សហរដ្ឋអាមេរិក​

​បក្ស​សាធារណរដ្ឋ​ពិតជា​​មិនអាច​បំបែក​​ច្បាប់សុខភាព​​អូបាម៉ាឃែរ​​?

វិមាន​កាពីតូល
វិមាន​កាពីតូល REUTERS/Joshua Roberts

បក្ស​សាធារណរដ្ឋ​កាន់អំណាច​អាមេរិក​ប្រហែល​ជា​គ្មានថ្ងៃ​បំបែក​ច្បាប់​សុខភាព​អូបាម៉ាឃែរ​បានទេ។ ព្រឹទ្ធសភា​អាមេរិក​បានបោះឆ្នោត​ទាត់ចោល​សំណើ​ដែល​ចង់​លុបចោល​ខ្លឹមសារ​មួយចំណែក​នៃ​ច្បាប់​អូបាម៉ាឃែរ ជាមួយ​សម្លេង​៥១ ទល់នឹង​សម្លេង​ប្រឆាំង​៤៩សម្លេង។

ផ្សាយពាណិជ្ជកម្ម

សប្តាហ៍​នេះ ​បក្ស​កាន់អំណាចសាធារណរដ្ឋ​នៅ​​អាមេរិកជួប​បរាជ័យ​ខ្លាំង ដោយសារ​​​មិនអាច​សម្រេច​បំណង​អោយ​​ព្រឹទ្ធសភា​លុបចោលទាំងស្រុង​នូវ​​ច្បាប់​សុខភាព​អូបាម៉ាឃែរ​ ហើយ​រឹតតែ​​​មិនអាច​អោយ​​ព្រឹទ្ធសភា​លុបចោល​សូម្បីតែ​​​​ខ្លឹមសារ​​មួយចំណែក​​​នៃ​ច្បាប់​​​​អូបាម៉ាឃែរដែរ។ ការបោះឆ្នោត​បរាជ័យ​នៅ​ព្រឹទ្ធសភា ម្សិលមិញ​នេះ ​ដោយសារ​តែ​សមាជិ​កបក្ស​កាន់អំណាច​៣រូប ​គឺ​លោក​ចន ម៉ាក់ឃែន លោកស្រី​ស៊ូសាន ខូលីន​ និង​លោកស្រី លីហ្សា មួរកូវស្គី បោះឆ្នោ​តជំទាស់​ ដូចសមាជិក​បក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​ដែរ។ បក្ស​កាន់អំណាច​មាន​សម្លេង​ភាគច្រើន​ ៥២សម្លេង​ក្នុង​ព្រឹទ្ធសភា ប៉ុន្តែ ដោយសារ​​ ​៣សម្លេងបាន​​​​​​ប្រឆាំង​ ដូច្នេះ​​សល់សម្លេង​ត្រឹម​៤៩​សម្លេង ​មិនគ្រប់គ្រាន់​នឹង​អនុម័ត​សំណើ​ច្បាប់​ទេ។ ទាល់តែ​មាន​៥០សម្លេង​ទើប​អាច​អនុម័ត​ច្បាប់​មួយបាន។​

ក្នុង​សំណើចង់​លុបចោលខ្លឹមសារ​មួយចំណែក​នៃ​ច្បាប់​អូបាម៉ាឃែរ​នេះ ​បក្ស​សាធារណរដ្ឋ​​ចង់​លុប​កាតព្វកិច្ច​បង្ខំ​ពលរដ្ឋ​គ្រប់រូប​អោយ​ទិញ​ការ​ធានារ៉ាប់រង​សុខភាព មិនអោ​យពួកគេ​រងពិន័យ​ទៀត ព្រោះ​ថា ​ច្បាប់អូបាម៉ាឃែរ​ចែង​ដាក់ពិន័យ​ដល់​អ្នកដែល​គ្មាន​សេវា​ធានារ៉ាប់រង​សុខភាព។ បក្ស​សាធារណរដ្ឋ​ក៏​ចង់​លុបចោល​កាតព្វកិច្ច​ក្រុមហ៊ុន​ដែលត្រូវបង់​ធានារ៉ាប់រងយ​អោយ​បុគ្គលិក រឺ​ក៏​លុបចោល​ពន្ធ​លើ​សម្ភារៈ​ពេទ្យ​ដែរ។ ​​

កាលពី​ថ្ងៃអង្គារ​ ព្រឹទ្ធសភា​ក៏ទើប​នឹង​លុបចោល​សំណើ​បក្សសាធារណរដ្ឋ​ដែល​ចង់​បំបាត់ចោល​ទាំងស្រុង​​នូវ​​ច្បាប់អូបាម៉ាឃែរដែរ។ ៧ឆ្នាំ​ហើយ ដែល​​បក្ស​សាធារណរដ្ឋ​ព្យាយាម​លុបចោល​គម្រោង​​ច្បាប់​អូបាម៉ាឃែរ។ ការដែល​មិនអាច​សម្រេចបំណងនេះ ដោយសារ​តែសមាជិក​បក្ស​មិនយល់ស្របគ្នា មិនចង់​លុបចោល​ច្បាប់នេះ​​ទាំងស្រុង​ទេ។​​​ ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ​ស្ថាប័ន​ផ្នែក​ថវិកា​​សហព័ន្ធ​ CBO លើកឡើង​ថា​​ ប្រសិន​បើ​ខ្លឹមសារ​មួយចំណែក​នៃ​ច្បាប់​អូបាម៉ាឃែរ​ត្រូវ​លុបចោល នោះប្រជាជន​​អាមរិក​១៥លាននាក់ នឹង​គ្មាន​ការធានារ៉ាប់រងសុខភាព នៅ​ឆ្នាំ​២០១៨​ខាងមុខ៕ ​ ​ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI