ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អាសូរ​ប្រាក់​រៀល​!​

សំឡេង ០៥:០២
រូបិយវត្ថុរៀលកម្ពុជា ដែលគ្របជុំជិតដោយ​រូបិយវត្ថុដុល្លារអាមេរិក។
រូបិយវត្ថុរៀលកម្ពុជា ដែលគ្របជុំជិតដោយ​រូបិយវត្ថុដុល្លារអាមេរិក។ @RFI
ដោយ៖ អ៊ឹម រចនា
២៩ នាទី

ខុស​​ពី​​ប្រទេសដទៃដែលប្រើប្រាស់តែរូបិយវត្ថុរបស់ខ្លួន ពលរដ្ឋ​នៅ​កម្ពុជា​និយម​ប្រើ​ប្រាស់​រូបិយ​​វត្ថុ​​របស់​ប្រទេស​ដទៃ។ នៅខាងកើត ខេត្តខ្មែរជាប់ព្រំដែននិយមចាយលុយដុង រូបិយ​វត្ថុ​របស់​វៀតណាម។ ចំណែកនៅខាងលិច ខេត្តខ្មែរជាប់ព្រំដែននិយមចាយលុយបាត រូបិយ​វត្ថុ​របស់ថៃ។ ដោយឡែក ខេត្ត និងរាជធានីខ្មែរ ដែលមិនជាប់ព្រំដែនប្រទេសដទៃ និយម​ចាយ​លុយ​ដុល្លាររបស់អាមេរិកទៅទៀត។ ពិត​ជា​គួរ​ឱ្យ​អាសូរប្រាក់រៀលរបស់ខ្មែរណាស់!

ផ្សាយពាណិជ្ជកម្ម

រូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា នៅតាមបណ្ដាប្រទេសភាគច្រើនលើសកលលោក គឺ​មាន​តែ​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​នោះ​ប៉ុណ្ណោះ ដែលអាចធ្វើចរាចរណ៍នៅលើទីផ្សារបាន។ ប៉ុន្តែនៅប្រទេស​កម្ពុជា ការ​ប្រើប្រាស់រូបិយប័ណ្ណមានលក្ខណៈដាច់ដោយឡែក។ ពោលគឺ កម្ពុជា​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ច្រើន​ប្រភេទ មិនមែនប្រើប្រាស់តែប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិនោះទេ។
នៅ​ភាគខាង​កើត ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសវៀតណាម និយមចាយលុយដុង រូបិយ​វត្ថុ​របស់​វៀតណាម។ ចំណែកនៅខាងលិច ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសថៃ និយម​ចាយ​លុយ​បាត រូបិយវត្ថុរបស់ថៃ។ ដោយឡែក ខេត្ត​និង​រាជធានី​ខ្មែរ​ដែល​មិន​ជាប់​ព្រំដែន​ប្រទេស​ដទៃ និយមចាយលុយដុល្លាររបស់អាមេរិក។

លុយ​ដុល្លារត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុត នៅកម្ពុជា។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ប្រជាពលរដ្ឋខ្មែរបាត់បង់ទំនុកចិត្តលើប្រាក់រៀល លែង​សូវ​ប្រើ​ប្រាក់​ប្រាក់​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ ហើយងាកមកប្រើប្រាស់ប្រាក់ដុល្លារទៅវិញ។

បច្ចុប្បន្ន លុយរៀលត្រូវបានប្រើប្រាស់នៅក្នុងក្របខណ្ឌមានដែនកំណត់មួយចំនួន ដូចជា​ការ​បង់ពន្ធគ្រប់ប្រភេទជូនរដ្ឋ ការប្រាក់បៀរវត្សមន្ដ្រីរាជការ ប្រាក់សេវាកម្មរបស់រដ្ឋ និង​ការ​ទិញ​ដូរក្នុងទំហំទឹកប្រាក់តូច នៅតាមទីផ្សារមួយចំនួន។ ប៉ុន្តែសម្រាប់ការកំណត់តម្លៃ ការ​ទូ​ទាត់​ និងសន្សំ ភាគច្រើនលើសលុប គឺប្រើប្រាស់ជាលុយដុល្លារអាមេរិក។

ជាការពិតហើយថា គេអាចទូទាត់ជាប្រាក់រៀលបានដែរ បើ​ទោះ​បី​ជា​មាន​ការ​កំណត់​តម្លៃ​ជា​ប្រាក់​ដុល្លារ​អាមេរិកក៏ដោយ។ ប៉ុន្តែសេវាទូទាត់ជាប្រាក់រៀល អាច​នឹង​តម្រូវ​ឲ្យ​គិត​ថ្លៃ​ខ្ពស់​ជាង​បន្តិច។

ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្ម មាន​កម្រិត​កើន​ឡើងកាន់តែខ្លាំង។ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កម្រិត​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណបរទេស ធៀបនឹងរូបិយវត្ថុទូទៅ បាន​កើន​ឡើង​ពី ៦០​ភាគ​រយ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០ ដល់៨០ភាគរយក្នុងទសវត្សរ៍ឆ្នាំ២០០០ និង​ឡើង​ដល់​កម្រិត ៨៣​ភាគ​រយ​​ក្នុងឆ្នាំ២០១៥កន្លងទៅ។ មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ក៏​បាន​បង្ហាញ​ទិន្នន័យ​ប្រហែល​គ្នា​នេះដែរ។ នៅប្រទេសកម្ពុជា បើតាម IMF ដុល្លារ​ត្រូវ​បាន​ប្រើ​ប្រាស់​រហូត​ទៅ​ដល់​ប្រមាណ​ជាង ៨០ភាគរយនៃបរិមាណសាច់ប្រាក់សរុបដែលចរាចរណ៍នៅលើទីផ្សារ។ ហើយ​ខុស​ពីប្រទេសជិតខាង ដូចជា ប្រទេសឡាវ ជាដើម ដែល​ការ​ប្រើ​លុយ​ដុល្លារ មាន​ការ​ថយចុះ​ធៀបនឹងលុយជាតិ និន្នាការ​នៃ​ការ​ប្រើ​លុយ​ដុល្លារ​នៅ​កម្ពុជា​វិញ​មិន​មាន​ការ​ថយ​ចុះ​ទាល់តែសោះ បើទោះបីជាកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយ​មាន​អត្រា​អតិផរណា​មិន​ខ្ពស់​ហួសហេតុក៏ដោយ។

ជាការពិតហើយថា ការ​អនុញ្ញាត​ឲ្យ​ចាយ​លុយ​ដុល្លារ​យ៉ាងទូ​លំ​ទូលាយ​បែប​នេះ អាច​បញ្ចៀស​មិន​ឲ្យកម្ពុជាត្រូវប្រឈមនឹងចលនាហូរចេញមូលធនទៅក្រៅប្រទេស និង​ជួយ​សម្រួល​កម្ពុជា ក្នុងការធ្វើសមាហរណកម្មក្នុងពាណិជ្ជកម្មអន្ដរជាតិ។ ប៉ុន្តែ​ក្រៅ​ពី​គុណ​ប្រយោជន៍​ទាំង​នេះ ការចាយលុយដុល្លារ ក៏​អាច​បង្ក​នូ​​វ​ផល​វិបាក​អវិជ្ជ​មាន​ច្រើ​ន​ផងដែរ​ដល់​សេដ្ឋកិច្ច​ខ្មែរ។

ដំបូងបង្អស់ ការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្ម នាំមកនូវការខាតបង់ចំណូល ដែល​ទទួលបានពីការបោះពុម្ពរូបិយវត្ថុជាតិ។ មានន័យថា កម្ពុជា​ត្រូវ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះពុម្ព​ក្រដាសប្រាក់។ ហើយការបាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់នេះ មាន​ន័យ​ថា រដ្ឋបាត់បង់ចំណូល ដែលបានមកពីការបោះពុម្ពរូបិយវត្ថុ។ លើសពីនេះ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ បានធ្វើឲ្យមានការរាំងស្ទះដល់ការអនុវត្តគោលនយោបាយរូបិយវត្ថុ និង​អាច​បង្ក​ជា​ហានិភ័យខ្ពស់ ចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ដោយឡែក ទាក់​ទង​នឹង​បញ្ហា​សង្គម​វិញ ដុល្លារូបនីយកម្ម បានរួមចំណែកបង្កើតឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រ។ ដូច​បាន​លើកឡើងខាងដើមហើយថា ការទិញដូរនៅកម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ជា​ប្រាក់​ដុល្លារ​។ ហើយមានតែបុគ្គលដែលមានធនធានហិរញ្ញវត្ថុជាដុល្លារ ឬជនបរទេសប៉ុណ្ណោះ ដែលអាចទិញទំនិញទាំងនោះបាន។ ចំណែកពលរដ្ឋដែលមានប្រាក់ខែជាប្រាក់រៀល ត្រូវ​ប្រឈម​មុខនឹងការខាតបង់យ៉ាងច្រើន នៅពេលពួកគេដូរប្រាក់ជាដុល្លារ។

ក្នុងបរិបទនេះ ការបង្កើនការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិ គឺជារឿងចាំបាច់ ដែលគួរពិចារណា ព្រោះថា វាជា​ការ​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​យ៉ាង​ពេញ​លេញ​ដោយ​ខ្លួន​ឯង។ ការចាយប្រាក់រៀល មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែ​វាក៏ជាមោទនភាពរបស់ជាតិខ្មែរទាំងមូលផងដែរ ព្រោះរូបិយប័ណ្ណជាតិ ជា​និមិត្តរូប​ដ៏​សំខាន់​មួយ​នៃអធិបតេយ្យជាតិ។ ដូច្នេះ ដើម្បីឲ្យលុយរៀលត្រូវបានគេប្រើប្រាស់ច្រើន និង​ជា​មោទនភាពរបស់ជាតិខ្មែរបាន រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែដាក់ចេញនូវនយោបាយ ដើម្បី​ស្តារ​ទំនុកចិត្តលើលុយរៀលឡើងវិញ។

នៅពេលដែលប្រទេសកម្ពុជាពង្រឹងទំនុកចិត្តលើកប្រាក់រៀលក្នុងចំណោមប្រជាពលរដ្ឋបាន នៅពេលនោះ ឥទ្ធិពលរបស់ប្រាក់ដុល្លារនឹងថយចុះជាបណ្ដើរៗ និងជាស្វ័យប្រវត្តិ។ ការ​លើក​​តម្កើង​ការ​ប្រើប្រាស់ប្រាក់រៀលនៅតាមធនាគារក្នុងស្រុក ក៏​ដូច​ជា​ការ​កំណត់​ការ​ទូ​ទាត់​​​ជា​ប្រាក់រៀល ក៏​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​បដិ​ដុល្លា​រូបនីយកម្ម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI