យុវជនគណបក្សសមរង្ស៊ីប្តឹងនាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះហេតុការណ៍មនុស្សស្លាប់នៅកោះពេជ្រ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកានេះ ប្រធានចលនាយុវជនរបស់គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការក្រុងភ្នំពេញ ប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទមនុស្សឃាតគិតទុកជាមុន។ ពាក្យបណ្តឹង ដែលក្រឡាបញ្ជីបានបោះត្រាទទួលយកនោះ បានចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកទទួលខុសត្រូវ ក្នុងហេតុការណ៍ មនុស្សផ្អើលរត់ជាន់គ្នាស្លាប់ នៅយប់បង្ហើយ នៃពិធីបុណ្យអុំទូក កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។ ចំពោះមន្ត្រីរដ្ឋាភិបាល បានច្រានចោលការចោទប្រកាន់ ហើយចាត់ទុកពាក្យបណ្តឹងនោះ ថាជាការប្រមាថលើកិត្តិយសរបស់ប្រមុខរដ្ឋាភិបាល។ រដ្ឋាភិបាលក៏អាចនឹងប្តឹងបកប្រឆាំងនឹងប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី ផងដែរ។
ពាក្យបណ្តឹងរបស់ប្រធានចលនាយុវជនគណបក្សសមរង្ស៊ី លោក សួង សុភ័ណ្ឌ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ត្រូវបានក្រឡាបញ្ជីទទួលយក កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២។
បន្ទាប់ពីដាក់ពាក្យបណ្តឹងនៅតុលាការ នាព្រឹកមិញ លោក សួង សុភ័ណ្ឌ បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា លោកប្តឹងចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទមនុស្សឃាតគិតទុកជាមុន ចំពោះព្រឹត្តិការណ៍នៅយប់ថ្ងៃទី៣ នៃពិធីបុណ្យអុំទូក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៅស្ពានកោះពេជ្រ ដែលបានសម្លាប់មនុស្ស ៣៥៣ នាក់ និងរបួសជាង ៤០០ នាក់ ដោយសារតែលោកនាយករដ្ឋមន្ត្រី ជាអ្នកគ្រប់គ្រងប្រទេស តែមិនបានអើពើ នាំឲ្យមានហេតុការណ៍សោកនាដកម្មនោះកើតឡើង។
លោក សួង សុភ័ណ្ឌ៖ “យើងឃើញថា ការរៀបចំបុណ្យជាតិ និងការគ្រប់គ្រងស្ថានការណ៍ទាំងអស់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកគ្រប់គ្រង។ លោក ហ៊ុន សែន គឺជាអ្នកគ្រប់គ្រងស្ថានការណ៍ទាំងអស់នោះ។ ប៉ុន្តែលោក ហ៊ុន សែន គាត់បានបណ្តោយឲ្យស្ថានការណ៍នោះ សម្លាប់មនុស្សយ៉ាងច្រើននាក់ រាប់រយនាក់ រាប់ពាន់នាក់។ ដូច្នេះ ក្នុងនាមខ្ញុំជាយុវជន ក្នុងនាមខ្ញុំ ដែលប្រកាន់គោលជំហរស្រលាញ់យុវជន ប្រកាន់គោលជំហរដើម្បីយុវជន គឺយើងមិនអាចបណ្តោយឲ្យស្ថានការណ៍នេះ យកទៅលាក់ទុក ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងច្បាស់ណាស់ថា នឹងយកថ្ងៃទី២២វិច្ឆិកា ២០១០ ជាថ្ងៃបុណ្យជាតិ ហើយមួយវិញទៀត លោកបានលើកឡើងថា នឹងគោរពជារៀងរាល់ឆ្នាំ។ ប៉ុន្តែផ្ទុយទៅវិញ យើងឃើញពីរឆ្នាំកន្លងមកនេះ គ្មានការគោរពវិញ្ញាណក្ខន្ធ ដែលលោកនាយករដ្ឋមន្ត្រី ដែលជាអ្នករៀបចំសោះឡើយ"។
លោក សួង សុភ័ណ្ឌ ក៏បានបញ្ជាក់ថា លោកបានភ្ជាប់ជាមួយពាក្យបណ្តឹងនូវភស្តុតាងជារូបថត និងខ្សែវីដេអូ ជាដើម ដែលបង្ហាញពីអំពើមនុស្សឃាតគិតទុកជាមុន លើអ្នកស្លាប់នៅលើស្ពានកោះពេជ្រ កាលពីពីរឆ្នាំមុន រួមមាន៖ អាជ្ញាធរបណ្តោយឲ្យមានមនុស្សស្លាប់ អាជ្ញាធរបិទផ្លូវ ហើយបាញ់ទឹកលើជនរងគ្រោះ នាំឲ្យថប់ដង្ហើមស្លាប់ ដោយមិនជ្រើសយកវិធានការជួយសង្គ្រោះផ្សេង តាមរយៈការកាត់បង្កាន់ដៃស្ពាន ឬក៏ប្រើឧទ្ធម្ភាគចក្រ ជាដើម។
ចំពោះសំនួរថា ហេតុការណ៍នៅកោះពេជ្រ បានរំលងផុតពីរឆ្នាំទៅហើយ ហេតុអ្វីទើបលោក សួង សុភ័ណ្ឌ ដាក់ពាក្យបណ្តឹង ទៅតុលាការ នៅពេលនេះ?។ លោក សួង សុភ័ណ្ឌ ឆ្លើយតបថា លោកទុកពេលប្រមូលភស្តុតាង និងរង់ចាំមើលចំណាត់ការរបស់រដ្ឋាភិបាល លើករណីនោះ។
លោក សួង សុភ័ណ្ឌ បានបញ្ជាក់ថា "ខ្ញុំរង់ចាំអស់ពីរឆ្នាំហើយ។ រង់ចាំឲ្យរដ្ឋាភិបាល ក៏ដូចជាលោក ហ៊ុន សែន ចាត់វិធានការ។ ប៉ុន្តែផ្ទុយទៅវិញ លោក ហ៊ុន សែន បានចាត់វិធានការរៀបចំគណៈកម្មាធិការបែបឡមៗ។ រៀបចំគណៈកម្មាធិការគ្នាឯង ហើយស៊ើបអង្កេត ហើយលើសពីនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំទាស់រាល់សំណូមពររបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្នុងករណីស៊ើបអង្កេតលើករណីកោះពេជ្រ។ ដូច្នេះយើងមើលរូបភាព គឺឃើញថា លោក ហ៊ុន សែន កំពុងតែព្យាយាមលុបបំបាត់ក៏ដូចជាឲ្យភ្លេចករណីកោះពេជ្រនេះ"។
ចំពោះការដាក់ពាក្យបណ្តឹងខាងលើនេះ ត្រូវបានលោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានព្រមានថា ប្រសិនបើការប្តឹងចោទប្រកាន់នោះ មិនមានភស្តុតាងច្បាស់លាស់ រដ្ឋាភិបាល ពិសេសលោកនាយករដ្ឋមន្ត្រី មានសិទ្ធិ ក្នុងការពារនូវកិត្តិយសរបស់ខ្លួន ដើម្បីនឹងប្តឹងបកវិញ។
លោក ទិត សុធា បានបន្ថែមថា "នេះជាការយកកិត្តិយស និងជាការជាន់ឈ្លីកិត្តិយសរបស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈកម្សោយនៃជីវិតនយោបាយរបស់ក្រុមខ្លួន មកភ្ជាប់បញ្ហា ទម្លាក់កំហុសមកលើរដ្ឋាភិបាល ដែលជាអ្នករក្សានូវស្ថិរភាពសង្គម ហើយរាជរដ្ឋាភិបាលយកចិត្តខ្ពស់ ក្នុងការដោះស្រាយ នៅពេលមានឧបទ្ទវហេតុចៃដន្យ នៅកោះពេជ្រនោះកើតឡើង។ រដ្ឋាភិបាល មានវិធានការ ជាបន្តបន្ទាប់ និងមានការសោកស្តាយជុំវិញគ្រោះថ្នាក់ ដែលកើតឡើង ជាយថាហេតុនោះ។ មិនគួរត្រូវបានក្រុមយុវជន នៃគណបក្សប្រឆាំងយកសាកសពរបស់ពលរដ្ឋរងគ្រោះ មកធ្វើជាល្បែងនយោបាយ ដើម្បីភាពឡប់ឡែរបស់ខ្លួននោះទេ។ ម្យ៉ាងទៀត ការធ្វើអ្វីមួយ ត្រូវស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់ ដែលត្រូវគិតអំពីកិត្តិយសរបស់អ្នកដទៃផង"។
បន្ទាប់ពីដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោកនាយករដ្ឋមន្រី្ត នៅថ្ងៃនេះ ប្រធានចលនាយុវជនគណបក្សសមរង្ស៊ី ក៏គ្រោងនឹងដាក់ពាក្យបណ្តឹងដូចគ្នានេះដែរ ប្រឆាំងនឹងលោក គង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ព្រមទាំងលោក ទូច ណារ៉ុថ អតីតស្នងការប៉ូលិសក្រុងភ្នំពេញ និងលោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ ក្នុងរឿងហេតុ ដែលនាំឲ្យមានមនុស្សស្លាប់ នៅកោះពេជ្រ ក្នុងយប់បង្ហើយនៃពិធីបុណ្យអុំទូក កាលពីថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១០។
លោក សួង សុភ័ណ្ឌ បានបន្ថែមថា នៅខែធ្នូខាងមុខឆាប់ៗនេះ លោកនឹងធ្វើដំណើរទៅកាន់ប្រទេសហូឡង់ ដើម្បីដាក់ពាក្យបណ្តឹងដូចគ្នា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរឿងមនុស្សស្លាប់ នៅកោះពេជ្រ។
មេដឹកនាំចលនាយុវជនគណបក្ស សម រង្ស៊ី ក៏បានបញ្ជាក់ថា លោកមិនខ្លាចញញើតនឹងការប្តឹងបករបស់លោកនាយករដ្ឋមន្ត្រី ប្រឆាំងរូបលោកវិញ ដូចករណីលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០០៩ ឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ