កម្ពុជា

សិក្ខាសាលា​​ស្ដី​ពី​ការ​​ស៊ើប​អង្កេត និង​​ការ​​កាត់​ទោស​​ករណី​​បទ​ល្មើស​​ជួញ​ដូរ​​សម្បត្តិ​​វប្បធម៌​

សិក្ខាកាម​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្ដី​ពីការ​ស៊ើប​អង្កេត ការ​ចោទ​ប្រកាន់ និង​ការ​វិនិច្ឆ័យ​បទ​ល្មើស​ជួញ​ដូរ​សម្បត្តិ​វប្បធម៌ ថ្ងៃ​ទី​២១​តុលា ឆ្នាំ​២០១៣
សិក្ខាកាម​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្ដី​ពីការ​ស៊ើប​អង្កេត ការ​ចោទ​ប្រកាន់ និង​ការ​វិនិច្ឆ័យ​បទ​ល្មើស​ជួញ​ដូរ​សម្បត្តិ​វប្បធម៌ ថ្ងៃ​ទី​២១​តុលា ឆ្នាំ​២០១៣ RFI/Im Rachna

ស្ថានទូត​សហរដ្ឋ​អាមេរិក សហការ​ជាមួយ​រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ រៀប​ចំ​សិក្ខាសាលា​​មួយ ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត និង​ការ​កាត់​ទោស​ករណី​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​សម្បត្តិ​វប្បធម៌។ សិក្ខា​សាលា​នេះ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​នានា ដូច​ជា​អ្នក​ជំនាញ​ផ្នែក​ច្បាប់​របស់​កម្ពុជា និង​អាមេរិក ទី​ភ្នាក់ងារ FBI របស់​អាមេរិក មន្ដ្រី​សមត្ថកិច្ច​បេតិកភណ្ឌ​​កម្ពុជា​ជា​ដើម។

ផ្សាយពាណិជ្ជកម្ម

សិក្ខាសាលា​ស្ដី​ពីការ​ស៊ើប​អង្កេត ការ​ចោទ​ប្រកាន់ និង​ការ​វិនិច្ឆ័យ​បទ​ល្មើស​ជួញ​ដូរ​សម្បត្តិ​វប្បធម៌ បើក​ធ្វើ​​នៅ​ព្រឹក​ថ្ងៃ​ទី​២១​តុលា ឯរាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ រាជធានី​ភ្នំពេញ។ ជា​សិក្ខាសាលា​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លះ ចូល​រួម​ដោយ​ភាគី​កម្ពុជា និង​ភាគី​អាមេរិក សរុប​ជាង​៤០​នាក់។ ក្នុង​នោះ ភាគី​កម្ពុជា​រួម​មាន​ ចៅ​ក្រម ព្រះ​រាជអាជ្ញា មន្ដ្រី​នគរ​បាល​ការពារ​បេតិកភណ្ឌ តំណាង​មក​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួង​ទេសចរណ៍ ក្រសួង​មហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​រាជបណ្ឌិត​សភា​​វិជ្ជាជីវៈ​តុលាការ​ជា​ដើម។ ចំណែក​ភាគី​អាមេរិក​មាន​ជា​អាថ៌ អ្នក​ជំនាញ​ផ្នែក​ច្បាប់ អ្នក​ឯកទេស​មក​ពី​ទី​ភ្នាក់ងារ FBI និង​ស្ថាប័ន​ឧទ្យានជាតិ​ជា​ដើម។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក​ឃឹម សារិទ្ធ បាន​ចាត់​ទុក​សិក្ខាសាលា​នេះ​ថា មាន​សារៈ​សំខាន់​ណាស់ សម្រាប់​ការពារ​សម្បត្តិ​វប្បធម៌​ខ្មែរ។ សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​លោក​រដ្ឋលេខាធិការ​រូប​នេះ​អះអាង​ថា មាន​ច្រើន​ឥត​គណនា និង​មាន​តម្លៃ​មហាសាល ​មិន​អាច​កាត់​ថ្លៃ​បាន។ តាម​រយៈ​សិក្ខាសាលា​នេះ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ក៏​ដូច​ជា​ជន​ជាតិ​បរទេស​ទាំង​អស់ នឹង​បាន​យល់​ដឹង​ពី​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ។ នេះ​បើ​តាម​ប្រសាសន៍​លោក ឃឹម សារិទ្ធ​។

ចំណែក​លោក Sean McIntosh មន្ដ្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ​ថា ការ​ការពារ​សម្បត្តិ​វប្បធម៌ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំង​អស់ មិន​ថា​ជា​សហរដ្ឋ​អាមេរិក ឬ​កម្ពុជា​ទេ។ លោក​សង្ឃឹម​ថា សិក្ខាសាលា​នេះ នឹង​ជួយ​ជម្រុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត និង​កាត់ទោស​ដោយ​ជោគជ័យ​នូវ​ជន​ល្មើស​ជួញ​ដូរ​សម្បត្តិ​វប្បធម៌​ និង​បេតិកភណ្ឌ​នៃ​ប្រទេស​កម្ពុជា។

គួរ​ជម្រាប​ជូន​ថា ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លះ អង្គ​សិក្ខាសាលា នឹង​ចែក​រំលែក ព្រម​ទាំង​ស្វែង​យល់ នូវ​បច្ចេកទេស​ និង​ការ​វិវត្តន៍​ថ្មី​ៗ ដែល​អាច​ជួយ​ក្នុង​ការ​ចាត់ការ​លើ​ករណី​នានា និង​ការ​ខិតខំ​ដើម្បី​កាត់​បន្ថយ​ការ​លួច​ និង​ប្រើ​ប្រាស់​ដោយ​មិន​ត្រឹម​ត្រូវ​នៃ​វត្ថុ​បុរាណ​របស់​កម្ពុជា។

ជាមួយ​គ្នា​នេះ សិក្ខាសាលា​ក៏​គាំទ្រ​ផង​ដែរ គោលដៅ​របស់​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា រវាង​រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​កម្ពុជា ទាក់ទង​នឹង​ការ​ដាក់​កំហិត​លើ​ការ​នាំ​ចូល​វត្ថុ​បុរាណ​ពី​កម្ពុជា ចាប់​ពី​យុគ​សម័យ​សំរិទ្ធ រហូត​ដល់​សម័យ​អាណាចក្រ​ខ្មែរ។ ជា​អនុស្សារណៈ ដែល​មាន​តាំង​ពី​ឆ្នាំ​២០០៣​មក ត្រូវ​បាន​កែ​ប្រែ ហើយ​បន្ត​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI