អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​សាកូហ្ស៊ី​វិលត្រឡប់​មក​ចូលរួម​ក្នុង​សកម្មភាព​គណបក្ស​ UMP ​វិញ

លោក​នីកូឡា សាកូហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង
លោក​នីកូឡា សាកូហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង REUTERS/Jacques Brinon/Pool
ដោយ៖ សេង ឌីណា
២៦ នាទី

លោក​អតីត​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី គ្រោង​នឹងវិលត្រឡប់​ទៅចូលរួម​ក្នុង​សកម្មភាព​គណបក្ស​របស់​លោក​វិញ ក្រោយពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ថា​លោក​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​​​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ កាល​ពី​ឆ្នាំ​២០១២។ លោក​នីកូឡា សាកូហ្ស៊ី នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​ថ្នាក់ដឹកនាំ​គណបក្ស UMP នៅ​យប់ថ្ងៃ​ចន្ទ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិបត្តិថវិកា​របស់​បក្ស។

ផ្សាយពាណិជ្ជកម្ម

 

សំណួរ-តើ​​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​​ក្នុង​ការ​ធ្វើ​យុទ្ធនាការឃោសនា​បោះឆ្នោត​នៅ​បារាំង​កំណត់​យ៉ាង​ម៉េច​ខ្លះ? តើ​លោក​សាកូហ្ស៊ី​ធ្វើ​ខុស​នឹងបញ្ញត្តិ​ណាខ្លះ?
 
នៅបារាំង ច្បាប់​ចែងតឹងរ៉ឹង​បំផុត ​អំពី​ហិរញ្ញវត្ថុ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ គឺ​មាន​ចែង​កំណត់​ទាំង​ប្រភព​ចំណូល និង​មុខចំណាយ​របស់​បេក្ខជន​នីមួយៗ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ម្តងៗ ហើយ​មាន​គណៈកម្មការ​មួយ​ចាំត្រួតពិនិត្យ​បញ្ជី​ចំណូល​ចំណាយ​ទាំងអស់​នេះ។

ប្រភព​ចំណូល
 
ប្រភព​ចំណូល ដែល​បេក្ខជន​នីមួយៗ​អាច​យក​មក​ចាយវាយ ក្នុងការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បាន គឺ​មានពីរ៖ ប្រភព​ចំណូល​ឯកជន និងប្រភព​ចំណូល​ដែល​បាន​ពី​ថវិកា​រដ្ឋ។

១-ប្រភព​ចំណូល​ឯកជន

  • ធនធាន​របស់​គណបក្ស​នយោបាយ​ ឬ​​​ធនធាន​ផ្ទាល់ខ្លួន​របស់​បេក្ខជន
  • ប្រភពចំណូល​ដែល​បាន​មក​ពី​អំណោយ​ឯកជន

ចំពោះ​អំណោយ​ឯកជន ច្បាប់​កំណត់​ថា បេក្ខជន​ប្រធានាធិបតី​មិន​​អាច​ទទួល​អំណោយ​ពី​​នីតិបុគ្គលបាន​ទេ (ក្រុមហ៊ុន សមាគម អង្គការ ឬ​​អំណោយ​ពី​រដ្ឋ​បរទេស) ទោះជា​អំណោយ​ដោយ​ផ្ទាល់​ក៏ដោយ ឬ​ក៏​ដោយ​ប្រយោល​ក៏ដោយ។ បេក្ខជន​អាច​ទទួល​អំណោយ​តែ​ពី​រូបវ័ន្ត​បុគ្គល​តែ​ប៉ុណ្ណោះ ហើយ​អាច​ទទួល​ពី​រូបវ័ន្ត​បុគ្គល​ដែល​មាន​សញ្ជាតិ​បារាំង​ក៏​បាន ឬ​ក៏​រូបវ័ន្តបុគ្គល​សញ្ជាតិ​បរទេស ​ក៏ប៉ុន្តែ ច្បាប់​បាន​កំណត់​ច្បាស់​ថា រូបវ័ន្ត​បុគ្គល​ម្នាក់ ទោះជា​សញ្ជាតិ​បារាំង​ក៏ដោយ សញ្ជាតិ​បរទេស​ក៏ដោយ មិន​អាច​ធ្វើ​វិភាគទាន​ជួយ​បេក្ខជន​ប្រធានាធិបតី​បារាំង​​លើស​ពី ៤ពាន់ ៦រយ​អឺរ៉ូ​បាន​ទេ។ ចំពោះ​វិភាគទាន​​ចាប់​ពី ១៥០អឺរ៉ូ​ឡើងទៅ ​ត្រូវ​តែ​ធ្វើ​ជា​មូលប្បទានបត្រ​ (Chèque) ឬ​ការ​ផ្ទេរ​តាម​គណនីធនាគារ​ ជាដើម ដោយ​មិន​អាច​ធ្វើ​ជា​លុយ​សុទ្ធបានទេ។

២-ប្រភព​ចំណូល​ដែល​បាន​ពីថវិការដ្ឋ

បេក្ខជន​ប្រធានាធិបតី​បារាំង​​ទទួល​ជំនួយ​ពីរដ្ឋ តាមពីរ​រូបភាព៖

  • ​កញ្ចប់​ថវិកា​ ដែល​រដ្ឋ​ផ្តល់​ទៅ​ឲ្យ​គណបក្ស​របស់​គាត់៖ កញ្ចប់​ថវិកា​នេះ មាន​ច្រើន​ ឬ​ក៏​តិច វា​អាស្រ័យ​ថា តើ​គណបក្ស​នេះ​ទទួលបាន​នូវ​សំឡេង​គាំទ្រ​ប៉ុន្មាន​ កាល​ពី​ក្នុង​ការ​បោះឆ្នោត​សភា​កន្លងទៅ។ ដូច្នេះ គណបក្ស​ណា​ដែល​មាន​សំឡេង​ច្រើន​ក្នុង​រដ្ឋសភា ទទួល​បាន​កញ្ចប់​ថវិកា​ច្រើន ហើយ​គណបក្ស​ណា​ដែល​មាន​សំឡេង​តិច ទទួលបាន​កញ្ចប់​ថវិកា​តិច។
  • ​ការ​ជួយ​រ៉ាប់រងមួយ​ចំណែក​នៃ​ការចំណាយ​ជាក់ស្តែង ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី។ ជំនួយ​នេះ​ក៏​អាស្រ័យ​ទៅលើ​សំឡេង​គាំទ្រ ដែល​បេក្ខជន​នីមួយៗ​ទទួលបាន​ក្នុងការ​បោះឆ្នោត​នេះ​ដែរ។ សម្រាប់​បេក្ខជន ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន រហូត​ឈាន​ចូល​ទៅដល់​ការ​បោះឆ្នោត​ជុំទីពីរ គឺ​រដ្ឋ​អាច​ជួយ​រ៉ាប់រង​ចំណាយ​ រហូតដល់​ទៅ​ជិត​ពាក់​កណ្តាល។

ការ​ចំណាយ​
 
ដើម្បី​ធានា​ឲ្យ​មាន​សមធម៌ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ទូរទស្សន៍រដ្ឋ​បារាំង​ទទួល​ផ្សព្វផ្សាយ​ស្ប៉ត​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ទាំងអស់​ ក្នុង​រយៈពេល​ស្មើៗ​គ្នា ក៏ប៉ុន្តែ ក្រៅពី​ការ​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​នេះ ច្បាប់​បារាំង​ហាមឃាត់​ដាច់ខាត មិន​ឲ្យ​បេក្ខជន​ប្រធានាធិបតី​​ចាយលុយ ដើម្បី​ធ្វើ​ស្ប៉ត​ផ្សព្វផ្សាយ​​នៅ​តាម​វិទ្យុ ឬ​ទូរទស្សន៍​ផ្សេង​ទៀតទេ។

ម្យ៉ាងទៀត ដើម្បី​​ចៀសវាង​កុំ​ឲ្យ​គណបក្ស​ធំៗ ឬ​បេក្ខជន​ដែល​មាន​លុយ មាន​ប្រៀបខ្លាំង​លើ​បេក្ខជន​តូចតាច ច្បាប់​ក៏បាន​កំណត់​ផងដែរ អំពី​ចំនួន​ទឹកលុយ​​អតិបរមា ដែល​បេក្ខជន​នីមួយៗ​អាច​ចាយ​បាន ពេញ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី កាលពីឆ្នាំ​២០១២​កន្លងទៅនេះ កម្រិត​ចំណាយ​អតិបរមា គឺ​មាន​​ជិត​ ១៧លាន​​អឺរ៉ូ (១៦ ៨៥១ ០០០​អឺរ៉ូ) សម្រាប់​បេក្ខជន​​ដែល​មិន​ឆ្លងផុត​ការបោះឆ្នោត​ជុំទី១ និង​ជាង ២២លាន​អឺរ៉ូ​កន្លះ (២២ ៥០៩ ០០០​អឺរ៉ូ) សម្រាប់​បេក្ខជន​ដែល​​ឈា​ន​ចូល​ដល់​ជុំទី២។

ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​បដិសេធ​មិន​ផ្តល់​សុពលភាព​ទៅលើ​បញ្ជីចំណូលចំណាយ​​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​សាកូហ្ស៊ី គឺ​ដោយសារ​តែ​​ការចំណាយសរុប ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គាត់ មាន​រហូតដល់​ទៅ ២៣លាន​អឺរ៉ូ គឺ​លើស​​ពី​​អ្វី​ដែល​ច្បាប់​កំណត់​ (លើស​រហូត​ដល់​ទៅ​ជិត​កន្លះលាន​អឺរ៉ូ)។
 
សំណួរ-នៅ​ពេល​ដែល​បញ្ជីចំណូលចំណាយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គ្មាន​សុពលភាព​បែបនេះ តើ​លោក​សាកូហ្ស៊ី និង​គណបក្ស​របស់​លោក​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ទណ្ឌកម្ម​អ្វី​ដែរ​ឬទេ?
 
​លោក​នីកូឡា សាកូហ្ស៊ី និង​គណបក្ស​ UMP មិន​ត្រូវ​ប្រឈមមុខ​នឹង​ទោសព្រហ្មទណ្ឌ​ទេ ក៏ប៉ុន្តែ ប្រឈមមុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ។

ធម្មតា ដោយសារ​តែ​លោក​សាកូហ្ស៊ី បាន​ឈាន​ចូល​ដល់​​ជុំទី២ រដ្ឋ​ត្រូវ​ជួយ​រ៉ាប់រង​ការចំណាយ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គាត់ ​​ជិត​ពាក់កណ្តាល គឺ ១១លាន​​អឺរ៉ូ។ ក៏ប៉ុន្តែ ដោយសារ​តែ​​​គាត់​ចាយ​លើ​សការ​កំណត់​ក្នុង​ច្បាប់ បញ្ជីចំណូលចំណាយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គ្មាន​សុពលភាព។ ដូច្នេះ លោក​សាកូហ្ស៊ី និង​គណបក្ស​ UMP មិន​អាច​ទទួល​លុយ ១១លាន​អឺរ៉ូ​នេះបានទេ។

ណាមួយ កញ្ចប់​ថវិកា​ជំនួយ​​ពី​រដ្ឋ​ក៏ត្រូវ​កាត់បន្ថយស្រាប់​ ដោយសារ​តែ​​​​​ចំនួន​អាសនៈ​របស់​គណបក្ស UMP ក្នុង​រដ្ឋ​សភា​​មាន​តិច​ជាងមុន។ ឥឡូវនេះ លុយ ១១លាន​អឺរ៉ូ ក៏​មិន​អាច​ទទួលបានទៀត។ វាធ្វើ​ឲ្យ​គណបក្ស​ UMP ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​ថវិកា​ធ្ងន់ធ្ងរ ពីព្រោះ​ថា នៅ​ពេលនេះ គណបក្ស UMP កំពុង​តែ​ជាប់​បំណុលគេ​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​​ស្រាប់ គឺ​​ជាប់​បំណុល​រហូតដល់​ទៅ​ជាង ៤០លាន​អឺរ៉ូ​ឯណោះ។

ដូច្នេះ​ហើយ​បាន​ជា​លោក​សាកូហ្ស៊ី​សម្រេច​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​​របស់​ថ្នាក់ដឹកនាំ​គណបក្ស UMP នៅ​យប់​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​ថវិកា​របស់​បក្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ