ទឹម​គ្នា​នឹង​ការ​គំរាម​របស់​លោក​ពូទីន លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ក៏​បាន​ព្រមាន​ដាក់​ទ័ណ្ឌកម្ម​ថ្មី​លើ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ករណី​ណា​ដែល​មាន​ការ​ប៉ះទង្គិច​ជាថ្មី​រវាង​ទីក្រុង​គៀវ និង​ម៉ូស្គូ។

ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ផ្តើម​ចេញ​​ពី​វិបត្តិ​នយោបាយ​នៅ​អ៊ុយក្រែន​ដែល​បាន​ជម្រុញ​រុស្ស៊ី និង​ក្រុម​ប្រទេស​លោកខាងលិច​ឲ្យ​បន្ត​ប្រឈម​មុខ​គ្នា​យ៉ាង​តានតឹង​រហូត​មក​ដល់​សព្វថ្ងៃ។ តំាង​ពី​អ៊ុយក្រែន​មាន​រដ្ឋាភិបាលថ្មី​បណ្តោះអាសន្ន​ដែល​មាន​ទំនោរ​រក​សហភាព​អឺរ៉ុប រួច​បែរ​ខ្នង​ដាក់​រុស្ស៊ី​មក រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ក៏​បាន​ចាប់​ផ្តើម​សើរើ​បញ្ជី​ម្តង​មួយៗ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​គៀវ។ នៅ​ក្នុង​បញ្ជី​ទំាង​អស់​ដែល​អ៊ុយក្រែន​បាន​រកស៊ី​ជាមួយ​រុស្ស៊ី​កន្លង​មក និង​ដែល​ច្រើន​បង្កប់​ដោយ​ភាព​ចម្រូងចម្រាស​ខ្លំាង​នោះ គឺ​បញ្ជី​ឧស្ម័ន​ហ្គាស​ដែល​រុស្ស៊ី​លក់​ទៅ​ឲ្យ​អ៊ុយក្រែន។

កន្លង​មក និង​ដើម្បី​បន្ត​រក្សា​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​នាម​ជា​អតីត​អាណាព្យាបាល​អ៊ុយក្រែន រុស្ស៊ី​បាន​លក់​ឧស្ម័នហ្គាស​ទៅ​ឲ្យ​អ៊ុយក្រែន​ក្នុង​តម្លៃថោក​ជាង​លក់​ទៅ​ឲ្យ​អ្នកផ្សេង ព្រម​ទំាង​លក់​ជឿ​ទៀត​ផង។ បើ​យោង​តាម​លិខិត​ដែល​លោក​ប្រមុខ​រដ្ឋ​រុស្ស៊ី​ពូទីន​ផ្ញើ​ទៅ​ឲ្យ​ថ្នាក់ដឹកនំា​អឺរ៉ុប​ចំនួន​១៨ប្រទេស លោក​ពូទីន​បាន​បញ្ជាក់​ថា ទឹកលុយ​ថ្លៃ​ឧស្ម័ន​ហ្គាស​ដែល​អ៊ុយក្រែន​នៅ​ជំពាក់​រុស្ស៊ី​មាន​ដល់​ទៅ ២ ២០០លានដុល្លារ និង​ថា គ្រាន់​តែ​ក្នុង​រយៈពេល ៤ឆ្នំា​កន្លង​ទៅ ទឹកប្រាក់ឧបត្ថម្ភធន​សេដ្ឋកិច្ច​ដែល​រុស្ស៊ី​បាន​ធ្វើ​ចំពោះ​អ៊ុយក្រែន គឺ​មាន​រហូត​ដល់​ទៅ ៣៥ ០០០លានដុល្លារ។

សម្រាប់​លោក​ពូទីន កាយវិការ​សន្តោសប្រណី​ទំាង​នេះ​គួរ​តែ​ត្រូវ​បញ្ចប់​ត្រឹម​ណេះ និង​បាន​ព្រមាន​ថា បើ​អ៊ុយក្រែន​មិន​ព្រម​បង់ប្រាក់​ជំពាក់​នោះ​ឲ្យ​បាន​ទាន់​ពេល​ទេ រុស្ស៊ី​នឹង​បិទក្បាលរ៉ូប៊ីណេ​ហ្គាស​ឈប់​បញ្ជូន​ឧស្ម័ន​ទៅ​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ។ ជាមួយ​គ្នា​នេះ លោក​ពូទីន​ក៏​បាន​ស្នើ​ឲ្យ​អ៊ុយក្រែន​បង់​លុយកក់​ជា​មុន មុន​នឹង​រុស្ស៊ី​បញ្ជូន​ឧស្ម័ន​ទៅ​ឲ្យ​ប្រើ។ លោក​ពូទីន​បាន​យល់​ឃើញ​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ការ​រកស៊ី​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ត្រូវ​តែ​ស្មើភាព​គ្នា ដោយ​គ្មាន​ការ​អនុគ្រោះ​ទៀត​ទេ។ គួរ​ជម្រាប​ជូន​ថា កាល​ពី​សប្តាហ៍​មុន ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom បាន​លុប​ចោល​តម្លៃ​ចាស់ រួច​ដាក់​តម្លៃ​ថ្មី​ដោយ​ដំឡើង​ថ្លៃ​៨០% លក់​ទៅ​ឲ្យ​អ៊ុយក្រែន។ តែ​ទីក្រុង​គៀវ​មិន​យល់ព្រម​ទេ។

អឺរ៉ុប​មិន​សូវ​បារម្ភ​ចំពោះ​ការ​គំរាម​របស់​រុស្ស៊ី

ការ​ដែល​លោក​ពូទីន​បាន​សុំ​ឲ្យ​អឺរ៉ុប​បង់ប្រាក់​ជំនួស​អ៊ុយក្រែន​ដែល​ជំពាក់​រុស្ស៊ី​ថ្លៃ​ឧស្ម័ន​ទំាង​ជាង ២ ០០០លានដុល្លារ គឺ​ជា​រូបភាព​មួយ​ដែល​លោក​ពូទីន​ចង់​ដាក់​គំនាប​លើ​សហភាពអឺរ៉ុប​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន។ លោក​ពូទីន​បាន​ដឹង​យ៉ាង​ច្បាស់​ថា សេដ្ឋកិច្ច​អ៊ុយក្រែន​ដែល​ពឹង​ពាក់​លើ​រុស្ស៊ី​សឹង​តែ​ទំាង​ស្រុង​នោះ គ្មាន​លុយ​ឯណា​យក​មក​បង់​ទេ។ សម្រាប់​លោក​ពូទីន រដ្ឋាភិបាលថ្មី​បណ្តោះអាសន្ន​នៅ​អ៊ុយក្រែន​សព្វថ្ងៃ​ដែល​ជា​រដ្ឋាភិបាល​មាន​ទំនោរ​ខាង​អឺរ៉ុប​នោះ គួរ​តែ​រត់​ទៅ​ឲ្យ​អឺរ៉ុប​ជួយ​បង់​ជំនួស​ទៅ។ ដូច្នេះ​ឃើញ​ថា រុស្ស៊ី​បាន​យក​ឧស្ម័ន​មក​ធ្វើ​ជា​អាវុធ​នយោបាយ​ដើម្បី​ឲ្យ​ខ្លួន​មាន​ប្រៀប​នៅ​ក្នុង​កិច្ចចរចា។

ការ​ដែល​រុស្ស៊ី​គំរាម​បិទក្បាលរ៉ូប៊ីណេ​ហ្គាស​អ៊ុយក្រែន គឺ​មិន​មែន​ជាប់​ទាក់ទង​តែ​ប្រទេស​អ៊ុយក្រែន​មួយ​គត់​ទេ តែ​ក៏​មាន​ជំពាក់​វាក់វិន​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​បណ្តា​ប្រទេស​អឺរ៉ុប​ប៉ែកខាង​កើត​ដែរ ព្រោះ​ថា ឧស្ម័ន​អឺរ៉ុប​ប្រមាណ​ជា ១ភាគ៤ បាន​ទិញ​ពី​ប្រទេស​រុស្ស៊ី និង​បាន​បង្ហូរ​ឆ្លង​កាត់​ទឹកដី​អ៊ុយក្រែន។ ដូច្នេះ ការ​គំរាម​របស់​លោក​ពូទីន​ចំពោះ​អ៊ុយក្រែន ក៏​ជា​ការ​គំរាម​ចំពោះ​អឺរ៉ុប​ដោយ​ប្រយោល​ដែរ។ គួរ​រម្លឹក​ជូន​ថា សង្រ្គាម​ឧស្ម័ន​រវាង​រុស្ស៊ី និង​សហភាព​អឺរ៉ុប​ធ្លាប់​បាន​កើត​មាន​ចំនួន​ពីរ​ដង ហើយ គឺ​ក្នុង​ឆ្នំា ២០០៦ និង ២០០៩។

តើ​សហភាព​អឺរ៉ុប​ត្រូវ​គិតគូរ​យ៉ាង​ម៉េច​ចំពោះ​បញ្ហា​នេះ?។ នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​ទេ​នា​ពេល​នេះ។ អ្វី​ដែល​គេ​ដឹង បណ្តា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​មហាអំណាច​ឧស្សហកម្ម​ទំាង ៧ ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១០ មេសា​បាន​លើក​ឡើង​ពី​តម្រូវការ​ប្រាក់​ជា​បន្ទាន់​របស់​អ៊ុយក្រែន។ សម្រាប់​អាមេរិក​ឯណោះ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ព្រមាន​ដាក់​ទ័ណ្ឌកម្ម​ថ្មី​ទៀត​លើ​រុស្ស៊ី​នៅ​ក្នុង​ករណី​ណា​ដែល​មាន​ផ្ទុះ​ឡើង​សេណារីយូ​ថ្មី​ទាក់ទង​នឹង​អ៊ុយក្រែន។

លោក​ពូទីន​កំពុង​លែងល្បែង​ប្រកប​ដោយ​គ្រោះថ្នាក់

ការ​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បន្ត​យក​ឧស្ម័នហ្គាស​មក​ធ្វើ​ជា​អាវុធ​នយោបាយ​ពេល​នេះ គឺ​ជា​ល្បែង​ប្រថុយប្រថាន និង​ប្រកប​ដោយ​គ្រោះថ្នាក់។ តំាង​ពី​ក្រោយ​សង្រ្គាម​ឧស្ម័ន​រវាង​រុស្ស៊ី និង​សហភាព​អឺរ៉ុប​ក្នុង​ឆ្នំា ២០០៦ និង ២០០៩ មក អឺរ៉ុប​រៀងចាល រួច​បាន​ផ្តើម​គិតគូរ​ឡើង​វិញ​ពី​បញ្ហា​នេះ​ដោយ​ធ្វើ​យ៉ាង​ណា កាត់​បន្ថយ​ការ​ពឹងពាក់​លើ​ឧស្ម័ន​ហ្គាស​រុស្ស៊ី​ខ្លំាង​ពេក។ តំាង​ពី​ពេល​នោះ​មក អឺរ៉ុប​បាន​ងាក​ទៅ​ទិញ​ឧស្ម័នហ្គាស​ពី​ប្រទេស​ន័រវែស និង​ប្រទេស​អាល់ហ្សេរី​ដោយ​ដឹក​តាម​ផ្លូវ​សមុទ្រ។ មួយ​វិញ​ទៀត​ក្នុង​រយៈពេល​ចុងក្រោយ​នេះ អឺរ៉ុប​ក៏​បាន​ទិញ​ឧស្ម័នហ្គាស​ស្តុកទុក​យ៉ាង​ច្រើន​សម្បើម​ដែរ។ ចំពោះ​ប្រទេស​អ៊ុយក្រែន​វិញ អឺរ៉ុប​បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​រុស្ស៊ី​បិទក្បាលរ៉ូប៊ីណេ​បញ្ជូន​ដោយ​ផ្ទាល់​នោះ អឺរ៉ុប​ជា​អ្នក​ចេញ​មុខ​ផ្គត់ផ្គង់​ឲ្យ​អ៊ុយក្រែន​នូវ​ឧស្ម័ន​រុស្ស៊ី​ដដែល​រុស្ស៊ី និង​ដែល​រុស្ស៊ី​បាន​លក់​ទៅ​ឲ្យ​អឺរ៉ុបកណ្តាល។

យ៉ាង​ណា​ក៏​ដោយ គេ​មិន​ជឿ​ថា​រុស្ស៊ី​បញ្ឈប់​ការ​លក់​ឧស្ម័ន​របស់​ខ្លួន​ទៅ​ឲ្យ​អឺរ៉ុប​ទេ ព្រោះ​ថា សេដ្ឋកិច្ច​រុស្ស៊ី​បាន​ពឹង​ផ្អែក​ខ្លំាង​លើ​ចំណូល​បាន​មក​ពី​ការ​លក់​ឧស្ម័ន។ ម្យ៉ាង​ទៀត រស្ស៊ី​ក៏​ខ្លាច​បាត់បង់​អតិថិជន​ល្អ​ដូច​អឹរ៉ុប​ជា​រៀងរហូត។ រស្ស៊ី​អាច​លក់​ឧស្ម័ន​ទំាង​អស់​ទៅ​ឲ្យ​ចិន​ដោយ​ផ្តាច់​មុខ តែ​រុស្ស៊ី​មិន​ទុក​ចិត្ត​ចិន ដោយ​ខ្លាច​ចិន​ក្រឡុក​ហាងឆេង​ស្រេច​តែ​ចិត្ត។ គួរ​ជម្រាប​ជូន​ថា អស់​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ​ដែល​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី Gazprom បាន​ចរចា​ជាមួយ​ចិន តែ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​បាន​ធ្វើ​ឲ្យ​ភាគី​ទំាង​ពីរ​នៅ​មិន​ទាន់​អាច​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​គ្នា​បាន។ ឧបសគ្គ​ទំាង​នោះ​មាន មធ្យាបាយ​ដឹកជញ្ជូន បរិមាណ​ដែល​ត្រូវ​លក់ ពិសេស​គឺ​តម្លៃ។

ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ Gazprom និង​ភាគី​ចិន​បាន​ជួប​ចរចា​គ្នា​ជា​ច្រើន​ដង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​នៅ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ក្នុង​ប្រទេស​ចិន​នា​ខែ​ឧសភា​ខាង​មុខ។ ដូច្នេះ វា​ចំា​បាច់​ដែល​រុស្ស៊ី​ត្រូវ​ចុះ​ហត្ថលេខា​ជាមួយ​ចិន​ជា​មុន​សិន មុន​នឹង​រុស្ស៊ី​ដើរ​ពើងទ្រូង​ដាក់​អឺរ៉ុប។ បើ​ពុំ​នោះ​សោត​ទេ ទន្សាយ​ក៏​រួច ត្រីរ៉ស់​ក៏​រួច​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ