ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គ្របដណ្តប់​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នៅ​ព្រុយណេ

អាស៊ាន​បើក​ធ្វើ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស និង​វេទិកា​សន្តិសុខ​តំបន់​អាស៊ី-ប៉ាស៊ីហ្វ៊ិក នៅព្រុយណេ
អាស៊ាន​បើក​ធ្វើ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស និង​វេទិកា​សន្តិសុខ​តំបន់​អាស៊ី-ប៉ាស៊ីហ្វ៊ិក នៅព្រុយណេ ©AFP

រដ្ឋមន្រ្តីការបរទេស​អាស៊ាន​កំពុង​បើក​ធ្វើ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៅថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ប្រទេស​ព្រុយណេ។ យើងចាំបាន​ថា កាលពីឆ្នាំទៅមិញ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នេះ​បាន​ជួប​នឹង​​បញ្ហា​ចម្រូងចម្រាស​យ៉ាងខ្លាំង ​ជុំវិញ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ រហូត​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​ចុងក្រោយ​មួយបាន។

ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង​​នេះ​អាច​ចោទឡើង​ជាថ្មី​ទៀត​ទេ នៅ​ក្នុង​កិច្ចប្រជុំ​​នៅ​ព្រុយណេ​ពេលនេះ?
 
កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​​អាស៊ាន​នៅ​ព្រុយណេ​នេះ ចៀសមិនផុត​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះទេ ជាពិសេស គឺ​កិច្ចប្រជុំ​ចាប់ពីថ្ងៃ​ចន្ទ​ស្អែកនេះ​ទៅ ដែលរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ត្រូវ​ប្រជុំ​ជាមួយ​នឹង​ប្រទេស​ដៃគូ (ទាំង​អាស៊ាន​បូក៣ រហូតដល់​ក្របខ័ណ្ឌ​អាស៊ីបូព៌ា) ដែល​ក្នុង​នេះ ក៏​មាន​រដ្ឋមន្រ្តី​ចិន និង​អាមេរិក​ចូលរួមផងដែរ។

មែនទែន​ទៅ បញ្ហា​ចម្រូងចម្រាស ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ បាន​កើតឡើង តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន បើក​កិច្ចប្រជុំម៉្លេះ គឺ​ការ​បោះពាក្យសម្តី​ដាក់​គ្នា​ រវាង​ហ្វ៊ីលីពីន និង​ចិន។

កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន លោក​វ៉ាង អ៊ី (Wang Yi) បាន​ថ្លែង​ព្រមាន​ដល់​ប្រទេស​ជាប់ជម្លោះ​ទាំងអស់​ នៅ​ក្នុង​តំបន់​អាស៊ាន កុំ​ឲ្យ​​ទៅ​ស្វះស្វែង​រក​ជំនួយ ពី​ភាគី​ទី៣ ណាមួយផ្សេងទៀត ឲ្យ​មក​លូកដៃ​ចូល​ក្នុង​ជម្លោះ​នេះ ហើយ​ថា វា​អាច​នឹង​នាំ​ទៅដល់​ការ​ប្រឈមមុខ​ដាក់គ្នា។ ការថ្លែង​ព្រមាន​របស់​រដ្ឋមន្រ្តី​ការបរទេស​ចិន​នេះ គឺ​នៅ​ចំថ្ងៃ ដែល​នាវាចម្បាំង​ហ្វ៊ីលីពីន និង​អាមេរិក​ចាប់បើក​ធ្វើ​សមយុទ្ធរួមគ្នា (សមយុទ្ធ ៥ថ្ងៃ) នៅ​ក្បែរ​តំបន់​ជម្លោះ។

មកដល់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ចិន​ក៏​បាន​ព្រមាន​ហ្វ៊ីលីពីន​បន្ថែម​ទៀត តាមរយៈ​បទវិចារណកថា ចុះផ្សាយ​ដោយ​កាសែត​ផ្លូវការ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ ថា ប្រសិនបើ​​ហ្វ៊ីលីពីន​នៅតែ​បន្ត​រករឿង​ចិន​តទៅទៀត ចិន​ប្រហែល​ជា​ត្រូវ​វាយបក​វិញ​ ដោយ​ចៀសមិនរួច។

តបនឹង​បទវិចារណកថា​របស់​កាសែត​បក្ស​កុម្មុយនិស្ត​ចិន​នេះ នៅ​ព្រឹកមិញ រដ្ឋមន្រ្តី​ការបរទេស​ហ្វ៊ីលីពីន បាន​វាយបក​ត្រឡប់មកវិញ​ថា ជាបទវិចារណកថា ដែល​ខ្វះការទទួលខុសត្រូវ ហើយ​ចោទចិន​ថា កំពុង​តែ​យក​កម្លាំងទ័ព​មក​គំរាម​ប្រទេស​ដទៃ។ រដ្ឋមន្រ្តី​ការបរទេស​ហ្វ៊ីលីពីន​ក៏​បាន​បញ្ជាក់​បន្ថែម​ផងដែរថា បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​តែ​ជា​សំណុំរឿង​អាទិភាព​មួយ នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន ដែល​ត្រូវ​ធ្វើ​រហូតដល់​ថ្ងៃ​អង្គារ​ខាន​ស្អែកនេះ។

ដូច្នេះ បើ​តាម​ស្តាប់មើលទៅ កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​​អាស៊ាន នៅ​ព្រុយណេ​ពេលនេះ ប្រាកដ​ជា​ចៀស​មិនផុត​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​​នេះ​ទេ គ្រាន់តែ​មិនដឹង​ថា តើ​វា​អាច​ក្លាយ​ទៅ​ជា​បញ្ហា​ចម្រូងចម្រាស​ខ្លាំង ដូច​កាល​ពី​កិច្ចប្រជុំ​នៅ​ភ្នំពេញ​ទៀត​ឬ​ក៏​អត់?

ចំណុចដែល​គួរ​ឲ្យកត់សម្គាល់ ព្រុយណេ ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ ក៏​ជា​ប្រទេស ដែល​ជាប់ជម្លោះ​ជាមួយ​នឹង​ចិន ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដែរ។

សំណួរ-នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ​មាន​ប្រទេស​ចំនួន ៤ ដែល​ជាប់ជម្លោះ​ជាមួយចិន ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ក៏ប៉ុន្តែ ជាទូទៅ យើងឃើញ​ថា មាន​តែ​ហ្វ៊ីលីពីន​មួយ​ប៉ុណ្ណោះ ដែល​តែងតែ​​បញ្ចេញសំឡេង ប្រឈមមុខ​ជាមួយ​ចិន​ខ្លាំង​ជាងគេ។ តើ​មក​ពីហេតុអ្វី?
 
តាមពិត ក្នុង​ចំណោម​ប្រទេសជាប់ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ មាន​ប្រទេស ២ ដែល​ជាទូទៅ តែងតែ​ចេញមុខ​តទល់​ជាមួយ​ចិន​ច្រើន​ជាងគេ គឺ​ហ្វ៊ីលីពីន និង​វៀតណាម។ ក៏ប៉ុន្តែ វៀតណាម​​ធ្លាប់មាន​មេរៀន​ជូរចត់ ពី​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់អាវុធ​ជាមួយ​ចិន កាលពីឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៨៨ ដោយសារ​តែ​ជម្លោះ​ដណ្តើម​កោះ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូងនេះ ហើយ​ក្នុង​ការ​វាយប្រយុទ្ធគ្នា​នេះ គឺ​ខាង​វៀតណាម​ ដែល​ទទួលរង​ការ​ខូចខាត​ច្រើន​ជាងចិន។ ដូច្នេះ​ហើយ​បាន​ជា ឥឡូវនេះ​ វៀតណាម បើ​ទោះបី​ជា​ចេញមុខ​តទល់​ជាមួយចិន​ខ្លាំងមែន ក៏ប៉ុន្តែ ជាទូទៅ ច្រើន​តែ​មាន​ការ​ប្រយ័ត្នប្រយែង​ ដោយខ្លាច​ជម្លោះ​នេះ​ រាលដាល​ទៅ​ជា​ជម្លោះប្រដាប់អាវុធ ដូច​កាល​ពី​ពេលមុនៗ។

ហ្វ៊ីលីពីនវិញ ច្រើន​តែ​មាត់ធំ​ដាក់ចិន ដោយសារ​តែ​ហ្វ៊ីលីពីន​អាង​អាមេរិក​នៅ​ពីក្រោយ។ បើ​យើងមើលមែនទែនទៅ ហ្វ៊ីលីពីន​ចាប់ផ្តើម​ដំឡើង​សំឡេង​ដាក់ចិន ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ គឺ​នៅក្រោយ​ពេល​ដែល​លោក​អូបាម៉ា ដាក់ចេញ​នូវ​នយោបាយ​ការបរទេស ដែល​ផ្តោត​អាទិភាព​មក​តំបន់​អាស៊ី​ ហើយ​កងទ័ព​ជើងទឹក​អាមេរិក​គ្រោង​បង្កើន​វត្តមាន មក​បោះទីតាំង​ នៅ​ក្នុង​តំបន់​​អាស៊ីនេះ​កាន់តែច្រើន ដែល​ធ្វើ​ឲ្យ​ហ្វ៊ីលីពីន​បាន​ខ្នងអាង។

ភាគច្រើន យើងឃើញ​ថា នៅ​ពេល​ដែល​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង​ជាមួយចិន រដ្ឋាភិបាល​ហ្វ៊ីលីពីន​តែងតែ​ទាមទារ​​ឲ្យ​អាមេរិក​ធ្វើ​អន្តរាគមន៍ រៀបចំ​ឲ្យ​មាន​សមយុទ្ធរួម​ជាមួយ​កងទ័ព​ជើងទឹក​អាមេរិក នៅ​ក្បែរៗ​តំបន់​ជម្លោះ ឬ​ក៏​អនុញ្ញាត​ឲ្យ​នាវាចម្បាំង​អាមេរិក​ចូល​មក​សំចត​នៅ​ផែ​ហ្វ៊ីលីពីន ដើម្បី​កំញើញចិន។

ចុងក្រោយនេះ រដ្ឋាភិបាល​របស់​លោក​អាគីណូ កំពុង​តែ​មាន​គម្រោង​រៀបចំ​បើក​ឲ្យ​ដំណើរការ​​ឡើងវិញ នូវ​មូលដ្ឋាន​ទ័ព​ជើងដ៏ធំមួយ នៅ​ក្បែរ​សមុទ្រ​ចិន​ខាង​ត្បូង (Subic Bay Naval Base) ដែល​អាមេរិក​ធ្លាប់​យក​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​ជើងទឹក​ជិតមួយសតវត្សរ៍ ទើប​នឹង​បិទ​ទៅវិញ កាល​ពី​ឆ្នាំ​១៩៩២។

ហ្វ៊ីលីពីន​មិនមែន​ចង់​ឲ្យ​កងទ័ព​អាមេរិក​មក​បោះមូលដ្ឋាន​អចិន្រ្តៃយ៍ នៅ​ក្នុង​មូលដ្ឋាន​ទ័ព​នេះ ដូចពីពេលមុនទេ ក៏ប៉ុន្តែ អាច​យក​វា​ជា​ទីកន្លែង​ចេញចូល និង​សំចត ដើម្បី​អាច​រក្សា​វត្តមាន​កងទ័ព​អាមេរិក ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ដូច្នេះ និយាយ​ជារួម គ្រប់វិធានការ គ្រប់ជំហាន​របស់​ហ្វ៊ីលីពីន នៅ​ក្នុង​ការ​ប្រឈមមុខ​ជាមួយចិន គឺ​បង្ហាញ​ពី​ការ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​អាមេរិក។

ហ្វ៊ីលីពីន​អាងអាមេរិក! ក៏ប៉ុន្តែ បើ​សិន​ជា​ពេលមួយ ជម្លោះ​​ជាមួយចិន រាលដាល​ខ្លាំង រហូតដល់​ទៅ​ផ្ទុះ​សង្រ្គាម​ គេ​មិនប្រាកដ​ថា អាមេរិក​នឹង​ពិត​ជា​ចូល​មក​ជួយ​ហ្វ៊ីលីពីន​ ដើម្បី​ច្បាំង​តទល់​ជាមួយ​ចិន​ទេ។ នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ គេ​តែងតែ​មាន​ពាក្យស្លោក​មួយ​ថា “ប្រទេស​ជាតិ​នីមួយៗ​​គ្មានទេ​មិត្ត គឺ​មានតែ​ផលប្រយោជន៍”។ ផលប្រយោជន៍​របស់​អាមេរិក គឺ​ពាណិជ្ជកម្ម ដែល​មាន​តម្លៃ​រាប់រយពាន់លាន​ដុល្លារ​ជាមួយ​ចិន។ ដូច្នេះ សំណួរ​សួរថា តើ​ប្រាកដ​ទេ ដែល​ថា ​អាមេរិក​សុខចិត្ត​ខាតបង់​ប្រយោជន៍​នេះ ដើម្បី​មក​ជួយ​ហ្វ៊ីលីពីន ច្បាំង​ដណ្តើម​កូនកោះ​ជាមួយ​ចិន?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI