ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ដើម្បី​ជា​ពិសោធន៍​សម្រាប់​កំណែទម្រង់​ធំ​ទូលាយ

សំឡេង ០៣:៥២
ខ្លោងទ្វារ​តំបន់​ពាណិជ្ជកម្ម​សេរី នៅ​សៀងហៃ ដែល​អាជ្ញាធរ​ចិន​ទើប​នឹង​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ កាល​ពី​ចុងខែ​កញ្ញា
ខ្លោងទ្វារ​តំបន់​ពាណិជ្ជកម្ម​សេរី នៅ​សៀងហៃ ដែល​អាជ្ញាធរ​ចិន​ទើប​នឹង​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ កាល​ពី​ចុងខែ​កញ្ញា REUTERS/Carlos Barria

តំបន់​ពាណិជ្ជកម្ម​សេរីមួយ ត្រូវ​បាន​រដ្ឋាភិបាល​ចិន​បើក​សម្ពោធ កាល​ពីថ្ងៃ​អាទិត្យ ចុងសប្តាហ៍​មុន ដើម្បី​ជា​បទពិសោធន៍ ក្នុងការ​ឈានទៅ​ការ​ធ្វើ​កំណែទម្រង់​ទូលំទូលាយ ដែល​បើក​ចំហ​ទីផ្សារ​ចិន ចំពោះ​ក្រុមហ៊ុន​បរទេស ជាពិសេស ក្នុង​វិស័យ​សេវាកម្ម។ ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​សាកល្បង​នេះ គឺ​ជា​ផ្នែកមួយ​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន ក្នុងការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដើម្បី​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក។

ផ្សាយពាណិជ្ជកម្ម

 

តំបន់​ពាណិជ្ជកម្ម​សេរី ត្រូវ​បាន​អាជ្ញាធរ​ចិន​រៀបចំ​ធ្វើ នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ជិត ៣០គីឡូម៉ែត្រ​ក្រឡា នៅ​ក្នុង​ទីក្រុង​សៀងហៃ។

នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ វិស័យ​​សេវាកម្ម រួមមាន​ដូចជា ផ្នែក​ធនាគារ ធានារ៉ាប់រង ធនធានមនុស្ស និង​ផ្នែក​ទេសចរណ៍​ ជាដើម នឹង​ត្រូវ​​បើក​ចំហ​​ដល់​ក្រុមហ៊ុន​បរទេស ដោយ​ពួកគេ​​អាច​បើក​ការរកស៊ី នៅ​ក្នុង​តំបន់​នេះ តាមរយៈ​ការ​បង្កើត​ជា​សាខា​ក្រុមហ៊ុន​ ឬ​ក៏​តាមរយៈ​ការ​វិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក (Joint-Venture)។ អត្រា​ប្តូរប្រាក់​យ័ន​ក៏​នឹង​ត្រូវ​បើក​ឲ្យ​ឡើងចុះ ទៅតាម​ច្បាប់​ទីផ្សារ​សេរីផងដែរ។

អ្នក​សេដ្ឋកិច្ច​មួយចំនួន​បាន​បង្ហាញ​នូវការ​អបអរ​សាទរ​ចំពោះការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​សៀងហៃ​នេះ ដោយ​គេ​យល់ថា ការ​បើកចំហ​ឲ្យ​ក្រុមហ៊ុន​បរទេស​អាច​បើក​ការរកស៊ី​ដោយសេរី ដូចជា ក្រុមហ៊ុន​ក្នុងស្រុក ជាពិសេស ក្នុង​វិស័យ​​សេវាកម្ម គឺ​ជា​ជំហាន​ដ៏សំខាន់​មួយ ដែល​អាច​បង្កើន​ទីផ្សារ​ក្នុងស្រុក​ចិន ដែល​ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​​ចិន ក្នុង​រយៈពេល​វែង។

គម្រោង​តំបន់​ពាណិជ្ជកម្ម​សេរី​សៀងហៃ ត្រូវ​បាន​រៀបចំ​ធ្វើឡើង ក្នុង​ក្របខ័ណ្ឌ​នៃយុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ទូលំទូលាយ​ថ្មី​មួយ​របស់​លោក​នាយករដ្ឋមន្រ្តី​ លី ខឺឈាំង ដែល​មាន​គោលដៅ​ផ្លាស់ប្តូរ​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​ចិន ពី​ការ​ពឹងផ្អែក​លើ​ការវិនិយោគ​សម្រាប់​ការនាំចេញ ទៅ​ជាការពង្រឹង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ចិនវិញ។

កាលពីពេល​កន្លងមក នៅពេល​ដែល​ចិន​ចាប់យក​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​ដែល​ផ្អែក​លើ​ការនាំចេញ ចិន​បាន​ផ្តល់​អាទិភាព​ខ្លាំង​តែ​ទៅលើ​វិស័យ​ឧស្សាហកម្ម។ រាល់នយោបាយ​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ចិន​បាន​ដាក់ចេញ គឺ​ធ្វើឡើង​ក្នុងគោលដៅ​ជំរុញ​ការ​វិនិយោគ ក្នុងការ​ផលិត ដើម្បី​នាំចេញ។ ក៏ប៉ុន្តែ សេដ្ឋកិច្ច​ចិន ដែល​សព្វថ្ងៃ​ស្ថិត​នៅ​លំដាប់ទី២ នៃ​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ​បាន​ដើរ​មកដល់​ដំណាក់កាល​មួយ ដែល​លែង​អាច​ពឹងផ្អែក​តែ​ទៅលើ​ការ​នាំចេញ​បាន​ដូចមុន​ទៀត​ហើយ។ អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ជាទូទៅ យល់ថា ដើម្បី​ធានា​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព សម្រាប់​រយៈពេល​វែង​ទៅមុខ ចិន​ចាំបាច់​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន ជាពិសេស ត្រូវពង្រឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក។ ដើម្បី​ពង្រឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក កំណែទម្រង់​​បើកចំហ​វិស័យ​សេវាកម្ម គឺ​ជា​គន្លឹះ​ដ៏សំខាន់​មួយ។

រដ្ឋាភិបាល​ចិន​បាន​អះអាង នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា តំបន់​ពាណិជ្ជកម្ម​សេរី​​នៅ​ទីក្រុង​សៀងហៃ​ គឺ​ជា​តំបន់​សាកល្បង​មួយ អំពី​ការ​បើក​ចំហ​វិស័យ​សេវាកម្ម​ដល់​អ្នកវិនិយោគ​បរទេស ដើម្បី​ឈានទៅ​ធ្វើ​កំណែទម្រង់​​ក្នុង​លក្ខណៈ​ទូលំទូលាយ នៅ​កន្លែង​ផ្សេងទៀត នៅទូទាំង​ប្រទេស។

គេ​នៅចាំបាន​ថា នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៧០ និង​៨០ ក្រោមការ​ដឹកនាំ​របស់​លោក តេង សៀវពីង ការ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ចិន ពី​សេដ្ឋកិច្ច​ផែនការ ទៅ​ជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី ក៏​ត្រូវ​បាន​រៀបចំ​ធ្វើ ដោយ​ចាប់ផ្តើម​ពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លក្ខណៈ​សាកល្បង​បែបនេះ​ដែរ មុននឹង​ឈាន​ទៅ​ធ្វើ​កំណែទម្រង់​នៅ​ទូទាំង​ប្រទេស។

ហេតុដូច្នេះ​ហើយ​បាន​ជា​គេនាំគ្នា​សំឡឹងឃើញ​​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី នៅ​សៀងហៃ ថា​ជា​ជំហាន​វិជ្ជមាន​មួយ នៅ​ក្នុងការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ចិន។ ក៏ប៉ុន្តែ អ្នកខ្លះ នៅតែ​បង្ហាញ​នូវ​ការ​ប្រយ័ត្នប្រយែង ដោយសារ​តែ​គេមើលឃើញ​ថា កំណែទម្រង់​នេះ​មាន​ឧបសគ្គច្រើន ដែល​ទាមទារ​ឲ្យ​មាន​ឆន្ទៈ​នយោបាយ​មុតមាំ។ កំណែទម្រង់​ម៉ូដែល​សេដ្ឋកិច្ច​នេះ អាច​នឹង​ជួយ​ឲ្យ​ចិន​រក្សា​កំណើន​សេដ្ឋកិច្ច ក្នុងរយៈពេល​វែង ក៏ប៉ុន្តែ ជាកំណើន​សេដ្ឋកិច្ច ដែល​មាន​អត្រា​មិនសូវ​ខ្ពស់​ដូចកាល​ពីមុន។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​គិតថា ប្រសិនបើ​ថ្នាក់ដឹកនាំ​ចិន​មិនសូវ​មាន​ឆន្ទៈ​នយោបាយ​មុតមាំ​ទេ ពួកគេ​អាច​នឹង​បោះបង់​កំណែទម្រង់​នេះវិញ នៅ​ពេល​ដែល​ឃើញ​អត្រា​កំណើន​សេដ្ឋកិច្ចធ្លាក់ចុះ។

ក៏ប៉ុន្តែ កាលពីថ្ងៃ​ចន្ទ មួយថ្ងៃ​ក្រោយ​ការ​ដាក់​ឲ្យ​ដំណើរការ​តំបន់​ពាណិជ្ជកម្ម​សេរី​សៀងហៃ លោកនាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង បាន​ប្រកាស​​បញ្ជាក់​សាជាថ្មី​ពី​ជំហ​រ​របស់​លោក ដោយ​ប្តេជ្ញាថា នឹង​ពន្លឿន​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​ចិន ដើម្បី​ធ្វើ​ដំណើរឆ្ពោះ​ទៅ​រក​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​មួយ គឺ​កំណើន​សេដ្ឋកិច្ច ដែល​ផ្អែក​លើ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក។ ផែនការ​លម្អិត​នៃ​ការ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​នេះ​ ប្រហែល​ជា​នឹង​ត្រូវ​លោក​លី ខឺឈាំង ប្រកាស​ឲ្យដឹង នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​របស់​បក្ស​កុម្មុយនិស្ត​ចិន ដែល​គ្រោង​ធ្វើ នៅ​ខែ​វិច្ឆិកា​ខាងមុខនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI