កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​៖​លោក​​​​​សមរង្ស៊ី​ប្រឈម​នឹង​ការ​ដកហូត​លិខិត​ឆ្លងដែន​ការទូត​

លោក​ សម រង្ស៊ី ប្រឈម​នឹង​ការដកហូត​លិខិត​ឆ្លងដែនការទូត
លោក​ សម រង្ស៊ី ប្រឈម​នឹង​ការដកហូត​លិខិត​ឆ្លងដែនការទូត RFI

លោក​​ហោ ណាំហុង​រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា​ បាន​បញ្ជាក់​​ថា​រដ្ឋាភិបាល​​កម្ពុជា​នឹង​​ពិចារណា​​លើ​​ការ​ដក​ហូត​​លិខិត​ឆ្លង​ដែន​​ការទូត​ពី​​មេដឹក​នាំ​​គណបក្ស​ប្រឆាំង​ លោក​ សមរង្ស៊ី​ ខណៈ​​ដែល​​លោក​ សមរង្ស៊ី​ ជាប់​​ឈ្មោះ​ក្នុង​​បញ្ជី​​ពិរុទ្ធជន​។​ លោក​​សម​រង្ស៊ី​ត្រូវ​បាន​​តុលាការ​ ប្រទេស​​កម្ពុជា​ផ្តន្ទាទោស​​កំបាំង​មុខ​ដាក់​​ពន្ធនាគារ​​ជាង ​១០ ​ឆ្នាំ​ក្នុង​​រឿង​​ព្រំដែន​​កម្ពុជា​​-​វៀតណាម​។​​ 

ផ្សាយពាណិជ្ជកម្ម

ក្នុងពេលចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការ នា​ថ្ងៃ​១២​មិថុនា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា រដ្ឋាភិបាលកម្ពុជា នឹងពិនិត្យនៅថ្ងៃក្រោយ លើការសម្រេចដកហូតលិខិតឆ្លងដែនការទូត ពីលោក សម រង្ស៊ី។
ឆ្លើយតបនឹងសំណួរអ្នកកាសែត លោក ហោ ណាំហុង បានបញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹងពិនិត្យទៅថ្ងៃក្រោយ ចំពោះការដកហូតលិខិតឆ្លងដែនការទូត ពីលោក​សមរង្ស៊ី។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងសមរង្ស៊ី កំពុងនិរទសខ្លួននៅក្រៅប្រទេស គឺជា​អ្នក​តំណាងរាស្ត្រដែលកាន់លិខិតឆ្លងដែនការទូត។ ក៏ប៉ុន្តែលោកសមរង្ស៊ី ត្រូវបានតុលាការកម្ពុជា ផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារសរុបជាង ១០ ឆ្នាំ ក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម កាល​ពីដើមឆ្នាំ២០១០។

លោកសមរង្ស៊ី ក៏ជាប់បណ្តឹងបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ជាមួយលោក​រដ្ឋមន្ត្រី​ការបរទេស ​ហោ ណាំហុង ពាក់ព័ន្ធនឹងគុកបឹងត្របែកក្នុងសម័យខ្មែរក្រហម។ កាលពី​ខែមីនា ឆ្នាំ២០១១ ក្រោយពីសាលដីកាផ្តន្ទាទោសកំបាំងមុខ លោកសមរង្ស៊ី ចូលជាធរមាន រដ្ឋសភា​បាន​លុបឈ្មោះលោកសមរង្ស៊ី ចេញពីបញ្ជីឈ្មោះអ្នកតំណាងរាស្ត្រ។

យ៉ាងណាក៏ដោយ គេមិនទាន់ឃើញចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដើម្បី​ចេញ​ដីកា​ក្រហម​​តាមរយៈ​​ ប៉ូលិសអន្តរជាតិ​តាមចាប់ខ្លួនលោក សមរង្ស៊ី ខណៈដែលលោកសមរង្ស៊ី ដែល​មានសញ្ជាតិបារាំងនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំគណបក្សនៅប្រទេសហ្វីលីពីន នា​ចុង​ខែមិថុនាខាងមុខ។

ក៏ប៉ុន្តែករណីលោកសមរង្ស៊ី ត្រូវបានសង្គមស៊ីវិលនិងអ្នកវិភាគនយោបាយកម្ពុជា ចាត់​ទុក​ជា​រឿង​នយោបាយ ពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា និងវៀតណាម។ ម្យ៉ាងទៀត ការផ្តន្ទាទោស លោកសមរង្ស៊ី គ្រាន់តែជារបាំង ដើម្បីរារាំងលោកសមរង្ស៊ី ពីនយោបាយ​ក្នុង​ប្រទេស​ប៉ុណ្ណោះ។​

អំពីដំណើរទៅកាន់សហរដ្ឋអាមេរិករបស់លោក ហោ ណាំហុងក៏ត្រូវបានគេរាយការណ៍មកថា ខ្មែរនៅអាមេរិក គ្រោងធ្វើបាតុកម្មប្រឆាំងលោកហោ ណាំហុងខណៈដែលលោកស្រីមូរ សុខ​ហួរ​ បានទៅជួបតំណាងលោកស្រី ហ៊ីលឡារី គ្លីនតុនរដ្ឋមន្ត្រីការបរទេសអាមេរិក កាល​ពី​ប៉ុន្មាន​ថ្ងៃមុន ដោយបានស្នើឲ្យអាមេរិកកាត់ជំនួយផ្នែកកងទ័ពដល់កម្ពុជា ពិសេស​ករណី​ជម្លោះ​ដីធ្លី និងការចាប់ខ្លួនអ្នកភូមិបឹងកក់ ១៥ នាក់ ដាក់ពន្ធនាគារ។
 

ក៏ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេស ហោណាំហុង បានបញ្ជាក់ថា លោកទៅកាន់អាមេរិក​ពេល​នេះ​ មិនមែនដើម្បីបកស្រាយអ្វីដែលលោកជំទាវមូរសុខហួរ លើកទេ។ កម្ពុជាជារដ្ឋឯករាជ្យ។ នយោបាយរបស់កម្ពុជា គឺធ្វើនៅភ្នំពេញ ដោយរដ្ឋាភិបាលកម្ពុជា មិនមែន​ធ្វើ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI