ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅ​រុស្ស៊ី​ ក្រេមឡាំង​ ដោយ​បើកផ្លូវ​ឲ្យ​បក្សប្រឆាំង​ចូល​ប្រឡូក​កាន់តែច្រើន​ គឺ​កាន់តែ​ឈ្នះឆ្នោត​

សំឡេង ០៦:១៨
សភា​ឌូម៉ា រុស្ស៊ី​
សភា​ឌូម៉ា រុស្ស៊ី​ AFP

ជា​លទ្ធផល​​នៃ​ការ​បោះឆ្នោត​​សភា​ ថ្ងៃអាទិត្យ​​១៨កញ្ញា​​កន្លងទៅ បក្ស​កាន់អំណាច​​នៅ​​រុស្ស៊ី​​ ដណ្តើម​​បាន​​ជ័យជំនះ​​ដ៏ត្រចះត្រចង់​​មិនធ្លាប់មាន​ ​ដោយ​​​ទទួលបាន​អាសនៈ​ភាគច្រើន​ លើសលុប​​ ​ដល់ជាង​​២/៣​នៃ​ចំនួន​​អាសនៈ​ក្នុង​សភា​ឌូម៉ា​​នីតិកាល​​ទី៧​ ​ពោលគឺ​៣៤៣​​លើ​​៤៥០​អាសនៈ​​ ដែលជា​​ភាគច្រើន​​​ធម្មនុញ្ញ​​តែម្តង​​ អាច​កែប្រែ​ឬ​បញ្ចូល​​វិសោធនកម្ម​​​ទៅក្នុង​​​រដ្ឋធម្មនុញ្ញ។​​​ ប៉ុន្តែ​​ គេកត់​​សម្គាល់​​ថា​​ អត្រា​​អ្នកបោះឆ្នោត​​​លើកនេះ​ ​មាន​កម្រិត​ទាប​​មែនទែន។​ ​

ផ្សាយពាណិជ្ជកម្ម

ថ្វីត្បិតតែ​​អន្តរជាតិ​​ទទួលស្គាល់​​ថា​​វាបាន​​ប្រព្រឹត្តទៅ​​ក្នុង​តម្លាភាព​ខ្ពស់​​ជាងមុន​ក្តី​ ​ក៏គេ​​ទិតៀន​​មូស្គូ​​ថា​​បាន​រឹតត្បិត​​សិទ្ធិ​នយោបាយ​​របស់​​បក្ស​​ប្រឆាំង​​និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ។​ ​ចំណែក​ ស.រ.អា.​ និង​សហភាព​អឺរ៉ុប​មិនទទួលស្គាល់​ទេ​ ​លទ្ធផល​នៃការ​បោះឆ្នោតនេះ​ ដែល​ បាន​ប្រព្រឹត្តទៅ​ នៅ​ទឹកដី​គ្រីមេ។​ មកពី​ការបោះឆ្នោត​សភា​រុស្ស៊ី​នេះ​បានប្រព្រឹត្តទៅ​ នៅគ្រីមេ​ ដែល​អ៊ុយក្រែន​បន្ត​ចាត់ទុកជា​ទឹកដីខ្លួន។ រដ្ឋសភា​អ៊ុយក្រែន​ផ្ទាល់​​បានថ្លែង​រហូតដល់​ មិន​ទទួលស្គាល់​មិនគ្រាន់តែ​​លទ្ធផលបោះឆ្នោត​ទេ ​តែគឺ​សភាឌូម៉ា​រុស្ស៊ីផ្ទាល់។​

ជាបឋម​ បើ៥ឆ្នាំមុន​ មាន​គណបក្ស​តែ៦​បាន​ចូលប្រឡូក​នោះ​ លើកនេះ​គឺមាន​គណបក្ស ដល់ទៅ​​១៤​ ​ដែល​ភាគច្រើន​ក្នុង​យុទ្ធនាការ​បោះឆ្នោត​សុទ្ធតែ​នាំគ្នា​ទិតៀន​​ នយោបាយ​បក្ស​កាន់អំណាច។​ ប៉ុន្តែ ​សម្រេចសម្រួច​​ទៅ​ ​សម្លេងគាំទ្រ​បក្ស​តូចតាច​ដែលខំ​ ទិទៀន​វិមាន​ក្រេមឡាំង​បានបែកខ្ញែក ធ្លាក់រហូតដល់ពី២,២៨% ទៅ ០,១៤% ពោលគឺ​ក្រោមបន្ទាត់​៥%​ ដែល​មិនអាច​ឲ្យគេ​មាន​អាសនៈ​ប្រចាំក្នុង​​សភា​ឡើយ។​

ចេះ​ទទួលបាន​អាសនៈ​ប្រចាំ​ក្នុង​សភា​ឌូម៉ា នីតិកាល​​ទី៧ គឺតែ​គណបក្ស៤​​ដែល​​ធ្លាប់មាន​អាសនៈ​​ក្នុង​​សភា​ឌូម៉ា​​​​នីតិកាល​ទី៦​​​ទៅហើយ ​ពីឆ្នាំ​២០១១ ​ដល់​២០១៦នេះ។​  រួចពី​ក្នុង​​នោះ​ ​បក្ស​កាន់អំណាច​ ឈ្មោះ​ប្រទេសរុស្ស៊ី​រួមធ្លុង​មួយ​​ ជាលទ្ធផល​នៃការ​រាប់​សន្លឹកឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ គឺបាន​សម្លេងគាំទ្រ​ដល់ ៥៤,១៧%​ ឬ​ បាន​អាសនៈ​ដល់​១៤០​។ ហើយ​តាម​ប្រព័ន្ធ​ឯកតនាម​ ឈ្នះឆ្នោត​នៅតាម​២០៣​មណ្ឌល​ឯណោះ​ ពីក្នុង​ចំណោម​២២៥​មណ្ឌល​ លុះ​ទាល់តែ​បាន​អាសនៈ​សរុបទៅ​៣៤៣ឯណោះ​ ពីក្នុង​ចំណោម​៤៥០អាសនៈ​ក្នុងសភា​ ឬ​លើសពី​​២/៣​ នៃអាសនៈ​ក្នុងសភា​ ហៅថា​ភាគច្រើន​ធម្មនុញ្ញ​ ដែលដោយ​ម្ចាស់ការណ៍​ខ្លួនឯង​ សូម្បី​មានការ​ជំទាស់ពឺ​ខាងក្រុម​តំណាងរាស្ត្រ​ គណបក្ស​៣ទៀត ដែល​សរុបទៅ​មានតែ​១០៧សម្លេង ​គឺអាចអនុម័ត​វិសោធនកម្ម​ និង​បញ្ចូល​​វិសោធនកម្ម​ ទៅក្នុង​រដ្ឋធម្មនុញ្ញ​តែម្តង​ ទាំង​ក្នុងករណីចាំបាច់ ​អាច​ជំនះ​លើ​វេតូ​ពីខាង​ប្រធានាធិបតី​ទៅផង។

ក្នុង​នីតិកាល​លើកមុន​ បក្សនេះ​បានមាន​អាសនៈ​ភាគច្រើនតែ​២៣៨អាសនៈ ​គឺគ្រាន់តែ​លើសពី​៥០%​ប៉ុណ្ណោះ។​ ក្នុង​សភា​នីតិកាល​ថ្មីនេះ ៤២អាសនៈ​ធ្លាក់ទៅលើ​បក្សកុម្មុយនិស្ត​សហព័ន្ធ​រុស្ស៊ី​ ​ដែល​​ផ្សំឡើង​ ពី​៣៥​អាសនៈ ​តាម​ប្រព័ន្ធ​សមាមាត្រ​ ស្របនឹង​សម្លេងគាំទ្រ​ខ្លួន​ ១៣,៣៧%​ និង​៧អាសនៈ​ ឈ្នះ​តាម​ប្រព័ន្ធ​ឯកតនាម​ ធ្វើឲ្យ​បក្សនេះ​ជាប់លេខ២​ ដូចក្នុង​នីតិកាល​មុនអញ្ចឹង ​ប៉ុន្តែ​បាន​ អាសនៈ​ជាង​២ដង​តិចជាង ​ដ្បិត​លើកមុន​​​ដែល​គេមាន​ដល់ទៅ​​៩២​អាសនៈ។​

ជាប់លេខ៣ ​គឺបក្ស​សេរី-ប្រជាធិបតេយ្យ​រុស្ស៊ី ជា​បក្សជាតិនិយម​ ហៅកាត់ថា​ LDPR បាន​ ៣៩​អាសនៈ​ ផ្សំឡើង​ពី​៣៤តាមប្រព័ន្ធ​សមាមាត្រ ស្រប​នឹង​សម្លេងគាំទ្រ​ខ្លួ​ន ​១៣,១៨%​ និង ៥អាសនៈ​ ឈ្នះ​តាម​ប្រព័ន្ធឯកតនាម។​ ក្នុងនីតិកាល​លើកមុន​ បក្សនេះ​បាន​មាន​៥៦អាសនៈ​ ហើយ​ជាប់​លេខ៤។

រីឯ​បក្ស​​ប្រទេសរុស្ស៊ីយុត្តិធម៏ ដែល​ចាត់ទុក​​ខ្លួនឯង​​ជា​បក្ស​សង្គមនិយម​បែបថ្មី​ ក្នុង​នីតិកាលថ្មី​  បែរ​ទៅជាប់​លេខ៤​ទៅវិញ​ ដោយបានតែ​២៣​អាសនៈ ​ផ្សំឡើងពី​១៦អាសនៈ​តាម​ប្រព័ន្ធ​ សមាមាត្រ​ ស្របនឹង​សម្លេង​គាំទ្រខ្លួន​​៦,២១% និង​៧​អាសនៈ ​ឈ្នះ​តាមប្រព័ន្ធឯកតនាម។ក្នុង​នីតិកាល​លើកមុន​ បក្សនេះ​​បានមាន​៦៤​អាសនៈ ហើយជាប់​លេខ៣។​​ អាសនៈ​៣ទៀត​ គឺ​ដណ្តើម​​បាន​ដោយ​បេក្ខជន​បក្ស​តូចតាច​ ​ឈរឈ្មោះ​តាម​ប្រព័ន្ធ​ឯកតនាម។​

លោកប្រធានាធិបតី​ពូទីន​បានបញ្ចេញ​យោបល់អំពី​ជ័យជំនះ​បក្សកាន់អំណាច​ថា​ ទោះបី​ ប្រជា​ពលរដ្ឋ​រុស្ស៊ី​​រស់នៅ​ក្នុង​ស្ថានភាព​ស្មុគស្មាញ ​ក្រោម​ទណ្ឌកម្ម​បស្ចិមលោក​ក្តី ​ក៏ក្នុង​ចំនួន​ ភាគច្រើន​លើសលុប​ គេនាំគ្នា​ជ្រើសយក​ “ស្ថិរភាព” ក្នុង​ប្រទេស​ ហើយ​ផ្តល់ការ​ជឿទុកចិត្ត​ ដល់​បក្សនយោបាយ​នាំមុខគេ​ក្នុង​ប្រទេស​ ក្រោម​ឈ្មោះថា​ប្រទេសរុស្ស៊ី​រួមធ្លុងមួយ​​  ក្នុងន័យ​ ថា​ លុះណាតែ​មាន​ស្ថិរភាព​ក្នុងប្រទេស​ ​ទើបការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ អាច​ប្រព្រឹត្ត​ទៅកើត។​
 
អំពី​អត្រា​អ្នកទៅ​បោះឆ្នោត​លើកនេះ ​មានកម្រិត​តែ​​៤៧,៧៨%​ គឺតិចជាង​លើកមុន​ ដែល​ មាន​ដល់ទៅ​ ៦០,១០%។ ​អ្នក​នាំពាក្យ​​វិមាន​ក្រេមឡាំង​​ថ្លែងថា ទោះយ៉ាងណាក្តី​ វា​នៅតែ​ ខ្ពស់​​ជាង​ទ្រនិច​លេខមធ្យម​នៅអឺរ៉ុប។​

ប៉ុន្តែ​ ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស​ BBC​ ផ្ចាញ់ផ្ចាល​ដោយ​លើកជា​ឧទាហរណ៍​ថា​ ក្នុងការ​បោះឆ្នោត​​សភានៅ​ព័រទុយហ្កាល់​ ឆ្នាំ២០១១​ អត្រានេះ​ គឺ​៥៨%។ ក្នុង​ការ​បោះឆ្នោត​សភា​ នៅ​អាល្លឺម៉ង់​ ឆ្នាំ២០១៣​ អត្រានេះគឺ​ដល់ទៅ​៧១,៥០%, ​នៅ​អង់គ្លេស​ឆ្នាំ២០១៥​ អត្រាបែបនេះ​ គឺ​៦៦,១០%,​ ហើយក្នុង​ការ​បោះឆ្នោត​សភា​ឆ្នាំ២០១២​ នៅ​ប្រទេស​បារាំង ជុំទី១​ គឺ​៥៧,២២% រួច​ជុំទី២​ ​គឺ​៥៥,៤០%។​
 
អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​ទ្វីបអឺរ៉ុបOSCE ​ដែលមាន​ទឹកមាត់ប្រៃ​​ខាង សន្និដ្ឋាន​​អំពី​ដំណើរ​បោះឆ្នោត​នៅតាម​ប្រទេស​ជា​សមាជិកខ្លួន​ ​បាន​ទទួលស្គាល់​ថា​ ការ​បោះឆ្នោត​សភា​លើកនេះ​នៅរុស្ស៊ី​ ​​បានប្រព្រឹត្តទៅ​ដោយមាន​តម្លាភាព​ ក្នុង​កម្រិត​ខ្ពស់ជាង​ លើកមុន​ ប៉ុន្តែ​កត់សម្គាល់​ថា​ វាបាន​ប្រព្រឹត្តទៅ​ទាំង​ហែហមដោយ​ភាពមិនប្រក្រតី​ច្រើន​ឥត គណនា ​ហើយ​ពលរដ្ឋ​ម្ចាស់ឆ្នោត​​គ្មានជម្រើស​នយោបាយ​ទូលំទូលាយ​ពិតប្រាកដ​ឡើយ។​

ក្រសួង​ការបរទេស​អាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍​ថា ​​ក្រុងវ៉ាស៊ីនតោន មិន​ទទួលស្គាល់​ឡើយ​ លទ្ធផល​នៃការ​បោះឆ្នោត​រើសសភា​ឌូម៉ារុស្ស៊ី​ដែលបាន​ប្រព្រឹត្តទៅ​នៅ​គ្រីមេ​ ពីព្រោះ​ការបោះឆ្នោត​នៅលើ​ដែនដីនេះ​​គឺខុសច្បាប់​ ​ទាំង​សង្កត់ធ្ងន់​ថា​ ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី នឹង​ពុំត្រូវ​ក្រុងវ៉ាស៊ីនតោន​លុបទៅវិញ​ឡើយ​ ដរាបណា​ដែល​ម៉ូស្គូ​​មិនបង្វែរ​ទឹកដី​គ្រីមេ​ ឲ្យ​ទៅ​ស្ថិត​នៅក្រោម​អំណាច​អ៊ុយក្រែន​វិញទេ។​

លោកស្រី​ ​Federica Mogerini ប្រមុខការទូត​សហភាព​អឺរ៉ុប​ថ្លែងថា​ សហភាព​អឺរ៉ុប​ពុំទទួល ស្គាល់​ឡើយ​ ការបោះឆ្នោត​សភា​រុស្ស៊ី​​នៅ​គ្រីមេ​ ពីព្រោះ​ការគាំទ្រ​ដល់​បូរណភាព​ដែនដី​និង​ អធិបតេយ្យ​​រដ្ឋ​អ៊ុយក្រែន​ ពីខាង​សហភាព​អឺរ៉ុប​​ បន្តស្ថិតនៅ​ឥត​ប្រែប្រួល​សោះឡើយ។​ 

រដ្ឋសភា​អ៊ុយក្រែន ​ដោយសម្លេង​២៦៤ លើ៤៥០ ​បាន​អនុម័ត​សេចក្តីសម្រេច​ មិន​ទទួលស្គាល់​ ​មិនគ្រាន់តែ​លទ្ធផល​នៃ​ការបោះឆ្នោត​រុស្ស៊ី​នៅគ្រីមេ​ប៉ុណ្ណោះទេ​ តែ​ មិន​ទទួលស្គាល់​​ទាំង​សភាឌូម៉ា​រុស្ស៊ី​តែម្តង​ ហើយ​​អំពាវនាវ​សហគមន៍​អន្តរជាតិ​ កុំឲ្យ​ទទួលស្គាល់​ដែរ។​

កាសែត​បស្ចិមលោក​បញ្ចេញ​មតិ​ជា​ឯកច្ឆ័ន្ទ​ថា ​ជ័យជំនះ​ដណ្តើម​បាន​ដោយ​ បក្ស​កាន់​អំណាច​​ក្នុង​ការបោះឆ្នោត​សភាឌូម៉ា​កន្លងទៅ​ ជាភ្លើងខៀវ​សម្រាប់​លោកប្រធា​នាធិបតី​ពូទីន​  ឈរឈ្មោះ​​ជាថ្មី​ ​​ក្នុងការ​បោះឆ្នោត​​ប្រធានាធិបតី​នៅ​រុស្ស៊ី​ ឆ្នាំ២០១៨៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI