បារាំង-អាឡឺម៉ង់

ជំនួប​រវាង​​ប្រមុខដឹកនាំ​បារាំង​និង​អាឡឺម៉ង់​ដើម្បី​រក​វិធី​ផ្សះផ្សារ​គ្នា

លោក​សាកូហ្ស៊ី (Sarkozy) និង​លោកស្រី​មែរកិល (Merkel)
លោក​សាកូហ្ស៊ី (Sarkozy) និង​លោកស្រី​មែរកិល (Merkel) ©AFP

នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី១៤ មិថុនា ២០១០​នេះ លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) និង​លោកស្រី​អង់ហ្កេឡា មែរកិល (Angela Merkel) នឹង​ជួបពិភាក្សា​គ្នា នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាឡឺម៉ង់។ ជំនួបនេះ គ្រោង​ធ្វើ​ កាល​ពី​ថ្ងៃ​ចន្ទ សប្តាហ៍មុន ក៏ប៉ុន្តែ ត្រូវ​បាន​​ផ្អាក​ទៅវិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​យល់ថា បារាំង និង​អាឡឺម៉ង់​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង អំពី​ដំណោះស្រាយ​​វិបត្តិ​សេដ្ឋកិច្ច​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ផ្អាក​ជំនួបកំពូល​រវាង​លោក​សាកូហ្ស៊ី និង​លោកស្រី​មែរកិល កាល​ពីថ្ងៃ​ចន្ទមុន បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​​សន្និដ្ឋាន​ថា ការខ្វែងគំនិត​គ្នា​រវាង​បារាំង និង​អាឡឺម៉ង់ កើត​មាន​កាន់តែ​ខ្លាំង។ ហេតុផល​នៃ​ការ​​លើក​ពេល​ជំនួបនេះ ត្រូវ​បាន​លើក​ឡើង​ខុសៗ​គ្នា ដោយ​ភាគី​អាឡឺម៉ង់ និង​ភាគី​បារាំង។ រដ្ឋាភិបាល​បារាំង​បានលើក​ហេតុផល​ថា មកពី​លោកស្រី​មែរកិល​ជាប់រវល់​ ទើប​ត្រូវ​លើក​ពេល​។ ចំណែក​ខាង​អាឡឺម៉ង់វិញ បាន​លើក​ឡើង​ថា ខាង​ភាគី​បារាំង ក៏បាន​សុំ​លើក​ពេល​ប្រជុំ​នេះ​ដែរ។

ជាទូទៅ យើង​សង្កេតឃើញ​ថា រាល់លើក នៅពេល​​មាន​បញ្ហា​ ក្នុង​​សហភាព​អឺរ៉ុប គឺ​បារាំង និង​អាឡឺម៉ង់​នេះ​ហើយ ដែល​តែងតែ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​​ស្វែងរក​ដំណោះស្រាយ​រួម។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ តែងតែ​ចាត់ទុក​បារាំង និង​អាឡឺម៉ង់​ថា​ជា​កម្លាំង​ចលករ​ដ៏សំខាន់​បំផុត នៅ​ក្នុង​សហភាព​អឺរ៉ុប។ ក៏ប៉ុន្តែ នៅពេលនេះ ប្រឈមមុខ​​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ ក្នុង​តំបន់​អឺរ៉ូ ប្រទេស ដែល​ជា​ក្បាល​ម៉ាស៊ីន​សហភាព​អឺរ៉ុប​នេះ បែរ​ជា​​ប្រទាញប្រទង់គ្នា​យ៉ាង​ខ្លាំង​ទៅវិញ។

ទាំងបារាំង និង​ទាំង​អាឡឺម៉ង់ សុទ្ធតែ​យល់​ស្រប​គ្នា​ថា អឺរ៉ុប​ចាំបាច់​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​​ផ្នែក​អភិបាលកិច្ច​​វិស័យ​សេដ្ឋកិច្ច។ អឺរ៉ុប​ចាំបាច់​ត្រូវ​តែ​មាន​វិធាន និង​យន្តការ​ ដើម្បី​គ្រប់គ្រង​នយោបាយ​ថវិកា​ជាតិ​នៃ​បណ្តា​រដ្ឋ​ជាសមាជិក ដើម្បី​ចៀសវាង​​​កុំឲ្យ​វិបត្តិ​ដូច​នៅ​ប្រទេសក្រិក កើត​ឡើង​ជាថ្មី​ទៀត។ ក៏ប៉ុន្តែ អ្វី​ដែល​ប្រទេស​ទាំងពីរ​ខ្វែងគំនិតគ្នា គឺ​ខ្វែងគំនិត​លើ​វិធីសាស្រ្ត​នៃ​ការ​ធ្វើ​កំណែទម្រង់​នេះ។

បារាំង​ចង់​ឲ្យ​គេ​បង្កើត​ស្ថាប័ន​ពិសេស​មួយ ដើម្បី​ត្រួតពិនិត្យ​មើល​នយោបាយ​សេដ្ឋកិច្ច ជាពិសេស នយោបាយ​ថវិកា របស់​បណ្តា​​​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​ប្រើ​លុយ​អឺរ៉ូ (១៦​ប្រទេស)។ ចំណែក​អាឡឺម៉ង់វិញ​ចង់​ឲ្យ​ការ​​ត្រួតពិនិត្យ​ថវិកា​ជាតិនេះ ត្រូវ​តែ​ធ្វើ​ឡើង ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប​ទាំងមូល (២៧​ប្រទេស) មិនមែន​ត្រឹមតែ​តំបន់​អឺរ៉ូ​នោះទេ។

ចំណុច​ខ្វែងគំនិត​គ្នាមួយ​ទៀត គឺ​នៅត្រង់ថា អាឡឺម៉ង់​ទាមទារ​ឲ្យ​គ្រប់​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​កាត់បន្ថយ​ឱនភាព​ថវិកា​ឲ្យ​បាន​លឿន​បំផុត។ កាល​ពី​សប្តាហ៍មុន​នេះ រដ្ឋាភិបាល​អាឡឺម៉ង់​បាន​សន្យា​កាត់បន្ថយ​ឱនភាព​ថវិកា​ជាតិ​អាឡឺម៉ង់​ឲ្យ​បាន ៨០ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៤ ហើយ​បាន​ទាមទារ​ឲ្យ​ប្រទេស​ផ្សេងទៀត​យក​តម្រាប់​តាម។ ក៏ប៉ុន្តែ បារាំង​បាន​រិះគន់​​​​វិធានការ​របស់​អាឡឺម៉ង់នេះ​ ដោយ​លើក​ឡើង​ថា ក្នុងរយៈពេល​តែ​ ៤ឆ្នាំ (២០១០-២០១៤) ការ​កាត់បន្ថយ​ឱនភាពថវិកា​ច្រើន​សន្ធឹកសន្ធាប់​ ដែល​ស្នើ​ឡើង​ដោយ​អាឡឺម៉ង់នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប។

នៅពេលនេះ គេនាំ​គ្នា​រង់ចាំមើល​លទ្ធផល​នៃ​ជំនួបកំពូល​រវាង​​លោក​សាកូហ្ស៊ី និង​លោកស្រី​មែរកិល។ គេរំពឹងថា ប្រមុខដឹកនាំ​ទាំងពីរ​​នឹង​អាច​សម្រុះសម្រួលគ្នា​បញ្ចប់​ភាព​តានតឹងនេះ ហើយ​ស្វែងរក​ចំណុចកណ្តាល​រួមគ្នាមួយ។ គេ​ខ្លាច​ថា ជំនួបកំពូល​អឺរ៉ុប ដែល​នឹង​ចាប់​បើក​ធ្វើ​នៅថ្ងៃ​​ព្រហស្បតិ៍ ទី១៧ មិថុនា ខាងមុខនេះ អាច​នឹង​ត្រូវ​បរាជ័យ ប្រសិន​បើ​​បារាំង និង​អាឡឺម៉ង់​នៅតែ​ខ្វែងគំនិត​គ្នា​បែបនេះ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI