គណបក្សសម រង្ស៊ីអំពាវនាវឲ្យមានការផ្សះផ្សានយោបាយនៅកម្ពុជា
គណបក្សសម រង្ស៊ី ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជាបានអំពាវនាវរកការផ្សះផ្សាជាមួយគណបក្សកាន់អំណាចដើម្បីបើកច្រកឲ្យលោកសម រង្ស៊ីបានវិលត្រឡប់ចូលស្រុកវិញជាពិសេសចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៣។ ប៉ុន្តែ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីលោកសម រង្ស៊ីគឺជារឿងផ្លូវច្បាប់មិនមែនជារឿងនយោបាយទេ។ នេះអាចចាត់ទុកជាចម្លើយអវិជ្ជមានមួយចំពោះបក្សប្រឆាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ នៅចុងសប្តាហ៍នេះ ដោយអំពាវនាវឲ្យមានការផ្សះផ្សានយោបាយ រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ ការអំពាវនាវបែបនេះបានធ្វើឡើង ដោយយោងទៅលើប្រសាសន៍របស់ លោក ស៊ូរិយា ស៊ូប៊េឌី អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលចង់ឃើញការបង្រួបបង្រួមផ្សះផ្សាគ្នា រវាងកម្លាំងនយោបាយសំខាន់ទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅកម្ពុជា កាលពីសប្តាហ៍មុន លោក ស៊ូរិយា ស៊ូប៊េឌី បានមានប្រសាសន៍ថា កិច្ចប្រឹងប្រែងក្នុងគោលបំណងស្ថាបនាឡើងនូវមាគ៌ាផ្សះផ្សា រវាងរដ្ឋាភិបាល និងគណបក្សប្រឆាំង នឹងក្លាយជាការពង្រឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងន័យនេះ ក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា គណបក្សសម រង្ស៊ីមានឆន្ទៈក្នុងការឆ្លើយតបជាវិជ្ជមាន ចំពោះការអំពាវនាវរកការផ្សះផ្សាជាតិ ពីសំណាក់តំណាងអង្គការសហប្រជាជាតិ។ គណបក្ស សម រង្ស៊ី ក៏សង្ឃឹមថា គណបក្សប្រជាជនកម្ពុជានឹងបង្ហាញនូវមេត្រីភាពដ៏មានតម្លៃនេះ ដើម្បីសម្រេចបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយនៅកម្ពុជា។
ទន្ទឹមនឹងនោះដែរ គណបក្សប្រឆាំងក៏បានអំពាវនាវឲ្យរដ្ឋាភិបាលអន្តរជាតិជួយដាក់សម្ពាធទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីសម្រេចគោលដៅនេះ។ ក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី អះអាងថា វត្តមានលោកសម រង្ស៊ី នៅក្នុងប្រទេសកម្ពុជា មុនការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ មានសារៈសំខាន់ណាស់ក្នុងការធានានូវការប្រកួតប្រជែងជាមួយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវការបោះឆ្នោតដែលអាចជឿជាក់បាន។
នៅមិនទាន់មានការឆ្លើយតបភ្លាមៗពីគណបក្សប្រជាជនកម្ពុជានៅឡើយទេក្នុងពេលភ្លាមៗនេះ។ ប៉ុន្តែ នៅក្នុងលិខិតមួយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឆ្លើយតបទៅនឹងសំណួររបស់តំណាងរាស្ត្របក្សប្រឆាំង ចំពោះករណីលោក សម រង្ស៊ី ដែលត្រូវបានគេផ្សព្វផ្សាយនៅចុងសប្តាហ៍នេះដែរ ប្រមុខរដ្ឋាភិបាលបក្សកាន់អំណាចបានបញ្ជាក់ថា ករណីលោកសម រង្ស៊ី គឺជារឿងផ្លូវច្បាប់ មិនមែនជារឿងនយោបាយឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហៅលោក សម រង្ស៊ីថាជា «ទណ្ឌិត»នោះ បានចោទមេដឹកនាំបក្សប្រឆាំងថា បានប្រព្រឹត្តអំពើខុសឆ្គង ដូចដែលមានក្នុងសាលក្រម និងសាលដីការបស់តុលាការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ