អានតួអត្ថបទ
កូរ៉េ​ខាង​ត្បូង-អារ៉ាប៊ីសាអ៊ូឌីត

អារ៉ាប៊ី​សាអ៊ូឌីត​សន្យា​ផ្គត់ផ្គង់​ប្រេង​ឲ្យ​កូរ៉េ​ខាង​ត្បូង​ជំនួស​ប្រេង​អ៊ីរ៉ង់

លោក​លី ម្យ៉ុងបាក់ ក្នុងពេល​ជួបជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ប្រេងកាត​របស់​អារ៉ាប៊ីសាអ៊ូឌីត ថ្ងៃ​អង្គារ ៧ កុម្ភៈ ២០១២
លោក​លី ម្យ៉ុងបាក់ ក្នុងពេល​ជួបជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ប្រេងកាត​របស់​អារ៉ាប៊ីសាអ៊ូឌីត ថ្ងៃ​អង្គារ ៧ កុម្ភៈ ២០១២ REUTERS/Saudi Press Agency
ដោយ៖ សេង ឌីណា
១៣ នាទី

អារ៉ាប៊ីសាអ៊ូឌីត​​ធានាផ្គត់ផ្គង់​ប្រេង​ដល់​កូរ៉េ​ខាង​ត្បូង ក្នុងករណី​ដែល​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ កាត់បន្ថយ​ការ​ទិញប្រេង​ពី​អ៊ីរ៉ង់ ក្រោម​ទណ្ឌកម្ម​របស់​លោក​ខាងលិច។ ការសន្យា​នេះ​បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​អង្គារ ម្សិលមិញ នៅ​ក្នុង​អំឡុង​​ដំណើរ​ទស្សនកិច្ច​របស់​​លោក​លី ម្យ៉ុងបាក់ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង នៅ​អារ៉ាប៊ី​សាអ៊ូឌីត។

ផ្សាយពាណិជ្ជកម្ម

កូរ៉េ​ខាង​ត្បូង ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​មួយ នៅ​អាស៊ី គឺ​ជា​ប្រទេស​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​​ប្រេង​នាំចូល​ពីបរទេស ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក ក្នុង​នោះ ១០% គឺ​ជា​ប្រេង​ទិញ​ពី​ប្រទេស​អ៊ីរ៉ង់។ ហេតុដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​ក្រុងសេអ៊ូល​បាន​បង្ហាញ​នូវ​ជំហរ​រារែក ក្នុងការ​អនុវត្ត​ទណ្ឌកម្ម​​លោកខាងលិច​លើ​អ៊ីរ៉ង់ ពីព្រោះ​ថា​ វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាង​ត្បូង​ ដែល​កំពុង​តែ​ងើបចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។

ក៏ប៉ុន្តែ ដោយ​​មាន​​សម្ពាធ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ឲ្យ​កូរ៉េ​ខាង​ត្បូង​កាត់បន្ថយ​ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ក៏​ត្រូវ​​​​ស្វះស្វែង​រក​ប្រភពផ្គត់ផ្គង់​ប្រេង​ថ្មី​ជំនួស​ប្រេង​របស់​អ៊ីរ៉ង់។

នៅពេល​នេះ លោក​លី ម្យ៉ុងបាក់ កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មុននឹង​​​បន្ត​ដំណើរ​​ទៅ​ប្រទេស​កាតា និង​អារ៉ាប់រួម​ជា​បន្តទៀត នៅថ្ងៃ​ព្រហស្បតិ៍​ស្អែក។

កាលពី​ម្សិលមិញ​នេះ លោក​លី ម្យ៉ុងបាក់ បាន​ទទួល​នូវ​ការ​ធានា​ពី​រដ្ឋមន្រ្តី​ក្រសួង​ប្រេងកាត​របស់​អារ៉ាប៊ីសាអ៊ូឌីត​ថា អារ៉ាប៊ីសាអ៊ូឌីត​នឹង​​ទទួលខុសត្រូវ​ផ្គត់ផ្គង់​ប្រេង​ដល់​កូរ៉េ​ខាង​ត្បូង ក្នុងករណី​មាន​ការ​ខ្វះខាត។

កាលពី​ខែមករា​កន្លងទៅនេះ ប្រទេស​អារ៉ាប់រួម​​ក៏​​ធ្លាប់​បាន​សន្យាដែរ​ថា​នឹង​បង្កើន​ការ​លក់​ប្រេង​ទៅ​ឲ្យ​កូរ៉េ​ខាង​ត្បូង ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​កាត់បន្ថយ​ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់។

គួរ​បញ្ជាក់ថា បណ្តា​ប្រទេស​អារ៉ាប់​ភាគច្រើន នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរស៍ សុទ្ធតែ​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដែល​គេ​សង្ស័យ​ថា​ធ្វើឡើង​ក្នុង​គោលដៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ កន្លងមក មន្រ្តី​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​ថែម​ទាំង​ធ្លាប់​បាន​ព្រមាន​ទៀត​ថា ប្រសិនបើ​គេ​មិន​អាច​ទប់ស្កាត់​អ៊ីរ៉ង់​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បានទេនោះ អារ៉ាប៊ីសាអ៊ូឌីត​ក៏​នឹង​ចាប់ផ្តើម​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែរ ដើម្បី​ទប់ទល់​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ