កម្ពុជា

គណបក្ស​​សង្គ្រោះជាតិ នឹង​​ដើរ​​ហែ​​ក្បួន​​នៅ​​រសៀល​​ថ្ងៃ​​នេះ​​

តាម​កម្មវិធី មហា​បាតុកម្មអហិង្សា រយៈពេល ៣ថ្ងៃ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់ផ្តើម នៅ​ថ្ងៃទី២៣តុលា​នេះ។ នៅ​ថ្ងៃ​បាតុកម្ម​ទី១​នេះ នៅ​ម៉ោង ៣ រសៀល ក្បួន​បាតុកម្ម ចេញ​ដំណើរ​ដង្ហែ​ញត្តិ ពី​ទី​លាន​ប្រជាធិបតេយ្យ ទៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ទទួល​សិទ្ធិមនុស្ស ប្រចាំ​នៅ​កម្ពុជា ដើម្បី​ប្រគល់​ញត្តិ និង​ស្នាម​មេដៃ។ ម៉ោង៥ ក្បួន​បាតុកម្ម ត្រឡប់មក​ទីលាន​ប្រជាធិបតេយ្យ ហើយ​នៅ​ម៉ោង ៧យប់ មាន​បញ្ចាំងភាពយន្ត​ឯកសារ ស្តីពី​ការតស៊ូ​របស់លោក Martin Luther King ដែលជា​អ្នកតស៊ូ ប្រឆាំងនឹង​ការប្រកាន់​វណ្ណៈ​ស្បែក​ខ្មៅ នៅ​អាមេរិក។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងមហាបាតុកម្ម
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងមហាបាតុកម្ម RFI/Im Rachana
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា មហា​បាតុកម្មអហិង្សា រយៈពេល ៣​ថ្ងៃនេះ ដើម្បី​ទាមទារ​ឲ្យ​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ នៅ​កម្ពុជា​បច្ចុប្បន្ន និង​ឲ្យ​មានការ​គោរព​ពេញលេញ នូវ​កិច្ចព្រមព្រៀង​​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

បាតុកម្ម​នេះ នឹងមាន​អ្នកចូលរួម​ប្រមាណ ៤ម៉ឺន​នាក់ មកពី​ទូទាំងប្រទេស។ ញត្តិ​ដែលមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ ២លាន នឹងត្រូវ​ដង្ហែ​ទៅជូន​តំណាង​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា។

ជុំវិញ​មហា​បាតុកម្ម​ដោយ​សន្តិវិធី និង​អហិង្សា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី២៣តុលា​នេះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​សន្និសីទកាសែត នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស នៅ​ចាក់អង្រែលើ នា​ម៉ោង ៩​ព្រឹក ថ្ងៃទី២៣តុលា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI