លោកសម រង្ស៊ី ដឹកនាំបាតុករយកញត្តិទៅប្រគល់ជូនតំណាងអង្គការសហប្រជាជាតិ
ដូចការគ្រោងទុក លោកសម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំបាតុករ ដង្ហែញត្តិទៅប្រគល់ជូនការិយាល័យឧត្តមស្នងការសហប្រជាជាតិប្រចាំទីក្រុងភ្នំពេញរួចហើយ នៅរសៀលថ្ងៃពុធនេះ។ មហាបាតុកម្មគណបក្សសង្គ្រោះជាតិនៅរសៀលថ្ងៃនេះ មានមនុស្សចូលរួមយ៉ាងច្រើនកុះករ។ មហាបាតុកម្មនេះនឹងបន្តធ្វើរយៈពេល៣ថ្ងៃជាប់គ្នា ដើម្បីទាមទាររកយុត្តិធម៌ក្នុងការបោះឆ្នោត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ញត្តិដែលមានស្នាមមេដៃពលរដ្ឋជាង២លាននាក់ ត្រូវបានបញ្ជូនទៅដល់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សហើយ នៅរសៀលថ្ងៃពុធនេះ។ ក្រុមបាតុករច្រើនពាន់នាក់ដឹកនាំដោយលោក សម រង្ស៊ី និងលោកកឹម សុខា បានដើរដង្ហែញត្តិនោះចេញពីទីលានប្រជាធិបតេយ្យ ឆ្ពោះទៅកាន់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំទីក្រុងភ្នំពេញ ដែលស្ថិតក្នុងសង្កាត់បឹងកេងកង។
មុនពេលចេញពីទីលានប្រជាធិបតេយ្យ មេដឹកនាំគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់ក្រុមបាតុករដែលកកកុញក្នុងទីលានប្រជាធិបតេយ្យអំពីគោលបំណងនៃការធ្វើមហាបាតុកម្មនេះថា ដើម្បីទាមទាររកយុត្តិធម៌ក្នុងការបោះឆ្នោត និងទាមទារឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា។
គ្មានការវាយតម្លៃជាក់លាក់ណាមួយស្តីពីចំនួនអ្នកចូលរួមឲ្យបានពិតប្រាកដទេ។ គណបក្សសង្គ្រោះជាតិអះអាងថា មានអ្នកចូលរួមប្រមាណជា ៦ម៉ឺននាក់ ខណៈដែលអង្គការសង្គមស៊ីវិលថា មានចំនួនប្រហែលជាង ៤ម៉ឺននាក់។ ប៉ុន្តែ អ្វីដែលគេអាចកត់សម្គាល់នោះគឺមានអ្នកចូលរួមប្រហាក់ប្រហែលនឹងបាតុកម្មលើកមុនៗដែរ។
លោក ចាន់ សូវ៉េត មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកដែលបានតាមដានព្រឹត្តិការណ៍នេះយ៉ាងយកចិត្តទុកដាក់ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា មហាបាតុកម្មថ្ងៃនេះបានប្រព្រឹត្តទៅដោយគ្មានអំពើហិង្សាទេ។ នៅថ្ងៃនេះដែរ ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីអំពាវនាវឲ្យបាតុករនិងសមត្ថកិច្ចប្រកាន់ខ្ជាប់នូវគោលការណ៍បាតុកម្មអហិង្សា និងដោយសន្តិវិធី។
ដោយឡែក នៅតាមបណ្តាច្រកចូលភ្នំពេញ អាជ្ញាធរមិនបានរារាំងអ្នកដំណើរដែលមកចូលរួមបាតុកម្មទេ ប៉ុន្តែ គ្រាន់តែមានការឆែកឆេរខ្លះៗប៉ុណ្ណោះ។ នេះបើយោងតាមលោក សួន ប៊ុនស័ក្តិ លេខាធិការប្រតិបត្តិនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្ស។ ការឆែកឆេររបស់សមត្ថកិច្ចបានបង្កការរំខានខ្លះដល់អ្នកដំណើរ។ យ៉ាងណាក៏ដោយ លោក សួន ប៊ុនស័ក្តិ កត់សម្គាល់ថា អាជ្ញាធរហាក់ដូចជាមានការសម្របសម្រួលឲ្យបាតុករបានចូលមកធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ។
មហាបាតុកម្មនឹងបន្តធ្វើរយៈពេលបីថ្ងៃជាប់ៗគ្នា។ នៅថ្ងៃស្អែក និងថ្ងៃបន្តបន្តាប់ទៀត ក្រុមបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងដង្ហែញត្តិស្នាមមេដៃរបស់អ្នកគាំទ្រទៅជូនស្ថានទូតបរទេសនានានៅទីក្រុងភ្នំពេញផងដែរ ដើម្បីសុំឲ្យសហគមន៍អន្តរជាតិជួយដោះស្រាយបញ្ហាបោះឆ្នោត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ