កម្ពុជា-ថៃ

ក្រុម​ការងារ​រួម​កម្ពុជា​-ថៃ​ព្រមព្រៀង​ឲ្យ​មាន​ការ​ពិភាក្សា​ដោះមីន​នៅ​តំបន់​ព្រំដែន​តែ​គ្មាន​កំណត់​ថ្ងៃ​ដក​ទ័ព​

ក្នុង​កិច្ច​ប្រជុំក្រុមការងារ​រួម​លើកទីពីរ​កម្ពុជា-ថៃ​អនុវត្ត​ដីកា​បង្គាប់តុលាការ​យុត្តិធម៌​អន្តរជាតិ
ក្នុង​កិច្ច​ប្រជុំក្រុមការងារ​រួម​លើកទីពីរ​កម្ពុជា-ថៃ​អនុវត្ត​ដីកា​បង្គាប់តុលាការ​យុត្តិធម៌​អន្តរជាតិ RFI/Siv Channa

ក្រុម​ការងារ​​រួម​​កម្ពុជា​-​ថៃ​ដែល​​ដឹកនាំ​​ដោយ​​នាយ​​ឧត្តមសេនីយ៍​ប្រទេ​ស​ទាំង​​ពីរ​ បាន​​បិទ​​បញ្ចប់​​កិច្ចប្រជុំ​នា​​រសៀល​​ថ្ងៃ​​ព្រហស្បតិ៍​ទី​​២៨​​មិថុនា​នៅ​​ទីក្រុង​​ភ្នំពេញ​។​ ជា​​លទ្ធផល​​នៃ​​កិច្ចប្រជុំ​ ឧត្តម​សេនីយ៍​​ទាំង​ពីរ​ ​​បាន​ត្រឹមតែ​​ប្តេជ្ញា​រក្សា​​ការ​​ស្ងប់ស្ងាត់​នៅ​​តំបន់​​ព្រំដែន​និង​​រៀបចំ​​ឲ្យ​​អ្នក​ជំនាញ​​ដោះមីន​​កម្ពុជា​និង​​ថៃ​ ជួប​ប្រជុំ​គ្នា​នៅ​​សប្តាហ៍​​ទី​​៣​ក្នុង​​ខែ​​កក្កដា​ដើម្បី​​ពិភាក្សា​​ពី​​ការ​ដោះ​មីន​ នៅ​តំបន់​​ព្រំដែន​​ប្រាសាទ​​ព្រះវិហារ​។​ ចំណែក​​ការ​ដក​​កងទ័ព​ចេញ​ពី​​តំបន់​​ព្រំដែន​ ដែល​​តុលាការ​​ឡាអេ ​កំណត់​​ជា​​តំបន់​​គ្មាន​​កងទ័ព​​​បណ្តោះ​អាសន្ន​គឺ​​ត្រូវ​​អនុវត្ត​​នៅ​​រយៈពេល​ ៣០​ ថ្ងៃ​ក្រោយ​​ការ​ដោះមីន​។​ តែ​​មិន​​មាន​​ការ​កំណត់​​ថ្ងៃ​ខែ​​ជាក់លាក់​​នៅ​ឡើយ​​ទេ​។​​

ផ្សាយពាណិជ្ជកម្ម

​ឧត្តមសេនីយ៍កម្ពុ​ជា និង​ថៃ បាន​ដឹកនាំ​ក្រុមការងារ​រួម ជួបប្រជុំ​គ្នា​ជា​លើក​ទី​២ ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​២៧​មិថុនា​ម្សិលមិញ​។ កិច្ចប្រជុំនៅ​វិមាន​សន្តិភាពក្នុង​ទីក្រុង​ភ្នំពេញ បានអូសបន្លាយ រហូត​ដល់​យប់​កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៨​មិថុនា​។ នៅ​ព្រឹក​មិញ ក្រុមការងារ​រួម​កម្ពុជា​-​ថៃ បាន​បន្ត​កិច្ចប្រជុំ រហូតដល់​ម៉ោង​ជាង ២ រសៀល ទើប​បញ្ចប់​។

​លទ្ធផល​នៃ​កិច្ចប្រជុំ ត្រូវបាន​លោក​នាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ តំណាង​ឲ្យ​ភាគី​កម្ពុជា បាន​លើកឡើង​ថា ភាគី​ទាំងពីរ បាន​ប្តេជ្ញាចិត្តថែរក្សានិង​ជំរុញ​សន្តិ​សហ​វិជ្ជមាន​យូរអង្វែង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ទប់ស្កាត់​សកម្មភាព​អវិជ្ជមាន ដែល​អាច​ប៉ះពាល់​ដល់​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន​។

​លោកនាយ​ឧត្តមសេនីយ៍ បាន​បន្ថែមថា ភាគី​ទាំងពីរ ក៏​បាន​ព្រមព្រៀង​ឲ្យ​មជ្ឈមណ្ឌល​កម្ចាត់​​មីន​កម្ពុជានិង​មជ្ឈមណ្ឌល​កម្ចាត់​មីន​ថៃ ដើម្បី​ពិភាក្សា​គ្នានៅ​សប្តាហ៍​ទី​៣ ខែកក្កដានៅ​ទីក្រុង​បាងកក អំពី​វិធានការ និង​ផែនការដោះ​មីន​រួមដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​ក្រុម​សង្កេតការណ៍​រួម និង​​សម្រួល​ដល់​កម្មវិធី​កែសម្រួល​កងទ័ព នាពេលខាងមុខ​។​

​ពាក់ព័ន្ធ​នឹង​ការកែសម្រួល​កងទ័ព លោកនាយ​ឧត្តមសេនីយ៍ នាង ផាត បាន​បញ្ជាក់​ផង​ដែរ​ថា ការកែសម្រួល​កងទ័ពនឹង​ត្រូវ​អនុវត្ត​ក្នុង​អំឡុងពេល៣០ថ្ងៃ​ក្រោយ​ពេល​ដែល​ការឯកភាព​របស់​​​ក្រុម​ជំនាញ​ដោះមីន​កម្ពុជានិង​ថៃបាន​ដោះ​មីន នៅក្នុង​តំបន់ ដែល​មាន​អំណោយផល​សម្រាប់​ការកែសម្រួល​កងទ័ព​បណ្តោះអាសន្ន តាម​ការសម្រេច​របស់​តុលាការ​ឡាអេ កាលពី​ថ្ងៃ​១៨​​កក្កដា​ ឆ្នាំ​២០១១​។ ការកែសម្រួល​កងទ័ព ក៏​ត្រូវ​ត្រួតពិនិត្យ​ដោយ​អ្នកសង្កេតការណ៍​រួម កម្ពុជា​ថៃ​ និង​ឥណ្ឌូនេស៊ី​។

​យ៉ាងណាក៏ដោយ ទាំង​នាយ​ឧត្តមសេនីយ៍កម្ពុ​ជា និង​ទាំង​លោកនាយ​ឧត្តមសេនីយ៍ភាគី​ថៃ ក្នុង​​សន្និសីទកាសែត សុទ្ធតែ​បាន​អះអាងថា កិច្ចប្រជុំ​ដែល​អូសបន្លាយ​ពេលលើស​ពី​ការ​គ្រោង​ទុកនាពេលនេះ ធ្វើឡើងដោយ​លក្ខណៈ​មិត្តភាពនិង​ស្និទ្ធស្នាល​។ ភាគី​ទាំងពីរ ​ក៏​​ពេញ​ចិត្ត​​នឹង​​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​នេះ​ផង​ដែរ​។ កិច្ចប្រជុំ​ក្រុមការងារ​រួម​កម្ពុជា​-​ថៃ លើក​ទី​៣ នឹង​​​ធ្វើ​​នៅ​​ប្រទេស​​ថៃ​។​

អំពី​បញ្ហា​កងទ័ព​ថៃ រាយ​បន្លា​លួសនៅមុខ​ប្រាសាទ​ព្រះវិហារកាលពី​ថ្ងៃ​ទី​២៣​មិថុនា គឺ​​នៅ​​​ប៉ុន្មាន​​​​ថ្ងៃ​មុន​​កិច្ច​ប្រជុំ​​ក្រុមការងារ​​រួម​​កម្ពុជានិង​ថៃនៅ​ភ្នំពេញពេលនេះ​ មិន​ត្រូវបាន​លោក​នាយ​​ឧត្តមសេនីយ៍ តំណាង​ភាគី​កម្ពុជា និង​ភាគី​ថៃ ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកកាសែត​ទេ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI