សេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខទាមទារឲ្យលោកអាសាដចុះពីតំណែង
ចុះផ្សាយនៅថ្ងៃ៖
កាលពីល្ងាចថ្ងៃសុក្រ ២៧ មករា ម្សិលមិញនេះ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានបើកកិច្ចប្រជុំ នៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សាគ្នាលើដំណោះស្រាយវិបត្តិស៊ីរី ដែលស្នើឡើងដោយសម្ព័ន្ធអារ៉ាប់។ ផែនការ ដែលស្នើឡើងតាមរយៈប្រទេសម៉ារ៉ុក ទាមទារឲ្យលោកបាស្ហា អាល់អាសាដ ចុះចេញពីតំណែង ដើម្បីបើកផ្លូវឲ្យមានដំណោះស្រាយនយោបាយ បញ្ចប់អំពើហិង្សានៅស៊ីរី។ រុស្ស៊ីបានជំទាស់យ៉ាងដាច់អហង្ការចំពោះសេចក្តីព្រាងនេះ។
ដោយមិនអាចបញ្ចប់អំពើហិង្សានៅស៊ីរីបាន សម្ព័ន្ធអារ៉ាប់បានសម្រេចបញ្ជូនសំណុំរឿងស៊ីរី ទៅឲ្យក្រុមប្រឹក្សាសន្តិសុខវិញម្តង។ ដំណោះស្រាយ ដែលកើតចេញពីការផ្តួចផ្តើមគំនិតរបស់សម្ព័ន្ធអារ៉ាប់ ត្រូវបានបញ្ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខ តាមរយៈប្រទេសម៉ារ៉ុក ដែលជាសមាជិកសម្ព័ន្ធអារ៉ាប់ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។
សម្ព័ន្ធអារ៉ាប់ចង់ឲ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចមួយ ដើម្បីបង្ខំឲ្យលោកបាស្ហា អាល់អាសាដ ចុះចេញពីតំណែង ហើយផ្ទេរអំណាចទៅឲ្យអនុប្រធានាធិបតីស៊ីរី។ បន្ទាប់មក ក្នុងរយៈពេល២ខែយ៉ាងយូរ អនុប្រធានាធិបតីស៊ីរី ត្រូវបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ ដែលមានការចូលរួមពីសំណាក់ក្រុមប្រឆាំង។ ក៏ប៉ុន្តែ សេចក្តីព្រាង ដែលស្នើឡើងដោយប្រទេសម៉ារ៉ុកនេះ មិនមាននិយាយអំពីអន្តរាគមន៍យោធា នៅស៊ីរីនោះទេ។
នៅថ្ងៃអង្គារ តំណាងសម្ព័ន្ធអារ៉ាប់នឹងទៅឆ្លើយបំភ្លឺ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ អំពីលទ្ធផលនៃបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍នៅស៊ីរី។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំអ.ស.ប.បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអាចនឹងយកសេចក្តីព្រាងនេះ ទៅប្រជុំអនុម័ត នៅថ្ងៃពុធ។
ក៏ប៉ុន្តែ រុស្ស៊ី ដែលជាសមាជិកអចិន្រ្តៃយ៍ បានព្រមានថា ខ្លួននឹងជំទាស់នឹងរាល់សេចក្តីសម្រេចណា ដែលទាមទារឲ្យលោកអាសាដចុះចេញពីតំណែង ឬមានចែងអំពីទណ្ឌកម្មលើស៊ីរី។
គួររំឭកឡើងវិញថា កាលពីខែតុលា រុស្ស៊ី រួមជាមួយនឹងចិន បានប្រើសិទ្ធិវ៉េតូម្តងរួចមកហើយ លើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលថ្កោលទោសរដ្ឋាភិបាលស៊ីរី ជុំវិញការប្រើកម្លាំងបង្ក្រាបបាតុកម្ម។
ស៊ីរី គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី នៅក្នុងតំបន់ដើមបូព៌ា។ រុស្ស៊ីមានកំពង់ផែសម្រាប់នាវាចម្បាំង នៅស៊ីរី។ ស៊ីរី គឺជាអតិថិជនដ៏សំខាន់នៃទីផ្សារគ្រឿងសព្វាវុធរុស្ស៊ី។ ស៊ីរីទិញគ្រឿងសព្វាវុធពីរុស្ស៊ី គិតជាទឹកប្រាក់ប្រមាណជា ៧០០លានដុល្លារ ក្នុងមួយឆ្នាំៗ។ កាលពីពេលថ្មីៗនេះ រុស្ស៊ីទើបនឹងចុះកិច្ចសន្យាលក់យន្តហោះចម្បាំងចំនួន ៣៥គ្រឿង (៥៥០លានដុល្លារ) ទៅឲ្យស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ