កម្ពុជា

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ ប្រកាស​ពី​ជំហរ​ធ្វើ​បាតុកម្ម​អហិង្សា និង​ដោយ​សន្តិវិធី​

លោក សម រង្ស៊ី (ស្តាំ) និង​ លោក កឹម សុខា (ឆ្វេង) នៅ​ក្នុង​សន្និសីទថ្ងៃទី២៣ តុលា ឆ្នាំ២០១៣
លោក សម រង្ស៊ី (ស្តាំ) និង​ លោក កឹម សុខា (ឆ្វេង) នៅ​ក្នុង​សន្និសីទថ្ងៃទី២៣ តុលា ឆ្នាំ២០១៣ RFI/Siv Channa

ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី​២៣​តុលា​នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រមុខ​បក្ស​ប្រឆាំង បាន​ប្រកាស​រួម​គ្នា​ពី​ជំហរ ក្នុង​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម ៣ ថ្ងៃ ដែល​មាន​ទាំង​ការ​ដើរ​ហែ​ក្បួន ដាក់​ញត្តិ​ស្នាម​មេដៃ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្តិវិធី និង​អហិង្សា។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​នេះ លោក​សម រង្ស៊ី ក៏​បាន​ទូរស័ព្ទ​ជួប​លោក​ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ហើយ​បាន​ព្រមព្រៀង​គ្នា​ថា ទាំង​បាតុករ និង​ទាំង​សមត្ថកិច្ច​ប៉ូលិស​ប៉េអឹម ប្រកាន់​នូវ​គោលការណ៍​អហិង្សា មិន​បង្ក​បញ្ហា​ដាក់​គ្នា​ទេ។

ផ្សាយពាណិជ្ជកម្ម

នៅពេល​ផ្តើម​បាតុកម្ម ៣ ថ្ងៃ ចាប់ពី​ព្រឹក​ថ្ងៃ​ពុធ ទី២៣តុលា​នេះ សកម្មជន​គណបក្ស​ស​ង្គ្រោះជាតិ បាន​ជួបជុំនៅ​ទីលាន​ប្រជាធិបតេយ្យ។ រីឯ​មេដឹកនាំ​កំពូល លោក​សម រង្ស៊ី និង​លោក កឹម សុខា បាន​ជួប​ក្រុមអ្នកកាសែត នៅ​ទីស្នាក់ការ​គណបក្ស។ បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ៣ថ្ងៃ ដែលមាន​ទាំង​ការបោះ​តង់​ស្នាក់នៅ​ពេលយប់​ផង គឺ​គណបក្ស​សង្គ្រោះជាតិ ក៏​នឹង​ដឹកនាំ​ការហែក្បួន ដើរទៅ​កាន់​ទីស្នាក់ការ​អង្គការសហប្រជាជាតិ និង​បណ្តា​ស្ថានទូត​ប្រទេស​ម្ចាស់​ហត្ថលេខី លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ផងដែរ។

មុនពេល​ចូលរួម​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម លោក​សម រង្ស៊ី និង​លោក កឹម ​សុខា បានប្រកាស​ក្នុង​សន្និសីទកាសែត ជា​បន្តបន្ទាប់​ថា មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ ដើម្បី​ទាមទារ និង​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ព្រមទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត និង​គោរព​ឲ្យ​បាន​ពេញលេញ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ ធ្វើឡើង​ដោយ​សន្តិវិធី និង​អហិង្សា។

ជា​បាតុកម្ម ដែល​លោក​សម រង្ស៊ី អះអាងថា មានការ​យល់ព្រម និង​អនុញាត​ពី​អាជ្ញាធរ​សមត្ថកិច្ច ទាំង​ក្រសួងមហាផ្ទៃ និង​ទាំង​សាលា​រាជធានី​ភ្នំពេញ។ រីឯ​លោក​កឹម​ សុខា បាន​បញ្ជាក់ថា គណបក្សប្រឆាំង​មិន​លើកទឹកចិត្ត​ឲ្យ​ក្រុមបាតុករ ប្រើ​អំពើហិង្សា ក្នុងពេល​ធ្វើបាតុកម្ម ៣ថ្ងៃនេះ​ទេ។

ទាំង​លោក​សម រង្ស៊ី និង​ទាំង​លោក កឹម ​សុខា បាន​បញ្ជាក់ថា ប្រសិនបើ​មាន​បាតុករ​ណា ប្រើ​អំពើហិង្សា ឬ​បង្កចលាចល​ក្នុង​ក្បួន​បាតុកម្ម គឺ​គណបក្ស​មិន​ទទួលខុសត្រូវ​ឡើយ ហើយនឹង​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ចាត់ការ​តាមផ្លូវ​ច្បាប់។

ជាងនេះទៅទៀត លោក សម រង្ស៊ី ក៏បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​​ ប្រហែលជា​កន្លះ​ម៉ោង​មុនពេល​លោក​ចូលរួម​ក្នុង​សន្និសីទកាសែត ថា នៅ​ព្រឹក​មិញ លោក បាន​ជួប​តាម​ទូរស័ព្ទ​ជាមួយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​បាន​ពិភាក្សា និង​ព្រមព្រៀងគ្នា​ថា ទាំង​ក្រុមបាតុករ និង​ទាំង​ក្រុម​អាជ្ញាធរ​សមត្ថកិច្ច ប៉ូលិស​ប៉េអឹម មិន​បង្ក​អំពើហិង្សា​ដាក់គ្នា ក្នុងពេល​ធ្វើបាតុកម្ម ៣ថ្ងៃ របស់​គណបក្ស​សង្គ្រោះ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI