កម្ពុជា

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​យក​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ តែ​គណបក្ស​សម រង្ស៊ី​ច្រាន​ចោល

ការរាប់​សន្លឹកឆ្នោត​បណ្តោះអាសន្ន​បង្ហាញ​ថា គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​នាំមុខ​នៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​កាលពីថ្ងៃ​ទី ៣​មិថុនា ២០១២
ការរាប់​សន្លឹកឆ្នោត​បណ្តោះអាសន្ន​បង្ហាញ​ថា គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​នាំមុខ​នៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​កាលពីថ្ងៃ​ទី ៣​មិថុនា ២០១២ ©RFI/ siv channa

លទ្ធផល​បឋម នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាលពី​ថ្ងៃ​ទី​៣​មិថុនា ម្សិលមិញ ដែល​ប្រកាស​ដោយ គ​.​ជ​.​ប​. បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ នាំមុខ​លើសលុប លើ​គណបក្ស​នយោបាយ ៤ ផ្សេងទៀត ដែល​ទទួលបាន​សំឡេង​គាំទ្រ ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ទទួល​យក​លទ្ធ​ផល​បោះឆ្នោត ដែល​គណបក្ស​ប្រជាជន កាន់កាប់​ឃុំ​សង្កាត់​ចំនួន ១៥៩១ ឃុំ​សង្កាត់ ក្នុងចំណោម ១៦៣៣ ឃុំ​សង្កាត់​ទូទាំង​ប្រទេស។ ចំណែក​គណបក្ស​សម​រង្ស៊ី ដែល​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​២ តាមរយៈ​អ្នកនាំពាក្យ លោក យឹម សុវណ្ណ បានប្រកាស​ច្រានចោល​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់។

ផ្សាយពាណិជ្ជកម្ម

 

ការបោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ត្រូវបាន​គេ​ប្រកាស​លទ្ធផលក្រៅផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា បន្ត​នាំមុខ ដោយ​ដណ្តើមបាន​តំណែង​មេឃុំ​ចៅសង្កាត់ ចំនួន ១៥៩១ ឃុំ​សង្កាត់ ក្នុងចំណោម ១.៦៣៣ ឃុំ​សង្កាត់។ ចំណែក​គណបក្ស​សម​រង្ស៊ី ដែល​ឈរ​លំដាប់​ទី​២ ទទួលបាន ២៤ ឃុំ​សង្កាត់ ក្នុង​តំណែង​ជា​មេឃុំ ចៅសង្កាត់ និង​គណបក្ស​សិទ្ធិមនុស្ស ចំនួន ១៨ ឃុំ​សង្កាត់។

លទ្ធផល​មិន​ផ្លូវការ នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ ដែល​ត្រូវបាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ចន្ទ​នេះ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៨.១៨៣ អាសនៈ និង​សំឡេងឆ្នោត ៣.៦៣៨.២៩០។ គណបក្ស​សមរង្ស៊ី ចំនួន ២.១៥៥ អាសនៈ ជាមួយ​នឹង​សំឡេង​ឆ្នោត ១.២២១.៨៣២។ គណបក្ស​សិទ្ធិមនុស្ស ចំនួន ៨០០ អាសនៈ និង​សំឡេងឆ្នោត ៥៧៣.៩៧៥។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ១៦០ អាសនៈ និង​សំឡេងឆ្នោត ២២៧.២៨៧ និង​គណបក្ស​នរោត្តម រណឫទ្ធិ ចំនួន ៥៣ អាសនៈ និង​សំឡេងឆ្នោត ១៦៩.១៩៥។

លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​ខាងលើនេះ ត្រូវបាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​សមាជិក​គណៈកម្មការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បកស្រាយនៅ​ថ្ងៃ​នេះថា គឺ​ប្រហាក់ប្រហែល​នឹង​ការរំពឹងទុក។ ម្យ៉ាងទៀត ការបោះឆ្នោត​ពេល​នេះ នឹង​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​សភា នៅ​ឆ្នាំក្រោយ។ នោះ​គឺ​ចំនួន​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ប្រហាក់ប្រហែល​ពេលមុន តែ​គណបក្ស​សមរង្ស៊ី ប្រហែល​ជា​បាត់​អាសនៈ។

ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បានចាត់ទុក​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃ​ម្សិលមិញ ជា​ជោគជ័យ​របស់​គណបក្ស​សិទ្ធិមនុស្ស មួយ​ជំហាន​​ទៀត បន្ទាប់​ពី​បង្កើត កាលពី​ឆ្នាំ​២០០៧។ លោក​កឹម​សុខា​ក៏​សប្បាយ​នឹង​ជោគជ័យ ដោយ​គណបក្ស​សិទ្ធិមនុស្ស ដណ្តើម​បាន​យ៉ាងតិច មេឃុំ​ចំនួន ១៨ ពី​គណបក្ស​ប្រជាជន​កម្ពុជា។

ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​កឹម​សុខា បានលើកឡើង​ពី​ភាពមិនប្រក្រតី​មួយចំនួន ដូចជា អ្នកបោះឆ្នោត​បាត់ឈ្មោះ មានការ​គម្រាមកំហែង និង​ការទិញ​សន្លឹក​ឆ្នោត​ពី​គណបក្ស​អំណាច ជាដើម។

ដោយឡែក​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​ប្រកាស​នៅ​ព្រឹកមិញ​ថា គណបក្ស​សមរង្ស៊ី មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ កាល​ពី​អាទិត្យ​ម្សិលមិញ។ ហេតុផល គឺ​គណបក្ស​សមរង្ស៊ី មិន​មាន​មេបក្ស​ចូលរួម​បោះឆ្នោត ប្រព័ន្ធ​ឃោសនា​អាក្រក់ លម្អៀង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា បាត់​ឈ្មោះ​អ្នកបោះឆ្នោត និង​មាន​ការទិញ​ទឹកចិត្ត ជាដើម។

យ៉ាងណាក៏ដោយ ​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ នឹងត្រូវ គ​.​ជ​.​ប​. ប្រកាស​នៅ​ថ្ងៃទី​២៤ ខែ​មិថុនា​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI