រុស្ស៊ី-អង់គ្លេស

ម៉ូស្គូ​ទាមទារ​ពី​ក្រុង​ឡុងដ៏ ឲ្យ​បំភ្លឺ​អំពី ”បញ្ជីខ្មៅ​នៃ​ពួក​មន្ត្រីរុស្ស៊ី”

ស្ថានទូត​អង់គ្លេស​ប្រចំា​នៅ​រុស្ស៊ី
ស្ថានទូត​អង់គ្លេស​ប្រចំា​នៅ​រុស្ស៊ី

ការ​ទាមទារ​នេះ ធ្វើ​ថ្ងៃចន្ទ ទី៣ កញ្ញា​នេះ ទៅ​កាន់​ក្រសួង​ការបរទេស​អង់គ្លេស ដោយ​អគ្គរដ្ឋទូត​រុស្ស៊ី​នៅ​ក្រុង​ឡុងដ៏ លោក Alexandre Yakovenko បន្ទាប់​ពី​ម្សិលមិញ កាសែត​អង់គ្លេស The Sunday Times បង្ហើប​ឲ្យ​ដឹង​ថា ហាក់​បី​មាន​ទៅ​ហើយ បញ្ជី​ឈ្មោះ​មន្ត្រី​រុស្ស៊ី​ចំនួន៦០នាក់ ដែល​ត្រូវ​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​ប្រទេស​អង់គ្លេស។

ផ្សាយពាណិជ្ជកម្ម

តាម​កាសែត Sunday Times រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អង់គ្លេស លោកស្រី Theresa May បាន​ផ្ញើ​មក​កាន់​ស្ថានទូត​អង់គ្លេស​នៅ​ម៉ូស្គូ គឺ​បញ្ជី​ឈ្មោះ​ពលរដ្ឋ​រុស្ស៊ី ៦០នាក់​ដែល​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​រាជាណាចក្រ​អង់គ្លេស​ឡើយ មក​ពី​គេ​ទាំង​នោះ ពាក់ព័ន្ធ​នឹង​សំណុំរឿង​មេធាវី​ជាតិរុស្ស៊ី គឺ​លោក Serguei Magnitsky។ តាម​ការ​អះអាង​នៃ​កាសែត​អង់គ្លេស​នោះ ក្នុង​បញ្ជីខ្មៅ គឺ​មាន​អ្នកមុខ អ្នកការ​ពួក​មន្ត្រី​នៃ​ក្រសួង​សន្តិសុខ បណ្តា​ចៅក្រម មន្ត្រី​នានា​នៃ​មហា​អយ្យកា​រុស្ស៊ី សរុប​ទៅ​ចំនួន ៦០នាក់​ដែល​ជាប់​ឈ្មោះ​ប្រឡាក់​ក្នុង​មរណភាព​លោក Serguei Magnitsky កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០០៩ នៅ​ក្នុង​មន្ទីរឃុំឃាំង​នៃ​ពន្ធនាគារ​ក្រុង​ម៉ូស្គូ។ ម៉្លោះ​ហើយ​បាន​ជា​បញ្ជី​នោះ មាន​ឈ្មោះ​ថា “ បញ្ជី Magnitsky “។

កាសែត​ក៏​កត់សម្គាល់​ដែរ​ថា ព័ត៌មាន​ក្បោះក្បាយ​ស្តី​អំពី​ឈ្មោះ​មន្ត្រី​រុស្ស៊ី​ទាំង​នោះ​ត្រូវ​បាន​លាតត្រដាង​ក្នុង​លិខិត​របស់​លោក​រដ្ឋមន្ត្រី​អង់គ្លេស​ខាង​កិច្ចការ​អន្តោប្រវេសន៍ Damyan Green ទាំង​លំអិត​ថា បញ្ជី​ឈ្មោះ​៦០នាក់ គឺ​តាក់តែង​ឡើង ដោយ​គណៈកម្មាធិការ​នៃ​រដ្ឋសភា​អាមេរិក។ លោក Green គូស​បញ្ជាក់​ថា បញ្ជី​ឈ្មោះ​៦០នាក់ “នឹង​ត្រូវ​លើក​យក​ទៅ​អនុវត្ត​នៅ​ពេល​ស្ថានទូត​ពិនិត្យ​មើល​ពាក្យ​សុំ​ទិដ្ឋាការ​របស់​មន្ត្រី​រុស្ស៊ី ដើម្បី​ធ្វើ​ដំណើរ​ចូល​ប្រទេស​អង់គ្លេស។

គួរ​រំលឹក​ថា លោក Serguei Magnitsky ដែល​ជា​អ្នក​ច្បាប់​ជាតិរុស្ស៊ី កាល​គាត់​នៅ​រស់ បាន​ធ្វើ​ការ ជា​មេធាវី​ការពារ​ផលប្រយោជន៍​របស់​មូលនិធិ​វិនិយោគ​អង់គ្លេស​ឈ្មោះ Hermitage Capital ដែល​បាន​ដំណើរការ​នៅ​រុស្ស៊ី តាំង​ពី​ឆ្នាំ១៩៩៦ ប្រកប​ដោយ​វិនិយោគទុន ៣.៥០០លាន​ដុល្លារ។ លោក Serguei Magnitsky ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​ឃាត់​ខ្លួន​នៅ​ចុង​ឆ្នាំ ២០០៨ ក្រោម​បទ​ចោទ​ប្រកាន់​ថា ជួយ​មូលនិធិ​នេះ​ឲ្យ​គេច​មិន​បង់​ពន្ធ ក្នុង​ទឹកប្រាក់​ជាង ១៣០លាន​ដុល្លារ។ ប៉ុន្តែ ដោយ​សំអាង​លើ​តឹកតាង គាត់​ចោទ​ពួក​មន្ត្រី​រុស្ស៊ី​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ថា បាន​កេងបន្លំ យក​លុយ​អស់ ១៨០លាន​ដុល្លារ ពី​ពន្ធ​ដែល​មូលនិធិ​នេះ​បានបង់​ទៅ​ហើយ។ ១១ខែ​ក្រោយ​មក ដោយ​ស្ថិត​ក្នុង​មន្ទីរឃុំឃាំង ក្នុង​លក្ខណៈ​ទ្រាំ​មិន​បាន ទាំង​គ្មាន​ការ​ព្យាបាល​សមស្រប គាត់​ក៏​បាន​ដាច់​ខ្យល់​ស្លាប់​ទៅ ក្នុង​អាយុ​ទើប​៣៧ឆ្នាំ​សោះ។
មរណភាព​គាត់​ត្រូវ​បស្ចិមប្រទេស​បកស្រាយ​ថា ជា​ការ​បំបាត់​ដាន​នៃ​ទង្វើ​ល្មើស​ច្បាប់​ប្រព្រឹត្ត​ដោយ​ពួក​មន្ត្រី​រុស្ស៊ី ពាក់ព័ន្ធ​នឹង​ការ​កេងបន្លំ​នោះ។

ក្រសួង​ការបរទេស​រុស្ស៊ី​ធ្លាប់​បាន​ព្រមាន​ថា តប​នឹង​របស់​ដែល​ហៅ​ថា “ បញ្ជី Magnitsky “ ភាគី​រុស្ស៊ី​ក៏​មាន”បញ្ជីខ្មៅ” របស់​ខ្លួន​ដែរ ដែល​ហាម​មិន​ឲ្យ​អ្នកមុខ អ្នកការ​ជាក់លាក់​របស់​អង់គ្លេស និង​អាមេរិក​ធ្វើ​ដំណើរ​ចូល​ប្រទេស​រុស្ស៊ី​ឡើយ ក្នុង​ករណី​បើ​រដ្ឋាភិបាល​បស្ចិមប្រទេស​ទាំង​ពីរ​នោះ ហ៊ាន​ដាក់​ទណ្ឌកម្ម​ទល់​នឹង​មន្ត្រី​ជាក់លាក់​របស់​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI