រុស្ស៊ី-អាមេរិក

រុស្ស៊ី​ផ្អាក​មួយរយៈ​សិន ការ​ចូលរួម​ក្នុង ”កម្មវិធី​ផ្លាស់ប្តូរ​សិស្សសាលា” ជាមួយ​អាមេរិក

logo FLEX
logo FLEX

ផ្អាក​នេះ គឺ​សម្រាប់​រយៈពេល​២ឆ្នាំ។ មូលហេតុ​មក​ពី​ភាគី​អាមេរិកាំង​មិន​បំពេញ​តាម​ល័ក្ខខ័ណ្ឌ​មួយ​ជា​គ្រឹះមូលដ្ឋាន គឺ​ថា កាល​ណា​សិស្ស​រុស្ស៊ី​បញ្ចប់​ការសិក្សា​នៅស.រ.អា. រយៈពេល ១ឆ្នាំ​ហើយ គេ​ត្រូវ​តែ​ត្រឡប់​មក​រុស្ស៊ី​វិញ​ជា​ដាច់ខាត។ ករណី​ឃាត់​សិស្ស​រុស្ស៊ី​ម្នាក់​ធ្វើ​ជា​កូនចិញ្ចឹម​ក្នុង​គ្រួសារអាមេរិកាំង បាន​កើត​ឡើង​កាល​ពី​ខែ​ឧសភា​ឆ្នាំ​នេះ។ ហើយ​ក្នុង​អំឡុង​ពេល​ជាង​២០ឆ្នាំ នៃ”កម្មវិធី”នេះ មាន​ករណី​បែប​នេះ​កើត​ឡើង​មិន​តិច​ជាង១៥លើក​ឡើយ។

ផ្សាយពាណិជ្ជកម្ម

 

កម្មវិធី​ផ្លាស់ប្តូរ​សិស្ស​នេះ​ដែល​ជាភាសា​អង់គ្លេស​គឺ Future Leaders Exchange ហៅកាត់​ថា FLEX ត្រូវ​បាន​អនុម័ត​ដោយ​សមាជសភា​អាមេរិក​តាំង​ពី​ក្នុង​ឆ្នាំ១៩៩២ ម៉្លេះ ហើយ​តាំង​គោលដៅ​ជ្រើសរើស​សិស្សសាលា​ថ្នាក់​លើ​នៃ​អតីត​សហភាពសូវៀត​ឲ្យ​ទៅ​កាន់ស.រ.អា. សម្រាប់​រយៈពេល​មួយឆ្នាំ​ដើម្បី​ស្គាល់​វប្បធម៌​អាមេរិកាំង និង​រៀន​ភាសា​អង់គ្លេស។ កម្មវិធី FLEX ស្ថិត​នៅ​ទាំងស្រុង​ក្នុង​បន្ទុក​រដ្ឋាភិបាល​អាមេរិកាំង ក្នុងនោះ គឺ​ថ្លៃ​ធ្វើ​ដំណើរ ទៅមក ថ្លៃប័ណ្ណ​ថែទាំ​សុខភាព។ល។ សិស្ស​ដែល​ត្រូវ​ជ្រើសរើស​តាម​កម្មវិធី​នេះ គឺ​សិស្សថ្នាក់លើ ថ្នាក់ទី៨ ទី៩ ទី១០ ដែល​ចេះ​រង​ជាប់​នូវ​ការ​ធ្វើតេស្ត។ លុះ​ទៅ​ដល់​ស.រ.អា គេ​រស់នៅ​តាម​គ្រួសារ​អាមេរិកាំង គេ​រៀនសូត្រ​នៅ​តាម​សាលាអាមេរិកាំង និង​ក្រេបជញ្ជក់​វប្បធម៌​អាមេរិកាំង។

ក្រោយ​ពី​សហភាពសូវៀត​រលំរលាយ​ទៅ បច្ចុប្បន្ន​ចូលរួម​ក្នុង​កម្មវិធី​នេះ ទន្ទឹម​នឹង​រុស្ស៊ី គឺ​ប្រទេស​អ៊ុយក្រែន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ហ្ស័កហ្ស៊ី ម៉ុលដូវ៉ា អារមេនី អាស៊ែរបែដហ្សាន តាហ្ស៊ីគិស្ថាន និង​ទួគ្មេនីស្ថាន។ តាំង​ពី​កម្មវិធី FLEX ចាប់​ដំណើរការ​មក មាន​សិស្សសាលា​ថ្នាក់លើ​ប្រទេស​ទាំង​នេះ​ចំនួន​ជាង២៣.០០០នាក់​បាន​ចូលរួម​ពី​ក្នុង​នោះ សិស្ស​រុស្ស៊ី គឺ​ជាង ៨.០០០នាក់។ ក្នុង​សម្ភាសន៍​ទៅ​អង្គការ​សារព័ត៏មាន​រដ្ឋាភិបាល​រុស្ស៊ី គឺ​កាសែត Rossiskaya Gazeta លេខថ្ងៃទី២ តុលា​នេះ តំណាង​ពេញសមត្ថកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​ខាង​ការពារ​សិទ្ធិកុមារ លោក ប៉ាវេល អាស្តាខូវ ថ្លែង​ថា យ៉ាង​ហោច​ណាស់ មាន​សិស្ស​រុស្ស៊ី​ចំនួន១៥នាក់​ឥត​ត្រឡប់​មក​រុស្ស៊ី​វិញ​ឡើយ ក្រោយ​ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​សិស្សសាលា​ជាមួយ​ស.រ.អា.។

ឯកអគ្គរដ្ឋទូត​ស.រ.អា ប្រចាំ​នៅ​ក្រុង​ម៉ូស្គូ លោក John TEFFT ទាក់ទង​នឹង​រឿង​នេះ​ថ្លែង​ថា ភាគី​អាមេរិក​សោកស្តាយ​ណាស់​ដែល​អាជ្ញាធរ​រុស្ស៊ី​បាន​សម្រេច​បិទឲ្យ​ឈប់​ដំណើរការ​កម្មវីធី FLEX ។ គាត់​ក៏​គូស​បញ្ជាក់​ដែរ​ថា ស.រ.អា. នៅ​តែ​បន្ត​គាំទ្រ​ដល់​កម្មវិធី​នេះ​ដែល​ជម្រុញ​ដល់​ការ​បំផុសបំផុល​ចំណង​វប្បធម៌ និង​ការយោគយល់​គ្នា​រវាង​ពលរដ្ឋ​រុស្ស៊ី និង​ពលរដ្ឋ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI