អារ៉ាប៊ីសាអ៊ូឌីត-អ.ស.ប

អារ៉ាប៊ីសាអ៊ូឌីត​បដិសេធ​មិន​ទទួលយក​កៅអី​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ

កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប នៅ​ទីក្រុង​ញូវយ៉ក (រូបថតឯកសារ)
កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប នៅ​ទីក្រុង​ញូវយ៉ក (រូបថតឯកសារ) REUTERS/Lucas Jackson

កាលពីថ្ងៃ​សុក្រ រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​នឹង​មិន​ចូល​កាន់តំណែង​ជា​សមាជិក​មិនអចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប នៅ​ដើមឆ្នាំ​ក្រោយ​នេះ​ទេ។ អារ៉ាប៊ីសាអ៊ូឌីត​បាន​ចោទប្រកាន់​​​ស្ថាប័ន​អន្តរជាតិ​មួយនេះ​ថា​មាន​ភាព​លម្អៀង និង​គ្មាន​សមត្ថភាព​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅស៊ីរី ក៏ដូចជា ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

ផ្សាយពាណិជ្ជកម្ម

តាមធម្មតា តំណែង​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប តែងតែ​ត្រូវ​បាន​បណ្តា​ប្រទេស​នានា​ប្រណាំង​ប្រជែង​គ្នា​ដណ្តើម​កាន់កាប់។ ក៏ប៉ុន្តែ អារ៉ាប៊ីសាអ៊ូឌីត ដែល​បាន​ជាប់ឆ្នោត​រួចហើយ កាល​ពីថ្ងៃ​ព្រហស្បតិ៍ សម្រាប់​អាណត្តិ​ពីរឆ្នាំ (២០១៤-២០១៥) ​បែរ​ជា​បាន​ប្រកាស​បដិសេធ​មិន​ទទួល​យក​តំណែង​នេះ​ទៅវិញ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​សុក្រ ក្រសួង​ការបរទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​លើកឡើង​ថា របៀបធ្វើការ និង​ការខ្វះអព្យាក្រឹតភាព ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​​មិន​អាច​បំពេញ​ភារកិច្ច​​របស់​ខ្លួន​ ក្នុង​ឋានៈ​ជា​ស្ថាប័ន​ដែល​មាន​ការទទួលខុសត្រូវ​ថែរក្សា​សន្តិភាព​នៅលើ​ពិភពលោក។

រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​បានបញ្ជាក់ថា ខ្លួន​មិន​អាច​ទទួល​ធ្វើ​ជា​សមាជិក​ស្ថាប័ន​អន្តរជាតិ​មួយ ដែល​គ្មាន​សមត្ថភាព​ដោះស្រាយ​ជម្លោះ​ដ៏រ៉ាំរ៉ៃ​នៅដើមបូព៌ា និង​មិន​អាច​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ពី​តំបន់​នេះ​បានទេ។ ប្រទេស​ជង្រុកប្រេងកាតមួយនេះ​ក៏បាន​រិះគន់​ផងដែរ ចំពោះ​ក្រុមប្រឹក្សា​សន្តិសុខ​​ថា គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​ស៊ីរី ដោយ​ទុក​បណ្តោយ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​បន្ត​កាប់សម្លាប់​ប្រជាជន​ខ្លួនឯង។

គួរបញ្ជាក់ថា កាលពី​ខែ​កញ្ញា​កន្លងទៅនេះ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​អារ៉ាប៊ីសាអ៊ូឌីត​ក៏​បាន​ធ្វើ​ពហិការ​មិន​ឡើង​ថ្លែង​សុន្ទរកថា​ ក្នុង​មហាសន្និបាត​អ.ស.ប ម្តងរួចមកហើយ​ដែរ ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត ចំពោះ​ស្ថាប័ន​អន្តរជាតិ​មួយនេះ ដែល​គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​ស៊ីរី និង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

មន្រ្តី​ការទូត​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ពួកគេ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​សេចក្តីសម្រេច​របស់​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ថា នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ គេ​មិន​ដែល​ឃើញ​មាន​ប្រទេស​ណា ដែល​ជាប់ឆ្នោត​ជា​សមាជិក ហើយ​បែរ​ជា​បដិសេធ​មិន​ចូល​កាន់តំណែង​បែបនេះ​ទេ។

រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​បាស្ហា អាល់អាសាដ និង​ជា​សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ ហើយ​ធ្លាប់​ប្រើសិទ្ធិវ៉េតូ​ជាច្រើន​លើក ក្នុង​សំណុំរឿង​ស៊ីរី បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ភ្លាមៗ កាលពីថ្ងៃ​សុក្រ ដោយ​​​រិះគន់​​តបទៅនឹង​ការចោទប្រកាន់​របស់​អារ៉ាប៊ីសាអ៊ូឌីត ទៅលើ​ក្រុមប្រឹក្សា​សន្តិសុខ​ជុំវិញ​សំណុំរឿង​ស៊ីរី។

ក៏ប៉ុន្ត តួកគីវិញ បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​សេចក្តីសម្រេច​របស់​​អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំង​បាន​ស្រែក​បន្ទរតាម ដោយ​បាន​រិះគន់​ចំពោះ​ភាព​លម្អៀង​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI