គណបក្សសង្គ្រោះជាតិរឹតបន្តឹងសន្តិសុខនៅថ្ងៃអាទិត្យនេះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅ ថ្ងៃអាទិត្យទី២២ធ្នូនេះ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានបង្ហាញវត្តមានកាន់តែច្រើននៅលើទីលានប្រជាធិបតេយ្យ។ ដោយចាត់ទុកថា ការជួបជុំថ្ងៃអាទិត្យនេះ គឺជាថ្ងៃមហាបាតុកម្មធំ គណបក្សសង្គ្រោះជាតិក៏បានបង្កើនកំលាំង រឹតបន្តឹងសន្តិសុខជាងសព្វដង។ ទោះយ៉ាងណាក៏ដោយ មន្ត្រីគណបក្សសង្គ្រោះជាតិ បានអំពាវនាវអោយបាតុកររបស់ខ្លួនប្រកាន់គោលការណ៍អហិង្សា។
គណបក្សសង្គ្រោះជាតិប្រកាសរឹតបន្តឹងសន្តិសុខដោយបង្កើនកំលាំងផ្នែកសន្តិសុខជាង១៥០០នាក់ ដើម្បីផ្តល់សន្តិសុខដល់ក្រុមបាតុករ ដែលបានកើនឡើង នៅថ្ងៃអាទិត្យនេះ។ នេះបើតាមការបញ្ជាក់របស់លោក ហូរ វ៉ាន់ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអ្នកទទួលខុសត្រូវផ្នែកសន្តិសុខរបស់គណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិត្រូវបង្កើនសន្តិសុខផ្ទៃក្នុង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទើបតែព្រមានគណបក្សសង្គ្រោះជាតិអំពីវត្តមាននៃភាគីទី៣ ដែលអាចបង្កបញ្ហាអសន្តិសុខ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅទីលានប្រជាធិបតេយ្យផ្ទាល់នៅព្រឹកថ្ងៃអាទិត្យនេះ លោក ហូរ វ៉ាន់បានបញ្ជាក់ពីមូលហេតុនៃការពង្រឹងសន្តិសុខនេះ ថាដោយសារតែថ្ងៃអាទិត្យនេះ បាតុកររបស់គណបក្សសង្គ្រោះជាតិបានកើនឡើងយ៉ាងច្រើនខុសពីថ្ងៃធម្មតា។ ហើយមួយវិញទៀត គណបក្សសង្គ្រោះជាតិ ព្រួយបារម្មណ៍ពីការបង្កចលាចលរបស់ក្រុមឱកាសនិយម។
លោក ហូរ វ៉ាន់ បានបញ្ជាក់ថា ក្រុមសន្តិសុខរបស់លោកទាំង១៥០០នាក់នេះ គឺជាក្រុមយុវជនស្ម័គ្រចិត្ត និងកងកម្លាំងសន្តិសុខរបស់គណបក្ស ដែលក្រុមសន្តិសុខទាំងនេះ គឺនៅតាមបណ្តាខ័ណ្ឌក្នុងរាជធានីភ្នំពេញ។
ដោយសារតែថ្ងៃអាទិត្យនេះជាថ្ងៃជួបជុំធំ លោកសម រង្ស៊ី និងលោកកឹម សុខា បានមកជួបអ្នកគាំទ្ររបស់ខ្លួនតាំងពី ម៉ោង១១ព្រឹក។ បែបណាក៏ដោយ ក្នុងការថ្លែងទៅកាន់ក្រុមបាតុករដែលមកជួបជុំគ្នាប្រមាណជាង២ម៉ឺននាក់ នៅថ្ងៃអាទិត្យនេះ គណបក្សសង្គ្រោះជាតិ បានអំពាវនាវឱ្យក្រុមបាតុករទាំងអស់ ត្រូវប្រកាន់ធម៌អហិង្សា ដោយស្រែកពាក្យថា”អហិង្សាទាំងអស់គ្នា” ខណៈដែលក្បួនបាតុកម្មរបស់គណបក្សនឹងដង្ហែពេញទីក្រុងសាជាថ្មីម្តងទៀត នៅថ្ងៃនេះ។ គម្រោងក្បួនបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយ លោក សម រង្ស៊ី និងលោកកឹម សុខា ចេញដំណើរដឹកនាំបាតុកម្មនៅម៉ោងប្រមាណជាង២រសៀល ដោយឆ្លងកាត់ផ្លូវមួយចំនួនក្នុងក្រុងភ្នំពេញ។
ទាក់ទងនឹងបញ្ហាសន្តិសុខនេះ មន្ត្រីអង្គការសិទ្ធិមនុស្សអាហុក ដែលបានតាមដាននៅទីលានប្រជាធិបតយ្យជាប្រចាំនោះ បានស្នើឱ្យគ្រប់ភាគីទាំងអស់ទាំងរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ ត្រូវសហការគ្នាដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ល្អជូនពលរដ្ឋ និងសង្គមទាំងមូល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ