ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅរុស្ស៊ី​​ បក្សប្រឆាំង​បរិហារ​បក្សកាន់អំណាច​ ដោយ​លាយលក្ខ​អក្សរ​

សំឡេង ០៦:៣៩
លោក  Ilya Yashin​ អនុប្រធាន​បក្សប្រឆាំងក្រៅប្រព័ន្ធអំណាច​​នៅ​រុស្ស៊ី​ ឈ្មោះ​“បក្សសេរីភាព​ប្រជាជន“
លោក Ilya Yashin​ អនុប្រធាន​បក្សប្រឆាំងក្រៅប្រព័ន្ធអំណាច​​នៅ​រុស្ស៊ី​ ឈ្មោះ​“បក្សសេរីភាព​ប្រជាជន“ Reuters

ថ្ងៃ៣០​សីហា​​កន្លងទៅ​​ បក្សប្រឆាំង ឈ្មោះ​ “បក្សសេរីភាព​ប្រជាជន“ ​ដែលត្រូវ​បាន​គ.ជ.ប. អនុញ្ញាត​​ឲ្យចូលប្រឡូកដែរ​ ក្នុងការបោះឆ្នោត​សភាឌូម៉ា​ ក្នុងខែ​កញ្ញានេះ​ បាន​បង្ហាញ របាយការណ៍​​ជា​លាយលក្ខ​អក្សរ​កម្រាស់ ៦៦ទំព័រ​ បរិហារអាក្រាត​អំពើ​ពុករលួយ​ ក្នុង​ជួរ​បក្ស​កាន់អំណាច​ ឈ្មោះ “ប្រទេសរុស្ស៊ីរួមធ្លុងមួយ“។​ ពិធីនេះ​ដែលបង្ក​ឲ្យពួក​អ្នកកាសែត​ បស្ចិម​លោក​ ច្រាស់ច្រាល់​ចង់ដឹង​សាច់រឿង​ បានប្រព្រឹត្តទៅ​ក្រោមបាវចនា​ថា បក្ស “ប្រទេស រុស្ស៊ី​រួមធ្លុង​មួយ“​ បើកទ្វារ​ឲ្យពួក​ឧក្រិដ្ឋជន​ចូលកាន់​អំណាច។​

ផ្សាយពាណិជ្ជកម្ម

ពិធីបង្ហាញ​របាយការណ៍​នេះ ដែលបាន​ប្រព្រឹត្តទៅ​ ថ្ងៃអង្គារ​ទី៣០សីហា​ នៅឯ​ទីស្នាក់ការ“​មូលនិធិ​ខាង​ប្រយុទ្ធទល់​នឹង​អំពើពុករលួយ​“ នៅពីមុខ​ពួកអ្នកកាសែត​បស្ចិមលោក​ ចូលចិត្ត សរសេរ​អាក្រក់​​អំពី​ប្រទេសរុស្ស៊ី​ អំពី​របបគ្រប់គ្រង​នៅ​រុស្ស៊ី គឺ​ធ្វើដោយ​អនុប្រធាន​នៃ​បក្ស​សេរីភាព​ប្រជាជន ហៅថា ​PARNAS ជា​បក្សប្រឆាំង​ស្ថិតនៅក្រៅ​​ប្រព័ន្ធអំណាច គឺ​លោក Ilya Yashin​ ដែលជា​យុទ្ធមិត្ត​ដ៏ជំនិត​របស់​មេបក្សប្រឆាំង​ម្នាក់ទៀត​ឈ្មោះ Boris Niemtsov ត្រូវបាន​គេលួចបាញ់​សម្លាប់​ កាលពី​ខែកុម្ភៈ​ឆ្នាំទៅមិញ​ នៅក្បែរ​វិមាន​ក្រេមឡាំង​​តែម្តង

របាយការណ៍​កម្រាស់​៦៦ទំព័រ​ ចងក្រង​ជាសៀវភៅ​បោះផ្សាយដល់ទៅ​ ២០.០០០ក្បាល​ មាន​ឈ្មោះថា៖ ​បក្សកាន់អំណាច​ជា​គណបក្ស​ប្រទេសរុស្ស៊ី​ឧក្រិដ្ឋ​។

របាយការណ៍​នេះ ដែល​ដៅទៅលើ​​សមាជិកណា​នៃបក្ស​កាន់អំណាច​ ប្រទេសរុស្ស៊ី​រួមធ្លុង​មួយ​ ​ធ្លាប់ជាប់ឈ្មោះ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ដែលពាក់ព័ន្ធ​និង​មជ្ឈដ្ឋាន​ឧក្រិដ្ឋជន​ ចែកជា​ ៥ចំពូក​ក្រោមចំណងជើង​ ដូចតទៅ​គឺថា៖​​ “អង្គការឧក្រិដ្ឋ”,​ ​“ពួកពុករលួយ”, ​“ពួកស៊ីសំណូក”, ​“ពួកឆបោក” ​និង“ពួកឃាតករ”។  

លោក Yashin​ ក្នុងរបាយការណ៍​នោះ ​ចោទ​គណបក្ស​ប្រទេសរុស្ស៊ីរួមធ្លុងមួយ​ ​ថាជា​អាណាព្យាបាល​​ និង​អ្នកគាំទ្រ​ដល់​មន្ត្រីរដ្ឋការ​ខ្ពស់ៗ​-សមាជិកខ្លួន ​បែបយ៉ាង​ អតីត​អភិបាល​
ខេត្តកូមី​ លោក Vyacheslav Gaizer​ ដែលពេល​ឆែកឆេរ​នៅ​គេហដ្ឋានគាត់​ មាន​រកឃើញ​ លុយ​ ជាក្រដាស​ប្រាក់​ស្រស់ៗ​ ចំនួន​១.០០០.០០០ដុល្លារ ជាប់ចោទ​ក្នុង​ការ​បង្កើតឡើង​ ជា​ក្រុមចោរប្លន់ ​មានគ្នា៥នាក់​ ជា​សមាជិក​បក្សកាន់អំណាច​ ​បានធ្វើការ​ក្នុង​សាលាក្រុង​ គូតសេវ​ ហើយ​ដែល​មេគេម្នាក់​ឈ្មោះ Serguei Tsapok​ ថែមទាំង​បាន​វត្តមាន​ ក្នុងពិធី​ទទួល​សច្ចាប្រណិធាន​​របស់លោក​ឌ្មីទ្រី មេដវេដេវ ​ពេលគាត់​ឡើងកាន់​តំណែង​ ជា​ប្រធានាធិបតី​រុស្ស៊ី​ ក្នុង​ឆ្នាំ២០០៨។​

ករណីមួយទៀត​ គឺរូប​អតីតអភិបាល​ខេត្តសាខាលីន​​ លោក Alexandre Khoroshavin​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ចំពោះការ​ទទួលសំណូក​ក្នុងទំហំ​៥.៦០០.០០០ដុល្លារ។​

ពីក្នុង​ចំណោម​អ្នកតំណាងរាស្ត្រ​ សមាជិក​បក្សកាន់អំណាច ​របាយការណ៍នោះ​លើកយក មក​និយាយឈ្មោះ៖

-អនុប្រធានទី១​នៃគណៈកម្មាធិការ​សភាឌូម៉ា​ ខាងទីផ្សារ​ហិរញ្ញវត្ថុ​ លោក​Vladislav Reznik​ ដែលត្រូវ​អាជ្ញាធរ​អេស្ប៉ាញ​ប្រកាសឲ្យ​ប៉ូលីស​អន្តរជាតិ​ស្វែងរកចាប់​ តាមបទ​លាងលុយ​ និង មាន​ចំណងជាមួយ​ក្រុមឧក្រិដ្ឋជន។

-អនុប្រធានទី១​នៃ​គណៈកម្មាធិការសភា​ឌូម៉ា​ ខាងទ្រង់ទ្រាយ​រដ្ឋសហព័ន្ធ​ លោកAdam Delikhanov ដែលត្រូវបាន​ប្រទេស​អេមៀរ៉ាតអារ៉ាប់រួម​ ប្រកាសឲ្យ​ប៉ូលីសអន្តរជាតិ​​ស្វែងរក ចាប់ខ្លួនដែរ​ តាមបទ​ឃាតកម្ម​ក្នុងឆ្នាំ២០០៩ មេបញ្ជាការ​កងវរសេនាតូច​ពួកឧទ្ទាម​ឆេឆេន ឈ្មោះ​Sulim Yamadaiev។​

ក្នុងចំណោម​សមាជិក​រដ្ឋាភិបាល មានលោក​អតីតរដ្ឋមន្ត្រី​ការពារជាតិរុស្ស៊ី​ Anatoly Serdiukov​, លោកស្រី​អតីតរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ Elena Skrynnik ព្រមទាំង​អភិបាល​ក្រុង​មួយចំនួន​ដែលសុទ្ធតែ​ពាក់ព័ន្ធនឹង​អំពើ​ពុករលួយ។​

លើ​ទំព័រចុងក្រោយ​នៃ​របាយការណ៍ ថែមទាំង​មានរំលឹក​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី មេដវេដេវ ​ជាប្រធាន​គណបក្ស​ប្រទេសរុស្ស៊ីរួមធ្លុងមួយ​ ដែលថា៖ គួរឲ្យអាណិត​អ្នកស្រុក ម្ចាស់ឆ្នោត​ ដែលខំ​បោះឆ្នោត​ឲ្យពួក​អ្នកនយោបាយ​ចោលម្សៀត​គ្មានដឹង​ខ្យល់អ្វី​សោះ។ ​

 
ជាការកត់​សម្គាល់​ ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង PARNAS នាំគ្នា​ថ្លែងថា​ របាយការណ៍នេះ​ មិនមែន​ជារបាយការណ៍​​របស់បក្សទាំងមូល​ឡើយ​ តែ​ជារបស់​បុគ្គល Ilya Yashin​ ដែល​ គ្រាន់​តែជា​អនុប្រធានម្នាក់​របស់​បក្ស​ប៉ុណ្ណោះ។​

មានទៅហើយ​ប្រតិកម្មដំបូង​ ពីខាង​តំណាងម្នាក់​របស់​បក្ស​កាន់អំណាច។​ លោក​អនុប្រធាន​ គណៈ​កម្មាធិការ​ប្រតិបត្តិ​ បក្ស​ប្រទេសរុស្ស៊ី​រួមធ្លុងមួយ​ Constantin Mazurevski ​ថ្លែងថា៖​
នេះ​មិនមែនជា​របាយការណ៍​ទេ វាគ្រាន់តែជា​ការចងក្រង​ហេតុការណ៍​ដែល​សង្គមរុស្ស៊ី​ធ្លាប់ ដឹងឮ​យូរមកហើយ។​

គាត់រំលឹកថា​ បក្ស​ប្រទេស​រុស្ស៊ីរួមធ្លុងមួយ​តែងប្រកាន់​គោលជំហរ​មធ្យ័តណាស់​ ក្នុងបញ្ហា​ប្រយុទ្ធ​ទល់នឹង​អំពើពុករលួយ​ ដោយបក្សនេះ​ជាបក្សតែ​មួយគត់​ ដែល​ទាមទារ ពី​សមាជិក​ខ្លួន​តឹងរ៉ឹង​ជាងទាមទារ​ដោយច្បាប់​ប្រទេសទៅផង​ ដ្បិត​ក្នុងករណី​មាន ​កសាង​ឡើងជា​សំណុំរឿង​ព្រហ្មទណ្ឌ​ទល់នឹង​សមាជិកខ្លួន​ សមាជិក​នោះឯង​នឹងត្រូវ​ឆូតឈ្មោះ​ ចេញភ្លាម​ពី​ជួរ​គណបក្ស។​ មិនតែ​ប៉ុណ្ណោះ​ នរណាដែល​ធ្លាប់​បានត្រូវ​តុលាការ​កាត់ទោស​ គឺ​ មិនអាច​ឈរឈ្មោះ​ជា​បេក្ខជន​របស់បក្ស​ឡើយ។​

បក្សកាន់អំណាច​ប្រទេសរុស្ស៊ី​រួមធ្លុង​មួយ​ ដែលបាន​ប្រសូតមក​ក្នុងឆ្នាំ​២០០១​ មុនដំបូង​ ដឹកនាំ​ដោយ​លោក​ប្រធានាធិបតីពូទីន​ ហើយតាំងពី​ឆ្នាំ២០១១មក​ មានរូប​ លោក​នាយករដ្ឋមន្ត្រី​មេដវេដេវ ជា​ប្រធាន។​ បក្សនេះ​មានអាសនៈ​ភាគច្រើន​ជានិច្ច​ប្រចាំក្នុង​ សភា​ឌូម៉ា ក្នុង​បី​នីតិកាលចុងក្រោយ​ គឺថា​ពីក្នុង​ចំណោមអាសនៈ​ទាំង៤៥០​ បក្សនេះ​មានដល់​ទៅ ៣០៦​អាសនៈ​ក្នុងនីតិកាលទី៤​ ឆ្នាំ២០០៣, ឡើងដល់​៣១៥អាសនៈ​ ក្នុងនីតិកាល​ទី៥​ ឆ្នាំ​២០០៧​ ហើយទោះបី​ចុះមកនៅ​​២៣៨ អាសនៈ ក្នុងនីតិកាលទី៦​បច្ចុប្បន្ន​ ក៏នៅតែ​លើស​ពី​ ពាក់​កណ្តាល​ដដែល។ បក្សកាន់អំណាចនេះ​ មានសមាជិក​ជាង២លាន​១ម៉ឺននាក់។ ​គោល​ជំហរបក្ស​ គឺគាំទ្រ​ពេញទី​​បន្ទាត់នយោបាយ​របស់ប្រធានាធិបតី​និង​រដ្ឋាភិបាល។

ចំណែក​បក្សប្រឆាំង​ឈ្មោះ ​បក្សសេរីភាពប្រជាជន ​ហៅកាត់ថា PARNAS​ បានចាប់​កំណើត ក្នុង​ឆ្នាំ១៩៩០​ ហើយត្រូវបានចុះឈ្មោះ​ក្នុងបញ្ជី​ក្រសួងយុត្តិធម៌​ មួយឆ្នាំ​ក្រោយមក​ គឺ​ក្នុងឆ្នាំ ១៩៩១។​ ​បក្សនេះ​ដឹកនាំដោយ​លោក Mikhail Kasyanov​ ធ្លាប់ធ្វើ​ជា​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ពីឆ្នាំ ២០០០​ ដល់​ឆ្នាំ​២០០៤ ពេលដែលគាត់​ត្រូវបាន​លោកប្រធានាធិបតីពូទីន​ ដកពី​មុខតំណែង​ ទៅ។​ តាំងពី​ពេលនោះមក​ លោក Kasyanov​ ដែលបស្ចិមលោក​និយម​ដល់ខួរឆ្អឹង​ ក្លាយជា​ សត្រូវ​​ទិតៀន​គ្មានប្រណី​ នយោបាយ​លោកពូទីន​រហូតដល់​គាត់ហ៊ាន​ថ្លែងថា ក្រោយពី​គាត់ ឡើង​កាន់អំណាច​នៅរុស្ស៊ី​ គាត់នឹង​បង្វែរទឹកដី​គ្រីមេ​ឲ្យទៅ​អ៊ុយក្រែន​ភ្លាម។

បក្សគាត់​មាន​សមាជិក​តែជាង​៤ម៉ឺន៦ពាន់នាក់។​ ពីក្នុង​ចំណោម​​អាសនៈ​ទាំង៤៥០​ នៃ​សភា​ឌូម៉ា បក្សនេះ​​ធ្លាប់មាន​១៤ អាសនៈ​ ក្នុង​សភាឌូម៉ានី​តិកាលទី១ ​ឆ្នាំ១៩៩៣  ហើយចុះ​មកនៅ​ត្រឹម១អាសនៈ​ ក្នុងនីតិកាល​ទី៣ ឆ្នាំ១៩៩៩​ រួចតាំងពី​ពេលនោះ​មក​ សូម្បីតែ​១អាសនៈ​ក៏គ្មានទេ។​ មកពី​គ្មានអាសនៈ​ក្នុងសភា​ឌូម៉ា បានជាបក្សនេះ​មានងារជា​ បក្សនៅក្រៅ​ប្រព័ន្ធ​អំណាច។ ទោះយ៉ាងណាក្តី​ ក៏បក្សនេះ​នៅតែជ្រោង​លើកឡើង​បាវចនាខ្លួន​ ដែលថា ​"ដើម្បី​ប្រទេស​រុស្ស៊ី គ្មាន​អំពើពុករលួយ”៕   

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI