លោកសម រង្ស៊ី ត្រូវបានរដ្ឋសភាបញ្ចប់សមាជិកភាពពីអ្នកតំណាងរាស្ត្រ
ចុះផ្សាយនៅថ្ងៃ៖
ប្រធានរដ្ឋសភា លោក ហេង សំរិន បានប្រកាសជាលាយលក្ខណ៍អក្សរថា លោក សម រង្ស៊ី ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៥មីនា២០១១ទៅ។ សេចក្តីសម្រេចដូច្នេះ ដោយសារតែសាលដីការបស់តុលាការកំពូល ដែលបានផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ ពីរឆ្នាំ ក្នុងរឿងដកតម្រុយបង្គោលព្រំដែន នៅខេត្តស្វាយរៀង បានចូលជាស្ថាពរ កាលពីថ្ងៃ១៥មីនាម្សិលមិញ។
សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីភ្នំពេញ
ដើម្បីសម្រេចបញ្ចប់សមាជិកភាពជាតំណាងរាស្រ្តរបស់លោកសម រង្ស៊ី ប្រធានរដ្ឋសភាកម្ពុជាបានលើកយកមូលដ្ឋានច្បាប់មួយចំនួន គឺ ប្រការ ៨៣ នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា, មាត្រា ១៤ នៃច្បាប់ ស្តីពីលក្ខន្តិកៈអ្នកតំណាងរាស្ត្រ, មាត្រា ១២០ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងយោងតាមសាលដីការបស់តុលាការកំពូល ចុះថ្ងៃទី១៥មីនាឆ្នាំ២០១១។
តុលាការទាំងបីថ្នាក់របស់ប្រទេសកម្ពុជាបានសម្រេចផ្តន្ទាទោសដោយកំបាំងមុខ ឲ្យលោកសម រង្ស៊ី ជាប់ពន្ធនាគាររយៈពេល ពីរឆ្នាំ ក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង។ សាលដីការបស់តុលាការកំពូល បានចូលជាស្ថាពរ កាលពីថ្ងៃ១៥មីនាម្សិលមិញ។
គឺនៅថ្ងៃ១៥មីនាម្សិលមិញនេះឯង លោក ហេង សំរិន ប្រធានរដ្ឋសភា បានចេញសេចក្តីប្រកាសជាពិសេស បញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបាត់បង់សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលកំពង់ចាម អាណត្តិទី៤។
មាត្រា ១២០ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ បានកំណត់ថា សមាជិករដ្ឋសភាត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ទៅតាមករណី សាមីខ្លួននោះ ត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ។ គណបក្សនយោបាយនោះ អាចស្នើជ្រើសតាំងសមាជិកថ្មីជំនួស ដោយជ្រើសតាំងក្នុងចំណោមបេក្ខជនដែលមានឈ្មោះ តាមលំដាប់លេខរៀង ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃមណ្ឌលបោះឆ្នោតរបស់សាមីខ្លួន មកជំនួសដោយមិនបាច់បោះឆ្នោតឡើងវិញ។
យ៉ាងណាក៏ដោយ ចំពោះការសម្រេចរបស់រដ្ឋសភាយ៉ាងដូច្នេះ ត្រូវបានលោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី ចាត់ទុកជារឿងមិនត្រឹមត្រូវ និងជាសេចក្តីសម្រេច ដោយអយុត្តិធម៌។ លោក គង់ គាំ បានលើកឡើងថា លោកតំណាងរាស្ត្រសមរង្ស៊ី មិនមានកំហុសអ្វីទេ ប៉ុន្តែការសម្រេចរបស់តុលាការទាំងបីថ្នាក់ និងការសម្រេចរបស់រដ្ឋសភា គ្រាន់តែជាការចង់ផាត់លោកសមរង្ស៊ី ចេញពីឆាកនយោបាយនៅកម្ពុជាប៉ុណ្ណោះ។
ចាប់តាំងពីមានរឿងរ៉ាវដកបង្គោលតម្រុយព្រំដែនកម្ពុជាវៀតណាម នៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៥តុលា ឆ្នាំ២០០៩ លោក សម រង្ស៊ី បាននិរទេសខ្លួន ទៅស្នាក់នៅប្រទេសបារាំង។ មេបក្សប្រឆាំងរូបនេះ ក៏ត្រូវតុលាការក្រុងភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១០ សម្រេចផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ក្នុងសំណុំរឿងផែនទីក្លែងក្លាយ។ សំណុំរឿងថ្មីនោះ កំពុងស្ថិតនៅតុលាការសាលាឧទ្ធរណ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ