អានតួអត្ថបទ

​COVID-19៖ ​នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​រង​ការ​រិះគន់​ក្រោយ​សម្រេច​ឲ្យ​បិទ​សាលា​រៀន​នៅ​ទូទាំង​ប្រទេស​

លោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ិនហ្សូ អាបេ
លោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ិនហ្សូ អាបេ @REUTERS
ដោយ៖ អ៊ឹម រចនា
២០ នាទី

នៅ​ប្រទេស​ជប៉ុន។ ការ​សម្រេច​ឲ្យ​បិទ​សាលារៀន​នៅ​ទូទាំង​ប្រទេសដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​កូរ៉ូណា Covid-19 បាន​បង្ក​ឲ្យ​មាន​រលក​ប្រតិកម្ម​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​​លោក​នាយករដ្ឋ​មន្ដ្រី ស៊ិនហ្សូ អាបេ។ ក្នុង​នោះ អាជ្ញាធរ​ថ្នាក់តំបន់​​រិះ​គន់​លោក អាបេ ដែល​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​ពុំ​បាន​ពិភាក្សា​ជាមួយ​ខ្លួន​ជាមុន​។ ចំណែក​ពលរដ្ឋ​ទូទៅ​វិញ​ មិន​ពេញ​ចិត្ត​ចំពោះ​វិធានការ​នេះ​ឡើយ។ ​ពួក​គេ​យល់​ថា ការ​សម្រេច​របស់​លោក អាបេ មិន​បាន​ដោះ​ស្រាយ​បញ្ហា​ទេ តែ​បែរ​ជា​​បង្កើត​បន្ទុក​បន្ថែម​ដល់​ពួក​គេ​ទៅ​វិញ​។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ប្រកាស​ឲ្យ​បិទ​សាលា​រៀន​នៅទូទាំង​ប្រទេស នាយករដ្ឋ​មន្ដ្រី​ជប៉ុន​ពន្យល់​ថា វា​ជា​វិធានការ​សំខាន់ ក្នុង​ការ​ការពារ​សន្តិសុខ​និង​សុខភាព​របស់​សិស្សានុសិស្ស​ ឲ្យ​ចៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា Covid-19។ ប៉ុន្តែ​មតិ​ជា​ច្រើន​នៅ​ប្រទេស​ជប៉ុន ចាប់​តាំង​ពី​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា រហូត​ដល់​អាជ្ញាធរ​ក្នុង​តំបន់ ពុំ​យល់​ឃើញ​ដូច្នេះ​ទេ​ ហើយ​បាន​ចេញ​មុខ​រិះគន់​លោក​អាបេ​យ៉ាង​ចាស់​ដៃ​។

អាជ្ញាធរ​ថ្នាក់​តំបន់ ដំបូង​តក់​ស្លុត រួច​ក្រោយ​មក​រិះគន់​លោកអាបេ ដោយ​សារ​តែ​លោកអាបេ ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​ពុំ​បាន​ពិភាក្សា​ជាមួយ​ខ្លួន​ជា​មុន​។ ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​របៀប​របប​រដ្ឋបាល​របស់​ជប៉ុន អ្នកដែល​មាន​សិទ្ធិ​អំណាច​បញ្ជា​ឲ្យ​បិទ​សាលារៀន​បាន គឺ​ក្រុម​ប្រឹក្សា​ខេត្ត​នីមួយ​ៗ មិន​មែន​​រដ្ឋាភិបាល​កណ្ដាល​ទេ​។ ក្នុង​ន័យ​ខ្លី​ស្រួល​ស្ដាប់ អាជ្ញាធរ​ថ្នាក់​តំបន់​ចោទ​ប្រកាន់​ដោយ​ប្រយោល​ថា លោក អាបេ រំលោភ​អំណាច រំលង​ក្បាល​ពួក​គេ។

ប្រតិកម្ម​រិះគន់​មិន​សប្បាយ​ចិត្ត​ក៏​មាន​ដែរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ ដែល​ជា​ម្ដាយ​ឪពុក​និង​អាណាព្យាបាល​របស់​សិស្ស​សាលា​​។ ពួក​គេ​យល់​ថា ការ​សម្រេច​របស់​លោក អាបេ មិន​បាន​ដោះ​ស្រាយ​បញ្ហា​ទេ តែ​បែរ​ជា​​បង្កើត​បន្ទុក​បន្ថែម​ដល់​ពួក​គេ​ទៅ​វិញ​។ម្ដាយ​ឪពុក​មួយ​ចំនួន​ត្អូញ​ត្អែរ​ប្រាប់​សារព័ត៌មាន​ថា ខ្លួន​ត្រូវ​បង្ខំ​ចិត្ត​សុំ​ច្បាប់​ឈប់​សម្រាក​នៅ​ផ្ទះ​ដើម្បី​មើល​កូន នៅ​ពេល​សាលារៀន​ត្រូវ​បិទ​ទ្វារ​តាម​បញ្ជា​របស់​លោក អាបេ ចាប់​ពី​ថ្ងៃ​ទី​០២​មីនា​​ខាង​មុខ​ត​ទៅ។ ត្រូវ​មើល​កូន​ជា​រឿង​មួយ ប៉ុន្តែរឿង​សំខាន់​មួយ​ទៀត​គឺ​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​នៅ​ពេល​ត្រូវ​សុំ​ច្បាប់​ឈប់​សម្រាក​ពីការងារ​។

ជា​ការ​កត់​សម្គាល់ បើ​ទោះ​បី​ជា​រង​ការ​រិះគន់​ច្រើន​ដូច្នេះ​ក៏​ដោយ ក៏លោក ស៊ិនហ្សូ អាបេ នៅ​តែ​រក្សា​បញ្ជា​ឲ្យ​បិទ​សាលា​រៀន​ដដែល​​។ លោក​ថា ការ​សម្រេច​របស់​លោកដូច្នេះ ​ធ្វើ​ឡើង​តាម​​យោបល់របស់​​អ្នក​ជំនាញ​សុខាភិបាល ក្នុង​គោលដៅ​​​ទប់​ស្កាត់ការ​រីក​រាត​ត្បាត​នៃ​​មេរោគ​កូរ៉ូណា​។ សម្រាប់​លោក ស៊ិនហ្សូ អាបេ ​ការ​ទប់​ស្កាត់​មេរោគ​កូរ៉ូណា គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​នយោបាយ ដែល​រដ្ឋាភិបាល​លោក​ត្រូវ​ចាត់​វិធានការ​ឲ្យ​តឹងតែង​ជា​ទី​បំផុត មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ​។

សូម​ជម្រាប​ជូន​ថា ករណី​កូរ៉ូណា​វីរុស​នៅ​ប្រទេស​ជប៉ុន គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ​នេះ បាន​កើន​ឡើង​ដល់​ចំនួន​២១០​នាក់​ហើយ ចំណែក​អ្នក​ស្លាប់​មាន​ចំនួន​៥​នាក់​។ រដ្ឋាភិបាល​ជប៉ុន បាន​ស្នើ​សុំ​ឲ្យ​អ្នក​រៀបចំកម្មវិធី​ឬ​ព្រឹត្តិការណ៍​ធំ​ៗ​ដែល​មាន​មនុស្ស​ប្រមូល​ផ្ដុំ​ច្រើន ពិចារណា​លុប​ចោល ឬ​ផ្អាក​កម្មវិធី​របស់​ខ្លួន​សិន​។ នៅ​ថ្ងៃ​សុក្រ​នេះ ប្រតិបត្តិករ​ក្រុមហ៊ុន​សួន​កម្សាន្ត Disneyland និង DisneySea នៅ​ទីក្រុង​តូក្យូ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ជាង​៣០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ បាន​ប្រកាស​បិទ​សួន​កម្សាន្ត​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន ចាប់​ពី​ថ្ងៃ​សៅរ៍​ស្អែក​នេះ​តទៅ រហូត​ដល់​ថ្ងៃ​ទី​១៥​ខែ​មីនា ទើប​បើក​ដំណើរការ​វិញ​។ ចំណែកសួន Universal Studios Japan ដែល​មាន​ទីតាំង​នៅ​ខេត្ត​អូសាកា​របស់​ជប៉ុន ក៏​ប្រកាស​ផ្អាក​ដំណើរការ​រយៈ​ពេល​ពីរ​សប្ដាហ៍​ផង​ដែរ ដើម្បី​ចូល​រួម​ទប់ស្កាត់​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​ជប៉ុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ