អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល និង​អារ៉ាប៊ី សាអូឌីត​ចាប់បារម្ភ នៅពេល​ឃើញ​អាមេរិក អ៊ីរ៉ង់​ចង់​រួមគ្នា​ជួយ​អ៊ីរ៉ាក់

សំឡេង ០៧:១៨
ប្រធានាធិបតីអ៊ីរ៉ង់ (ឆ្វេង) និង​ប្រធានាធិបតី​អាមេរិក។ អាមេរិក​និង​អ៊ីរ៉ង់​អាច​សហការគ្នា​ដើម្បី​អន្តរាគម​ជួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់
ប្រធានាធិបតីអ៊ីរ៉ង់ (ឆ្វេង) និង​ប្រធានាធិបតី​អាមេរិក។ អាមេរិក​និង​អ៊ីរ៉ង់​អាច​សហការគ្នា​ដើម្បី​អន្តរាគម​ជួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ Reuters
ដោយ៖ ឈាង បុប្ផា
៣៨ នាទី

រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​សុំ​ជា​ផ្លូវការ​ទៅ​អាមេរិក ដើម្បី​សុំ​ឲ្យ​មាន​អន្តរាគមន៍​ទ័ព​អាកាស​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ កាលពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​បាន​កោះប្រជុំ មេដឹកនាំ​សមាជិក​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​ពី​ស្ថានការណ៍​ដែល​កំពុង​កើតមាន​នៅ​អ៊ីរ៉ាក់។ តាំងពី​ប៉ុន្មាន​ថ្ងៃ​មកហើយ រដ្ឋបាល​លោកអូបាម៉ា​កំពុង​គិតគូរ​ពី​លទ្ធភាព​ធ្វើ​អន្តរាគមន៍​ទ័ព​ទៅក្នុង​ទឹកដី​អ៊ីរ៉ាក់ ជាទី​ដែល​ពួកជីហាត​មក​ពី​រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់​កំពុង​ទន្ទ្រាន​លុកលុយ ដណ្តើម​កាន់កាប់​ទីក្រុង និង​ខេត្ត​របស់​អ៊ីរ៉ាក់។ ក្នុង​ចំណោម​ជំរើស​ជាច្រើន សេតវិមាន​បាន​លើកឡើង​ពី​អន្តរាគមន៍​ទ័ព​អាកាស ដើម្បី​ទប់​ក្រុមជីហាត​កុំ​ឲ្យ​រុល​ចូលទៅគ្រប់គ្រង​ទីក្រុង​បាកដាត​ទៀត។ ប៉ុន្តែ នៅ​ថ្ងៃម្សិលមិញដែរ បុប្ផា អតីត​មេបញ្ជាការ​ទ័ព​អាមេរិក ប្រចាំ​នៅ​អ៊ីរ៉ាក់ លោក​David Petraeus បាន​បញ្ចេញ​យោបល់​ថា វ៉ាស៊ីនតោន​មិនគួរ​ប្រើ​ទ័ព​ជើងអាកាស​នៅ​អ៊ីរ៉ាក់។ 

ផ្សាយពាណិជ្ជកម្ម

លោក​David Petraeus ធ្លាប់​ជា​មេបញ្ជាការ​គ្រប់គ្រង​ទ័ព​អាមេរិក រយៈពេល​២ឆ្នាំ នៅក្នុង​ទឹកដី​អ៊ីរ៉ាក់។ លោកធ្លាប់​ស្គាល់​ច្បាស់​ពី​ស្ថានភាព​ជម្លោះ​ប្រដាប់អាវុធ​នៅអ៊ីរ៉ាក់។ តាម​លោក​ David Petraeus បើសិន​ជា​រដ្ឋាភិបាល​អាមេរិក​សម្រេច​ធ្វើ​អន្តរាគមន៍​ទ័ពអាកាស ទៅតាម​ការស្នើសុំ​របស់​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ គឺ​លោក​នូរី អាល់ ​ម៉ាលិគី នោះ គឺ​ច្បាស់​ណាស់ អាមេរិក​កំពុង​តែ​លូកដៃ​ចូលក្នុង​សង្រ្គាម​សាសនា​ដែល​កំពុង​កើត​មាន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។ និយាយ​បែប ម្យ៉ាង គឺ​បើសិន​ជា​អាមេរិក​យល់ព្រម​បញ្ជូន​យន្តហោះចម្បាំង​ទៅតាម​ការទាមទារ​របស់​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ នោះ​គឺ​បង្ហាញ​ថា អាមេរិក​កំពុង​កាន់ជើង ចូលដៃ ចូលជើង​ជាមួយ​ក្រុម​មួយ គឺ​ក្រុម​និកាយ​ស្ហីអ៊ីត​ដើម្បី វាយប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​និកាយ​ស៊ុននីត។ លោក​នាយក​រដ្ឋមន្រ្តី ម៉ាលិគី មកពី​ក្រុមនិកាយ​ស្ហីអ៊ីត ដែល​ប្រកាន់​រើសអើង​ក្រុមអ៊ីស្លាម​ស៊ុននីត មិន​ឲ្យ​ចូលរួម​នៅក្នុង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បច្ចុប្បន្ន។

 
លោក​ David Petraeus​មិនមែន​ជា មន្រ្តី​ជាន់ខ្ពស់​អាមេរិក​តែម្នាក់​ដែល រិះគន់​រដ្ឋាភិបាល​អ៊ីរ៉ាក់​បច្ចុប្បន្ន​ទេ។ លោក​Martin Dempsey អគ្គមេបញ្ជាការ​ទ័ពចម្រុះ​របស់​អាមេរិក​ក៏​បាន​បញ្ចេញ​មតិ​រិះគន់​ដល់​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីរ៉ាក់។ តាម​អគ្គមេបញ្ជាការ​ទ័ព​អាមេរិក រដ្ឋាភិបាល​អ៊ីរ៉ាក់ របស់លោក​អាល់ ម៉ាលិគិ​បាន​ធ្វេសប្រហែស រហូត​ធ្វើ​ឲ្យ​កើតមាន​រឿងរ៉ាវ​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។ តាម​លោក​ Martin Dempsey អ្នកទទួល​ខុសត្រូវ​ជាច្រើន​របស់​អាមេរិក​ធ្លាប់​បាន​ដាស់តឿន​ក្រើនរំលឹក​ដល់​រដ្ឋាភិបាល លោក​ម៉ាលិគិ ឲ្យ​គិតគូរ​ដល់​ការបង្រួបបង្រួម​ក្រុមនិកាយ​សាសនា​ទាំងពីរ គឺ​និកាយ​ស៊ុននីត និង​ស្ហីអ៊ីត។ ប៉ុន្តែ ផ្ទុយទៅវិញ លោក​ម៉ាលិគី​មិន​ស្តាប់អើពើ​អ្វីទេ។ គ្រាន់​តែ​ទ័ព​អាមេរិក​ចាកចេញ​ពីទឹកដី​អ៊ីរ៉ាក់ នៅឆ្នាំ ២០១១​ភ្លាម ​លោក​នាយករដ្ឋមន្រ្តី អ៊ីរ៉ាក់ អាល់​ម៉ាលិគិ ចាប់ផ្តើម​នយោបាយ​បក្សពួក ពុករលួយ និង​រហូត​មាន​ពេលខ្លះ បាន​ប្រើ​កងទ័ព​របស់ខ្លួន​ដែល​មក​ពី​ក្រុម​អ៊ីស្លាម​និកាយ​ស្ហីអ៊ីត វាយបង្រ្កាប​ទៅលើ​ក្រុមតវ៉ា​ដែល​មកពី​និកាយ​ស៊ុននីត។ ដោយសារតែ​ការបង្រ្កាប​ដោយ​មិន​យុត្តិធម៌​ពី​រដ្ឋាភិបាល និង​ការប្រយុទ្ធ​បង្ហូរឈាម​គ្នាមិនឈប់ ប្រជាជន​មក​ពី​និកាយ​ស៊ុននីត​ជាច្រើន​បាន​សម្រេចចិត្ត​គាំទ្រ​ចលនា​ក្រុមអ៊ីស្លាម​ជ្រុលនិយម​ជីហាត ដើម្បី​វាយបក​ទៅទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់វិញ។
 
ភាពរារែក​របស់​រដ្ឋាភិបាល​អាមេរិក ក្នុងការលូកដៃ​ចូលទៅក្នុង​វិបត្តិ​នៅ​អ៊ីរ៉ាក់ បាន​បង្ហាញ​ឲ្យ​គេ​ឃើញថា អន្តរាគមន៍​យោធា​មិនមែន ជា​ជម្រើស​តែមួយ ដើម្បី​បិទ​បញ្ចប់​សង្រ្គាម​បង្ហូរឈាម នៅក្នុង ប្រទេស​អ៊ីរ៉ាក់ទេ។ គេ​អាច​បញ្ឈប់​ក្រុម​ជីហាត​កុំ​ឲ្យ​អាច​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង​នៅអ៊ីរ៉ាក់ តាមរយៈ ការបញ្ចុះបញ្ចូល ធានា​លើកទឹកចិត្ត​ដល់​ក្រុម​ប្រជាជន​អ៊ីស្លាម មក​ពី​និកាយ​ស៊ុននីត ដែល​ត្រូវ​រដ្ឋាភិបាល​អ៊ីរ៉ាក់ បោះបង់​ចោល មិនអើពើ។ បើសិន​ជា​ក្រុមនិកាយ​ស៊ុននីត​ត្រូវ​បាន​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់ នោះ ក្រុមនេះ ក៏នឹង​លែង​គាំទ្រ ចូលប្រយុទ្ធ​ជាមួយ​ក្រុមជីហាត តទៅទៀត​ដែរ។

ពីមួយថ្ងៃ ទៅមួយថ្ងៃ រដ្ឋាភិបាល​អ៊ីរ៉ាក់​របស់​លោកម៉ាលិគី កាន់តែផុយស្រួយ នៅក្រោម​មតិ​រិះគន់​ពីក្នុង​ស្រុក និង​អន្តរជាតិ។ អារ៉ាប៊ី សាអូឌីត ផ្ទាល់​ដែល​ជា​ប្រទេស​ជិតខាង អ៊ីរ៉ាក់​ក៏ធ្លាប់​រិះគន់​ និង​ទម្លាក់​កំហុស​ទៅលើ របប​ដឹកនាំ​អ៊ីរ៉ាក់​បច្ចុប្បន្ន ថាជា​មេបង្ក​ឲ្យមាន​បញ្ហា ជំរុញ​ឲ្យ​ពួកជីហាត​មាន​ឥទ្ធិពល​កាន់តែខ្លាំង។ ចំណែក រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ាក់​ដែល​កំពុង​ស្ថិតនៅក្នុង​ទីក្រុង​រីយ៉ាត ដើម្បី​ជួបតំណាង​ប្រទេស​អារ៉ាប់​ផ្សេងទៀត បាន​លើកឡើងថា កំណែទម្រង់​មួយ​ត្រូវ​ធ្វើ​ជាចំាបាច់​នៅ​អ៊ីរ៉ាក់ ដើម្បី​បញ្ចប់​សង្រ្គាម​សាសនា នៅ​អ៊ីរ៉ាក់។ ពោល​គេ​ត្រូវ​បង្កើត​រដ្ឋាភិបាល​មួយ ដែល​តំណាង​ឯកភាព​គ្នា​រវាង​ក្រុមនិកាយ​ស៊ុននីត និង​ស្ហីអ៊ីត ប៉ុន្តែ​មិន​មែន​រដ្ឋាភិបាល​ដែល​កាន់ជើង​តែ​ក្រុមស្ហីអ៊ីត ឬ​ក្រុមស៊ុននីត​នោះទេ។

អារ៉ាប៊ី សាអូឌីត បុប្ផា ប្រទេសនេះ​កំពុង​បារម្ភ​កាន់តែខ្លាំង នៅពេល​លឺ​ថា អាមេរិក​កំពុង​រក​សហការ​ជាមួយ​អ៊ីរ៉ង់ ដើម្បី​អន្តរាគម​ទ័ព​ទៅក្នុង​ទឹកដី​អ៊ីរ៉ាក់
អារ៉ាប៊ី សាអូឌីត គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់មួយ​របស់​អាមេរិក​នៅ​តំបន់​ឈូងសមុទ្រ​ពែរ្ស៍។ ប្រទេស​មហាសេដ្ឋី​ប្រេងកាត​មួយនេះ មាន​អ៊ីរ៉ង់ ជា​គូប្រជែង ដ៏ធំមួយ នៅក្នុង​តំបន់​ទាំង​ផ្នែក​សាសនា និង​ភូមិសាស្រ្ត​នយោបាយ។ អារ៉ាប៊ីសាអ៊ូឌីត​ គឺ​ជា​ប្រទេស​នាំមុខ​ក្នុង​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុនីត ចំណែក​អ៊ីរ៉ង់​វិញ​​នាំមុខ​ខាង​និកាយ​ស្ហ៊ីអ៊ីត។ ខាង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ង់ ប្រជែងដណ្តើម​ឥទ្ធិពល​គ្នា ដើម្បី​ធ្វើ​ជា​មហាអំណាច​ក្នុង​តំបន់។ ភាព​ជា​គូសត្រូវ​ជាមួយ​នឹង​អ៊ីរ៉ង់​នេះ​ហើយ ដែល​ជា​កត្តា​ដ៏​ចម្បងមួយ​ ជំរុញ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​ចងសម្ព័ន្ធភាព​ជាមួយ​អាមេរិក។ ប៉ុន្តែ នៅពេល​លឺ​ថា អាមេរិក​ចង់​ងាក​ខិត​ជិតគ្នា ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​អ៊ីរ៉ាក់ អារ៉ាប៊ី សាអូឌីត​មិន​បាន​ព្រងើយ​កន្តើយ ទេ។ បើទោះបី​ជា​រដ្ឋមន្រ្តី​ការបរទេស ឬ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាមេរិក ធ្លាប់​លួងលោម បញ្ចុះបញ្ចូល​ថា អាមេរិក​មិន​បន្ធូរ​ដៃ ក្នុង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់ ប៉ុន្តែ អារ៉ាប៊ី សាអូឌីត​នៅតែ​មិនទុកចិត្ត។

ពីមួយថ្ងៃ ទៅមួយថ្ងៃ អារ៉ាប៊ី សាអូឌីត​បាន​ឃើញ​អាមេរិក​បន្ទន់ជំហរ ខិតទៅរក​ចង់​ត្រូវរ៉ូវ​គ្នា​វិញ ជាមួយ​អ៊ីរ៉ង់ ដែល​តាមពិត​ជា​សត្រូវ និង​គូប្រជែង​របស់ខ្លួន។ និយាយ​ពី អ៊ីស្រាអែល​វិញ បើទោះជា​ត្រូវ​ប្រទេស​អារ៉ាប់​ចាត់ទុក​ជា​សត្រូវ​រួម នៅក្នុង​តំបន់ ប៉ុន្តែ អ៊ីស្រាអែល​ក៏​មាន​គំនិត​អន់ចិត្ត នឹង​អាមេរិក មិន​តិច​ជាង​ អារ៉ាប៊ី សាអូឌីតទេ។ អ៊ីស្រាអែល​បារម្ភថា ស្ថានការន៍​នៅ​អ៊ីរ៉ាក់​បច្ចប្បន្ន​នឹង​រុញច្រាន​ឲ្យ​អាមេរិក ត្រូវរ៉ូវគ្នា​ជាមួយ អ៊ីរ៉ង់ គឺ​អាមេរិក​នឹង​អាច​ដកទណ្ឌកម្ម ពី​អ៊ីរ៉ង់ និង​យោគយល់​ឲ្យ​អ៊ីរ៉ង់​មាន​កម្មវិធី​នុយក្លេអ៊ែរ។ កម្មវិធី​នុយក្លេអ៊ែរនេះ ត្រូវ​អ៊ីស្រាអែល​វាយតម្លៃថា កម្មវិធី​នុយក្លេអ៊ែរនេះ​មាន​ទិសដៅ មហិច្ឆតា​ចង់​ផលិត​គ្រាប់បែក​បរមាណូ ដែល​ជា​គ្រោះថ្នាក់​ចំបង​សម្រាប់​សន្តិសុខ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ដើមបូព៌ា៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ