អានតួអត្ថបទ
រុស្ស៊ី-អាស៊ែរបែដហ្សាន

រុស្ស៊ី​ឈប់​ជួល​ស្ថានីយ​​ Radar​ នៅ​ក្នុង​រដ្ឋ​អាស៊ែរបែដហ្សាន​តំបន់​នាយ​ភ្នំ​កូកាស​

ស្ថាននីយរ៉ាដា នៅក្នុងរដ្ឋ អាស៊ែរ​បែដហ្សាន
ស្ថាននីយរ៉ាដា នៅក្នុងរដ្ឋ អាស៊ែរ​បែដហ្សាន RFI/Keo Chhaya
ដោយ៖ កែវ ឆាយា
4 នាទី

ដំណឹង​​នេះ ​ទើប​​ប្រកាស​​រួមគ្នា​​ដោយ​​ក្រសួង​​ការបរទេស​​រុស្ស៊ី​​និង​​ក្រសួង​​ការបរទេស​​អាស៊ែរ​បែដហ្សាន​​ដែល​​លំអិត​​ថា​ មូលហេតុ​​មក​ពី​​ក្រុង​ម៉ូស្គូ​​ពុំ​យល់​​ព្រម​តាម​ ល័ក្ខខ័ណ្ឌ​​របស់​​ក្រុង​ Bakou​ ដែល​​ដំឡើង​​ថ្លៃ​​ជួល​​នេះ​​ជាង ​៤០​​ដង​​គឺ​​ពី​ ៧​​លាន​​ដុល្លារ​​រហូត​​ដល់​៣០០​​លាន​ដុល្លារ​​ក្នុង​​១​​ឆ្នាំ។​

ផ្សាយពាណិជ្ជកម្ម

 

ស្ថានីយ Radar នេះ​តាម​ពិត​ត្រូវ​បាន​ចាប់​ផ្តើម​សង់​ឡើង ដោយ​អំណាច​សូវៀត​គឺ​តាំង​ ពី​ក្នុង​ឆ្នាំ​១៩៧៦​ម៉្លេះ ហើយ​ដាក់​ឲ្យ​ដំណើរការ​គឺ​ក្នុង​ឆ្នាំ​១៩៨៥។ វា​ជា គ្រឿង​ផ្សំ​មួយ​ដ៏​សំខាន់​ នៃ​”ប្រព័ន្ធ​ការពារ​ទល់​នឹង​កាំជ្រួច​មីស្ស៊ីល” ទុក​សម្រាប់​ការពារ​ព្រំដែន​ខាង​ត្បូង​ទាំង​អស់ របស់ សហភាពសូវៀត​ទល់​នឹង​ការ​វាយ​ប្រហារ​ជាយថាហេតុ ពី​ខាង​កាំជ្រួច​ខ្មាំង។

“ភ្នែក​”របស់​វា អាច​មើល​ធ្លុ ដល់​ចម្ងាយ ៨.០០០​គ.ម. ឃើញ​ការ​ហោះហើរ​នៃ​កាំជ្រួច​នោះ​និង​ការ​បង្ហោះ​វា ចេញ​ពី​នាវា​មុជទឹក​ដែល​លាក់​ខ្លួន​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​និង​ឃើញ​ការ​បង្ហោះ​វា​ចេញ​ពី​ទីតាំង​នៅ​លើ​ដែនដី​ដែល​ក្តោប​ប៉ែក​ខាង​ជើង​ទ្វីបអាហ្វ្រិក​តំបន់​ដើ​មបូព៌ា​ដែនដី​Turquie Iraq Iran Pakistan ឥណ្ឌា ចិន ព្រម​ទាំង​គ្រប់​រដ្ឋ​ទាំង​អស់​នៃ​ភូម៌ភាគ​អាស៊ីអគ្នេយ៍ បូក​ទាំង​អូស្ត្រាលី​ផង។ ក្នុង​ពេល​ជា​មួយ​គ្នា “ភ្នែក” ស្ថានីយ​នេះ អាច​រាវរក​ឃើញ​ទីដៅ​ដល់​ទៅ​ចំនួន​១០០​ទីដៅ។

ក្រោយពី​សហភាព​សូវៀត​រលាយ​ទៅ​ក្នុង​ឆ្នាំ​១៩៩១ ស្ថានីយ Radar នេះ បាន​ឆ្លង​ទៅ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ឯករាជ្យ អាស៊ែរបែដហ្សាន ស្ថិត​នៅ​ឯ​នាយ​ភ្នំ​កូកាស​ជាប់​នឹង​មាត់​សមុទ្រ​Caspienne សម្បូណ៌​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ។ លុះ​ក្នុង​ឆ្នាំ​២០០២ រុស្ស៊ី​និង អាស៊ែរបែដហ្សាន បាន​ចុះ​កិច្ច​ព្រមព្រៀង​ដែល​បើក​ផ្លូវ​ឲ្យ​រុស្ស៊ី​ជួល​ស្ថានីយ​នេះ ប្រើ​ប្រាស់​រយៈពេល​១០​ឆ្នាំ​រហូត​ដល់​ថ្ងៃ​ទី ៩​ធ្នូ ឆ្នាំ ២០១២ ដោយ​មាន​យោធា​រុស្ស៊ី ធ្វើការ​នៅ​ទីនោះ ក្នុង​ចំនួន​១.៤០០​នាក់។ សម័យ​លោក ប្រធានាធិបតី​អាមេរិកាំង George W.Bush ម៉ូស្គូ​តែង​បាន​ស្នើ​ទៅ ក្រុង​វ៉ាស៊ីនតោន ឲ្យ​ប្រើ​រួម​ជាមួយ​រុស្ស៊ី ស្ថានីយ Radar នេះ នៅ​អាស៊ែរបែដហ្សាន​ដែល​ស្ថិត​នៅ​ជាប់​នឹង​ប្រទេស​អ៊ីរ៉ង់​ស្រាប់ ក្នុង​ឋានៈ ជា​ភាគ​មួយ​នៃ”ប្រព័ន្ធ​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល​”ដែល​អាមេរិក​គ្រោង បង្កើត​ឡើង​នៅ​ទ្វីប​អឺរ៉ុប ក្រោម​លេស​ថា ទុក​សម្រាប់​ប្រយុទ្ធ​ទល់​នឹង​កាំជ្រួច​មីស្ស៊ីល ដែល​ថា អាច​ហោះ​ចេញ​ ជាយថាហេតុ ពី​ខាង​អ៊ីរ៉ង់ ប៉ុន្តែ​សំណើ​រុស្ស៊ី​នេះ ត្រូវ​បាន​អាមេរិក​ច្រាន​ចោល​ទៅ​វិញ។​

ការ​ដែល​ក្រុង​ម៉ូស្គូ មិន​យល់​ព្រម​តាម​ល័ក្ខខ័ណ្ឌ​របស់ ក្រុង Bakou ដែល​ដំឡើង​ជ្រុល ថ្លៃ​ជួល​នេះ​គឺ​ពី ៧លាន​ដុល្លារ រហូត​ដល់ ៣០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​មិនមែន​មាន​ន័យ​ថា នាំ​ឲ្យ​ទន់​ខ្សោយ​ដល់​សន្តិសុខ​រុស្ស៊ី​ឡើយ។ ជា​ជំនួស រុស្ស៊ី​បាន​សង់​ទៅ​ហើយ​នៅ​ឯក្រុង Armavir ចម្ងាយ ១.៤០៧​គ.ម.ខាង​ត្បូង​ពី​ម៉ូស្គូ​គឺ​ស្ថានីយ Radar ថ្មី​ទែង ដែល​មាន​សមត្ថភាព​រាវរក​ទីដៅ​ក្នុង​លំហ​អវកាស​និង​អាកាស​ខ្លាំង​ជាង​ស្ថានីយ Radar​នៅ​អាស៊ែរបែដហ្សាន ដែល​ស្ថិត​នៅ ចម្ងាយ ២.២០១គ.ម. ខាង​ត្បូង​ពី​រដ្ឋធានី​រុស្ស៊ី។

តាម​កាសែត​រុស្ស៊ី​ចុះផ្សាយ ស្ថានីយ Radar​នៅ អាស៊ែរបែដហ្សាន ប្រហែល​ជា​នឹង​ជួល ប្រើប្រាស់​ឬ​មួយ​ដោយ ស.រ.អា. ឫ​មួយ​ដោយ តួកគី​នៅ​ជិត​ខាង​នឹង អាស៊ែរបែដហ្សាន ដែល​កាន់​សាសនា​អ៊ីស្លាម​ដូច​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ