កម្ពុជា

មេបក្សប្រឆាំង​ស្វែង​រក​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​អាស៊ាន ជុំវិញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​

លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្ស​​សង្គ្រោះ​ជាតិ ដែល​ទើប​មក​ដល់​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា បន្ទាប់​ពី​ព្រះ​មហាក្សត្រ​លើក​លែងទោស។
លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្ស​​សង្គ្រោះ​ជាតិ ដែល​ទើប​មក​ដល់​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា បន្ទាប់​ពី​ព្រះ​មហាក្សត្រ​លើក​លែងទោស។ rfi/siv channa

ប្រមុខ​បក្ស​ប្រឆាំង លោក​សមរង្ស៊ី បាន​ចាក​ចេញ​ពី​កម្ពុជា ដោយ​ស្ងាត់ៗ ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន រួមមាន ហ្វីលីពីន និង​សិង្ហ​បុរី កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​៣០​កញ្ញា ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​មេ​ដឹកនាំ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​នោះ ជុំវិញ​ការ​បោះឆ្នោត នៅ​កម្ពុជា។ លោក​សមរង្ស៊ី ដែល​នឹង​មក​ដល់​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងៃ​ទី​២​តុលា​នេះ បាន​អះអាងថា ការ​បោះឆ្នោត​នៅ​កម្ពុជា ធ្វើ​ឡើង​មិន​ត្រឹមត្រូវ និង​មាន​ការ​លួចបន្លំ។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួ​ង បាន​ចាត់​ទុក​ ការ​ប្រឹងប្រែង​របស់លោក សមរង្ស៊ី ថា​ជា​ការ​ប្រឹងប្រែង ដែល​មិន​មានន័យ​អ្វី ហើយ​ក៏​មិន​ជះឥទ្ធិពល​អ្វី​ដល់​រដ្ឋាភិបាល​ទេ៕

ផ្សាយពាណិជ្ជកម្ម

លោក​សមរង្ស៊ី បាន​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន និង​សិង្ហ​បុរី សមាជិក​សមាគម​អាស៊ាន កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។ តាម​គម្រោង លោក​សមរង្ស៊ី នឹង​វិល​ត្រលប់​មក​ដល់​ភ្នំពេញ​វិញ នៅ​ល្ងាច​ម៉ោង ៦ ថ្ងៃ​ពុធ ទី​២​តុលា​នេះ។

 
នៅ​ប្រទេស​សមាជិក​អាស៊ាន​ពីរ​នោះ លោក​សមរង្ស៊ី បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ប្រទេស​ហ្វីលីពីន និង​សិង្ហ​បុរី អន្តរាគមន៍ លើ​ការ​បោះឆ្នោត ដែល​គណបក្ស​ប្រឆាំង អះអាង​ថា មិន​ត្រឹមត្រូវ​នៅ​កម្ពុជា។ នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ។

អ្នក​នាំ​ពាក្យ​បន្តថា តាម​គម្រោង លោក​សមរង្ស៊ី នឹង​វិល​ត្រលប់​ពី​សឹង្ហ​បុរី មកដល់​ភ្នំពេញ​វិញ នៅ​ម៉ោង ៦ ល្ងាច​នេះ ដើម្បី​ចូលរួម​ក្នុង​វេទិកា​មហាជន នៅ​ទីលាន​ប្រជាធិបតេយ្យ នា​រសៀល​ថ្ងៃ​អាទិត្យ ទី​៦​តុលា។ តាម​គម្រោង លោក​សមរង្ស៊ី នឹង​បន្ត​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី ជា​ដើម ដើម្បី​ធ្វើ​យុទ្ធនាការ​ការ​ទូត ស្នើ​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ អន្តរាគមន៍ លើ​ការ​បោះឆ្នោត ដែល​មិន​ត្រឹមត្រូវ​នៅ​កម្ពុជា។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស បាន​លើក​ឡើង​ថា អន្តរាគមន៍​របស់​លោក​សម រង្ស៊ី មិន​បាន​រារាំង​ដំណើរ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៣ នា​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០​តុលា នៅ​ប្រទេស ប្រ៊ុយណេ ឡើយ។

តាម​លោក កុយ គួង ការ​ប្រឹងប្រែង​របស់​មេ​បក្ស​ប្រឆាំង នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ពេលនេះ ជា​ការ​ប្រឹងប្រែង​មិនមាន​ន័យ​អ្វី​ទាំងអស់ ត្បិត​អី​ធម្មនុញ្ញ​អាស៊ាន បាន​កំណត់ មិន​ឲ្យ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ដែល​រាប់​ទាំង​កម្ពុជា ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទេ។ ការបោះឆ្នោត កាល​ពី​ខែ​កក្កដា ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា ដែល​មិន​អាច​មាន​ប្រទេស​ណា​មួយ មក​ជ្រៀតជ្រែក​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI