លីប៊ី

ក្រុមប្រឹក្សា​សន្តិសុខ​អនុញ្ញាត​ឲ្យ​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា​នៅ​លីប៊ី

យន្តហោះ​ទំនើប​របស់​បារាំង​ ប្រភេទ Rafale ដែល​​បារាំង​អាច​ប្រើ​ក្នុង​ប្រតិបត្តិយោធា​នៅ​លីប៊ី
យន្តហោះ​ទំនើប​របស់​បារាំង​ ប្រភេទ Rafale ដែល​​បារាំង​អាច​ប្រើ​ក្នុង​ប្រតិបត្តិយោធា​នៅ​លីប៊ី ©Reuters

នៅថ្ងៃ​ព្រហស្បតិ៍ ១៧ មីនា ២០១១​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​អនុម័ត​សេចក្តីសម្រេច​មួយ អនុញ្ញាត​ឲ្យ​មាន​អន្តរាគមន៍​យោធា​នៅ​ក្នុង​ប្រទេស​លីប៊ី។ អន្តរាគមន៍​យោធា​នេះ​អាច​ជា​ការ​ហាមឃាត់​ការ​ហោះហើរ​នៅលីប៊ី ឬ​អាច​ជា​វិធានការ​យោធា​​ផ្សេងៗ​ទៀត ដែល​ចាំបាច់ ក្នុង​ការ​ការពារ​ជនស៊ីវិល។ ក្រុមប្រឹក្សា​សន្តិសុខ​បាន​ហាមឃាត់​តែ​មួយប៉ុណ្ណោះ គឺ​ការ​វាយលុក​ចូល​កាន់កាប់​ប្រទេស​លីប៊ី។

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

បន្ទាប់​ពី​មាន​ភាពចម្រូងចម្រាស់​គ្នា អស់រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមក ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​អនុម័ត​​សេចក្តី​សម្រេច​អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​យោធា ទៅលើ​លោក​កាដាហ្វ៊ី នៅលីប៊ី ដោយសំឡេង​យល់​ព្រម ១០ (បារាំង អង់គ្លេស លីបង់ អាមេរិក ព័រទុយហ្កាល់ កូឡុំប៊ី បូស៊្នី អាហ្វ្រិក​ខាង​ត្បូង នីហ្សេរីយ៉ា និង​ហ្កាបុង) និង​អនុប្បវាទ ៥ (ចិន រុស្ស៊ី អាល្លឺម៉ង់ ឥណ្ឌា និង​ប្រេស៊ីល)។

សេចក្តី​សម្រេចនេះ បាន​កើតឡើង​ពី​ការផ្តួចផ្តើម​គំនិត​របស់​បារាំង និង​អង់គ្លេស ដោយ​មាន​ការ​ចូលរួម​ព្រាង​ពីសំណាក់​ប្រទេស​លីបង់ ដែល​ជា​ប្រទេស​អារ៉ាប់។ សហរដ្ឋ​អាមេរិក ដែល​បាន​បង្ហាញ​ជំហរ​រារែក​ជាច្រើន​ថ្ងៃ​មកហើយ​នោះ បាន​គាំទ្រ​សេចក្តីព្រាង​នេះ​យ៉ាងពេញ​ទំហឹង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ។

សេចក្តី​សម្រេច​លេខ ១៩៧៣ ដែល​អនុម័ត នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុមប្រឹក្សា​សន្តិសុខ បាន​សម្រេច​​ពង្រីក​ទណ្ឌកម្ម​ទៅលើ​​​ក្រុម​លោក​កាដាហ្វ៊ី បន្ថែម​ពីលើ​ទណ្ឌកម្ម ដែល​បាន​សម្រេច​លើកមុន។ ធនាគារ​កណ្តាល និង​ក្រុមហ៊ុន​ប្រេង​​​លីប៊ី ដែល​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​ចម្បង​របស់​លោក​កាដាហ្វ៊ី ​ត្រូវ​បាន​គេ​ដាក់បញ្ចូល​ក្នុង​​បញ្ជី​ស្ថាប័ន ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​ហិរញ្ញវត្ថុ។

ទាក់ទង​នឹង​អន្តរាគមន៍​យោធា ក្រុមប្រឹក្សា​សន្តិសុខ​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​តំបន់​ហាមឃាត់​មិនឲ្យ​ មាន​ការ​ហោះហើរ នៅ​លីប៊ី (No-fly Zone)។ បន្ថែម​ពីលើ​​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អនុញ្ញាត​ឲ្យ​រដ្ឋ​ជាសមាជិក “ចាត់​រាល់វិធានការ​ចាំបាច់” ដើម្បី​ការពារ​ជនស៊ីវិលលីប៊ី (ភាសា​ការទូត ដែល​ក្រុមប្រឹក្សា​សន្តិសុខ​តែងតែ​ប្រើ សំដៅលើ​​អន្តរាគមន៍​ផ្នែក​យោធា)។ នេះ​មានន័យ​ថា គេ​អាច​ប្រើ​កម្លាំង​ទ័ព​វាយប្រហារ​លើ​​កងទ័ព​របស់​លោក​កាដាហ្វ៊ី​បាន។ ចំណុច​សំខាន់ ដែល​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ហាមឃាត់​ គឺ​ការ​ប្រើ​កម្លាំង​ទ័ព​វាយលុក​ចូល​កាន់កាប់​ប្រទេស​លីប៊ី។

គ្រាន់តែ​ទទួល​ដំណឹង​អំពី​ការ​អនុម័ត​សេចក្តី​សម្រេច​នេះភ្លាម ប្រជាជន​នៅ​ក្នុង​ទីក្រុង​ Benghazi បាន​នាំគ្នា​ស្រែក​អបអរ​សាទរ​​សេចក្តីសម្រេចនេះ។ អ្នក​ខ្លះ​បាន​លើកឡើង​ថា “ការសម្រេចនេះ ​បាន​ធ្វើ​ឡើង​ហាក់ដូចជា​យឺតពេល​បន្តិច។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា វា​ជា​សញ្ញា​បង្ហាញ​ថា សហគមន៍​អន្តរជាតិ​មិនបោះបង់​ពួក​យើង​ចោលទេ”។​​

គួរ​បញ្ជក់ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ កងទ័ព​របស់​លោក​កាដាហ្វ៊ី​បាន​វាយដណ្តើម​យក​ទីក្រុង​ម្តងមួយៗ ពី​ក្រុមប្រឆាំង។ Benghazi គឺ​ជា​ជម្រក​ចុងក្រោយ​របស់​ក្រុមប្រឆាំង។

លោក​អាឡាំង ហ្ស៊ុបប៉េ (Alain Juppé) រដ្ឋមន្រ្តី​ការបរទេស​បារាំង
លោក​អាឡាំង ហ្ស៊ុបប៉េ (Alain Juppé) រដ្ឋមន្រ្តី​ការបរទេស​បារាំង ©Reuters

កាលពី​យប់​​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកកាដាហ្វ៊ី​បាន​បញ្ជា​ឲ្យ​ទាហាន​របស់​លោក​ ដែល​កំពុង​តែ​ស្ថិត​នៅ​ចម្ងាយប្រមាណ ១៦០​គ.ម. ពី​ទីក្រុង​ Benghazi ចាប់ផ្តើម​វាយលុក​ចូល​ក្នុង​ក្រុង ដើម្បី​​បំបែក​សម្បុក​ក្រុមប្រឆាំង។ យន្តហោះ​របស់​លោក​កាដាហ្វ៊ី​បាន​ចាប់ផ្តើម​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​ មួយចំនួន​ក្នុង​ក្រុងនេះ ក៏ប៉ុន្តែ នៅមិនទាន់​បញ្ជូន​កងទ័ព​ថ្មើរជើង​ទៅនៅឡើយទេ។

មន្រ្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង​បាន​ថ្លែង​នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ ថា ប្រតិបត្តិការ​យោធា​នៅលីប៊ី​អាច​នឹង​ចាប់ផ្តើម​ “នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ខាងមុខ”។ កងទ័ព​​បារាំង និង​អង់គ្លេស នឹង​​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​មុនគេ។ ប៉ុន្តែ គេនៅមិនទាន់​អាច​ដឹង​ច្បាស់​នៅឡើយទេ​ថា តើ​អាមេរិក​នឹង​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​នៅពេលណា?

ក្រៅពី​បារាំង ​អង់គ្លេស និង​អាមេរិក ប្រទេស​ផ្សេងទៀត រួមមាន កាណាដា ប៊ែលហ្ស៊ិក អ៊ីតាលី និង​ន័រវែស សុទ្ធតែ​បាន​ប្រកាស​ថា​នឹង​ចូលរួម​ចំណែក​ក្នុង​​ប្រតិបត្តិការ​យោធា​ នៅលីប៊ី។ រដ្ឋាភិបាល​បារាំង​​រំពឹង​ថា ប្រទេស​អារ៉ាប់​មួយចំនួន​ក៏​នឹង​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ។ នៅពេលនេះ ក្រៅ​ពីលីបង់ ដែល​ចូលរួម​ព្រាង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ មានតែ​ប្រទេស​អារ៉ាប់​មួយ​ប៉ុណ្ណោះ គឺ​ប្រទេស​កាតា ដែល​បាន​ប្រកាស​ថា នឹង​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​នៅលីប៊ី។ ប្រទេស​អារ៉ាប់​ផ្សេងទៀត ដែល​គេរំពឹង​ថា នឹង​អាច​ចូលរួម គឺ​មាន​អេហ្ស៊ីប អារ៉ាប៊ី​សាអ៊ូឌីត អេមីរ៉ាត​អារ៉ាប់រួម និង​ហ្សកដានី។

លីប៊ី គឺ​ជា​ប្រទេស​អារ៉ាប់។ ការចូលរួម​របស់​ប្រទេស​អារ៉ាប់​ក្នុង​ប្រតិបត្តិការ​យោធា​នៅលីប៊ី បើទោះជា​ចូលរួម​តិចក្តី ឬ​ច្រើន​ក្តី គឺ​ជា​រឿង​ដ៏សំខាន់​បំផុត ដើម្បី​ចៀសវាង​កុំ​ឲ្យ​សាធារណមតិ​អារ៉ាប់​ចោទថា ប្រទេស​លោកខាងលិច​រំលោភ​លើ​ប្រទេស​អារ៉ាប់។

នៅល្ងាច​ថ្ងៃ​សុក្រ​នេះ រដ្ឋាភិបាល​លីប៊ី​ស្រាប់តែ​បាន​ប្រកាស​ថា នឹង​គោរព​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ដែល​អនុម័ត​កាល​ពី​ម្សិលមិញ ហើយ​ថា នឹង​បញ្ឈប់​រាល់​ប្រតិបត្តិការ​យោធា​ទាំងអស់ ទៅលើ​ក្រុមប្រឆាំង។ ក៏ប៉ុន្តែ ទោះជា​មាន​ការ​ប្រកាស​បែបនេះ​ក៏ដោយ បារាំង និង​ប្រទេស​មួយចំនួន​ទៀត នៅតែ​បន្ត​រៀបចំ​ផែនការ​ ដើម្បី​ធ្វើ​អន្តរាគមន៍​យោធា​នៅលីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI