អាហ្វហ្កានីស្តង់

ស្លាប់​រាប់សិប​នាក់​ក្នុង​ភេរវកម្ម​នៅ Kandahar

អ្នក​របួស​ដោយ​ភេរវកម្ម​អត្តឃាត នៅ​ Kandahar
អ្នក​របួស​ដោយ​ភេរវកម្ម​អត្តឃាត នៅ​ Kandahar ©រក្សាសិទ្ធិ

មាន​ស្លាប់​៤០​នាក់ និង​របួស​៧០​នាក់ នៅ​ក្នុង​អំពើ​ភេរវកម្មអត្តឃាត​មួយ កាល​ពី​យប់​ថ្ងៃ​ពុធ​ទី​៩​មិថុនា​ម្សិលមិញ នៅ​ក្នុង​ខេត្ត​Kandahar ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​អាហ្វហ្កានីស្តង់។ ភេរវជន​បាន​បំផ្ទុះ​គ្រាប់​បែក​ដែល​ពាក់​នៅ​នឹង​ខ្លួន នៅ​កណ្តាល​ហ្វូង​ភ្ញៀវ​ដែល​កំពុង​ស៊ីការ។ អង្គការ​OTAN ចោទ​ថា​ជា​ស្នាដៃ​របស់​ពួក​តាលីបង់។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​​តាន់ ហ្សង់​-ហ្វ្រង់ស្វ័រ

គ្រឿង​ផ្ទុះ​ច្បាស់​ជា​មាន​កម្លាំង​ខ្លាំង​ណាស់ ពីព្រោះ តែ​មួយ​ក្ឌាំង​ប៉ុណ្ណោះ វា​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​មនុស្ស​ច្រើន​ដល់​ម្ល៉ឹង។ ចំនួន​អ្នក​រងគ្រោះ ជា​តួលេខ​បណ្តោះ​អាសន្ន​នៅ​ឡើយ​ទេ ដោយហេតុថា អ្នក​រងគ្រោះ​ដែល​កំពុង​ទទួល​ការព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ សុទ្ធសឹង​ជា​អ្នក​ត្រូវ​របួស​ធ្ងន់។

ភេរវកម្ម​អត្តឃាត បាន​កើត​ឡើង កាល​ពី​យប់​ថ្ងៃ​ពុធ​ទី​៩​មិថុនា​ម្សិលមិញ នៅ​ក្នុង​ខេត្ត​Kandahar ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ដែល​ជា​ជង្រុក​របស់​ពួក​តាលីបង់ នៅ​កណ្តាល​ហ្វូង​ភ្ញៀវ​ដែល​កំពុង​ស៊ីការ។ អ្វី​ដែល​ចម្លែក គឺ​គ្រួសារ​ខាង​ប្រុស ក៏​ដូច​គ្រួសារ​ខាង​ស្រី គ្មាន​ទំនាក់ទំនង​ទាល់​តែ​សោះជាមួយ​ពួក​លោកធំ​នៃ​ខេត្ត​Kandahar។ ម្ល៉ោះ​ហើយ គ្មាន​មូលហេតុ​អ្វី​ដែល​ត្រូវ​ជម្រុញ​ឲ្យ​ពួក​ឧទ្ទាម​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​បណ្តាជន​ទាំង​នេះ​ឡើយ។

សម្រាប់​អង្គការ​OTAN ដែល​ទើបតែ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​ទៅលើ​អំពើ យង់ឃ្នង​នេះ​គឺ​ពួក​តាលីបង់​ជា​អ្នក​ដែល​នៅ​ពីក្រោយ​ភេរវកម្ម។ យ៉ាងណាក៏ដោយ​ ភេរវកម្ម​​អត្តឃាត​​ នៅ ​Kandahar នេះ មាន​លក្ខណៈ​សាហាវ​ជាង​គេ​បង្អស់​មួយ​នៅ​អាហ្វហ្កានីស្តង់ នា​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI