មេដឹកនាំនយោបាយទៅវត្ត ហើយឆ្លៀតផ្តល់ជំនួយដល់អ្នករងគ្រោះដោយទឹកជំនន់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ថ្ងៃសុក្រនេះ លោកសមរង្ស៊ី ប្រមុខដឹកនាំបក្សប្រឆាំង បានទៅវត្ត នៅខេត្តក្រចេះ និងបានជួបអ្នករងគ្រោះដោយទឹកជំនន់ ព្រមទាំងផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ ជាស្បៀងអាហារបន្តិចបន្តួច។ ដោយឡែក ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏មិននៅស្ងៀមឡើយ។ ក្រៅពីទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ថ្នាក់ដឹកនាំគណបក្សកាន់អំណាច ក៏បានចុះជួបអ្នករងគ្រោះដោយទឹកជំនន់ និងបានផ្តល់ជំនួយជាអង្ករ តាមលទ្ធភាព ព្រមទាំងណែនាំដល់ពលរដ្ឋរងគ្រោះឲ្យបង្កើនការប្រុងប្រយ័ត្នពីគ្រោះមហន្តរាយនេះ។
ចាប់តាំងពីថ្ងៃទី២ ថ្ងៃទី៣ និងនៅថ្ងៃទី៤តុលា ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ លោកសម រង្ស៊ី លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនទៀត ក្រៅពីទៅវត្ត ប្រគេនចង្ហាន់បិណ្ឌបាត្រដល់ព្រះសង្ឃ ថ្នាក់ដឹកនាំបក្សប្រឆាំង ក៏បានឆ្លៀតចុះជួបជនរងគ្រោះ ដោយទឹកជំនន់ នៅខេត្តកំពង់ចាម និងខេត្តក្រចេះ ដើម្បីចែកនូវអំណោយសង្គ្រោះបន្ទាន់ ដែលមាន មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអង្ករ ជាដើម។
នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ថ្ងៃសុក្រនេះ លោកសម រង្ស៊ី បានចុះទៅខេត្តក្រចេះ ទៅវត្តសរសរ១០០ និងវត្តមួយចំនួនទៀត។ លោកសម រង្ស៊ី ក៏បានជួប និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋ រងគ្រោះ ដែលមកស្នាក់នៅបណ្តោះអាសន្ន តាមដងផ្លូវផងដែរ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ជំនួយសង្គ្រោះបន្ទាន់ ដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នាំយកទៅចែកជូនបងប្អូនជនរងគ្រោះ ដោយទឹកជំនន់ ពេលនេះ បានមកពីជំនួយរបស់សប្បុរសជននៅក្រៅប្រទេស។
ក្រៅពីទៅវត្ត និងផ្តល់ជំនួយស្បៀងអាហារដល់អ្នករងគ្រោះ លោកសម រង្ស៊ី ក៏បានជួបសំណេះសំណាលពីកិច្ចការប្រទេសជាតិ ដែលរួមមាន៖ ការស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋ ដែលបានផ្តាំលោក កុំឲ្យទទួលយកលទ្ធផលបោះឆ្នោត និងត្រូវមានគោលជំហររឹងមាំ ទាមទារសន្លឹកឆ្នោត ដែលត្រូវលួចបន្លំ ជាដើម។ លោកសម រង្ស៊ី ក៏បានប្រកាសកៀងគរមហាជន ឲ្យមកចូលរួមការជួបជុំ នៅថ្ងៃទី៦តុលា នៅទីលានប្រជាធិបតេយ្យ នៅភ្នំពេញ និងការធ្វើបាតុកម្ម នៅថ្ងៃទី២៣តុលា។
រីឯលោក ជាម យៀប ដែលកំពុងចែកអង្ករដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តព្រៃវែង នៅព្រឹកថ្ងៃសុក្រនេះ បានអះអាងថា ក្នុងពេលមានគ្រោះទឹកជំនន់ ពេលនេះ គណបក្សប្រជាជនកម្ពុជា មិនបាននៅស្ងៀមទេ គឺបណ្តាថ្នាក់ដឹកនាំតាមបណ្តាខេត្តរងគ្រោះ ពិសេស ក្រុមយុវជនរបស់បក្ស បានចុះជួបនិងចែកជូនអង្ករ ស្បៀងអាហារ ដោយមិនរើសមុខ ប្រកាន់ថា គណបក្សណា ជាគណបក្សណាទេ។
ក្រៅពីនោះ លោក ជាម យៀប ក៏បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាក៏បានណែនាំ និងត្រៀមទូកកាណូតជួយដល់ជនរងគ្រោះ ត្រៀមលក្ខណៈប្រុងប្រយ័ត្ននឹងខ្យល់ព្យុះ ពស់អសិរពិស ជំងឺដង្កាច់ និងការលិចលង់ពេលធ្វើដំណើរ ជាដើម។
យ៉ាងណាក៏ដោយ ទាំងលោក យឹម សុវណ្ណ និងទាំងលោកសម រង្ស៊ី បានអំពាវនាវដល់រដ្ឋាភិបាល ឲ្យរកឫសគល់ និងទប់ស្កាត់គ្រោះទឹកជំនន់។ នោះ គឺត្រូវការពារ តាមរយៈការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងការចាក់ដីលុបបឹងបួរ ទន្លេ ដែលនាំមានគ្រោះទឹកជំនន់ លិចលង់ផ្ទះសម្បែង និងរហូតដល់បាត់បង់ជីវិតថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ