សិង្ហបូរី

អតីត​នាយក​រដ្ឋ​មន្ដ្រី​​សិង្ហបុរី លោក លី ក្វាន់យូ បានទទួលមរណភាព

លោក លី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រីសិង្ហបូរី(រូបភាពយកចេញពីគេហទំព័រ​រដ្ឋាភិបាលសិង្ហបូរី)
លោក លី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រីសិង្ហបូរី(រូបភាពយកចេញពីគេហទំព័រ​រដ្ឋាភិបាលសិង្ហបូរី)

អតីត​នាយក​រដ្ឋ​មន្ដ្រី​​ទី​១ នៃ​​ប្រទេស​​សិង្ហបុរី លោក លី ក្វាន់យូ បានទទួលមរណភាពហើយ​ នៅ​វេលា​ម៉ោង​៣និង១៨នាទី ព្រឹកថ្ងៃចន្ទនេះ ក្នុងវ័យ៩១ឆ្នាំ។ ​ជា​ប្រមុខ​រដ្ឋាភិបាល​សិង្ហបុរី ​​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៩០ លោក​លី ក្វាន់យូ បាន​ក្លាយ​ជា​​នាយករដ្ឋ​មន្ដ្រីដែល​កាន់​តំណែង​​បាន​យូរ​ជាង​គេ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សិង្ហបុរី និង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។ ក្នុង​អំឡុង​ពេលដែល​លោក​កាន់កាប់​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី ប្រទេស​សិង្ហបុរី​បាន​ក្លាយ​ទៅ​ជាប្រទេស​ដ៏​រុងរឿង​បំផុត នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

ផ្សាយពាណិជ្ជកម្ម

លី ក្វាន់យូ ចាប់​កំណើត​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ​ឆ្នាំ​១៩២៣ នៅ​ក្នុង​គ្រួសារ​សែ​ស្រឡាយ​ចិន​ដ៏​មាន​ទ្រព្យធន​មួយ នៅ​ប្រទេស​សិង្ហបុរី​។ បន្ទាប់​ពី​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​នៅ​សិង្ហបុរី លី ក្វាន់យូ បាន​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​ប្រទេស​អង់គ្លេស​។ ដំបូង លី ក្វាន់យូ បាន​សិក្សានៅ​សាលាក្រុងឡុងដ៍​នៃ​សេដ្ឋកិច្ច ប៉ុន្តែក្រោយ​មក​បាន​ផ្លាស់​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ Cambridge វិញ ដោយ​ជ្រើស​យក​ជំនាញ​ផ្នែក​ច្បាប់​។ ក្នុង​ឆ្នាំ១៩៥០ លី ក្វាន់យូ បាន​សម្រេច​ចិត្ត​​ត្រឡប់​មក​ធ្វើ​ការ​នៅ​​សិង្ហបុរីវិញ​។ 

នៅ​ចុង​ឆ្នាំ​១៩៥៤ លី ក្វាន់យូ និង​មិត្ត​ភក្តិ​មួយ​ក្រុម ដែល​សុទ្ធ​តែ​បាន​បញ្ចប់​ការ​សិក្សា​ពី​អង់គ្លេស បាន​រួម​គ្នា​បង្កើត​គណបក្ស​សង្គម​និយម​មួយ ឲ្យ​ឈ្មោះ​ថា គណបក្ស​សកម្មភាព​ប្រជាជន​ People’s Action Party។ លី ក្វាន់យូ បាន​ក្លាយ​ជា​អគ្គលេខាធិការ​របស់​គណបក្ស​សកម្មភាព​ប្រជាជននៅ​ក្នុង​ឆ្នាំ​១៩៥៤​នោះ​ផង​ដែរ​។

បន្ទាប់​ពី​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​សិង្ហបុរី​ត្រូវ​បាន​បង្កើត​ឡើង និង​បន្ទាប់​ពីការ​បោះ​ឆ្នោត​ក្នុងឆ្នាំ​១៩៥៥ គណបក្ស​សកម្មភាព​ប្រជាជន​របស់ លី ក្វាន់យូ ឈ្នះ​បាន​អាសនៈ​ចំនួន​៣ នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​៣២​អាសនៈ​។ នៅ​ឆ្នាំ​១៩៥៨ សិង្ហបុរី​បាន​ចរចា​ជាមួយ​អង់គ្លេស ដាក់​ប្រទេស​សិង្ហបុរី​ឲ្យ​ជា​រដ្ឋ​ដែល​មាន​ស្វយ័តភាព​ក្នុង​ការ​គ្រប់គ្រង ហើយ​រដ្ឋធម្មនុញ្ញ​ថ្មីមួយ ក៏​ត្រូវ​បាន​បង្កើត​ឡើង​។

ស្ថិត​ក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​មួយ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​ខែ​មិថុនា ឆ្នាំ​១៩៥៩​។ គណបក្ស​សកម្មភាព​ប្រជាជន​របស់ លី ក្វាន់យូ ឈ្នះ​បាន​អាសនៈ​ចំនួន​៤៣ ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង​អស់​៥១​អាសនៈ​ ស្រប​ពេល​ដែល​ប្រទេស​សិង្ហបុរី​ទទួល​បាន​ស្វ័យភាព​របស់​ខ្លួន​ពី​អង់គ្លេស​។ លី ក្វាន់យូ បាន​ស្បថ​ចូល​កាន់​តំណែង​​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​១៩៥៩ ក្លាយ​ជា​នាយករដ្ឋ​មន្ដ្រី​ទី​១​នៃ​ប្រទេស​សិង្ហបុរី​។

នៅថ្ងៃ​ទី​១៦ ខែ​កញ្ញា ​ឆ្នាំ១៩៦៣ លី ក្វាន់យូ បាន​ចុះ​ហត្ថលេខា​ភ្ជាប់​សិង្ហបុរី ទៅ​នឹង​ប្រទេស​ម៉ាឡេស៊ី​​។ ប៉ុន្តែ​រដ្ឋ​សហព័ន្ធ​នេះ មាន​អាយុ​ខ្លី​បំផុត​។ មាន​អាយុ​ខ្លី ព្រោះ​មួយ​ឆ្នាំ​ក្រោយ​ពី​នោះ សិង្ហបុរី​បាន​ជួប​នូវ​ការ​ធ្វើ​ជម្លោះ​ហិង្សា​​ជា​បន្ត​បន្ទាប់ ​រវាង​ពលរដ្ឋ​ដើម​កំណើត​ម៉ាឡេ និង​ពលរដ្ឋ​ដើម​កំណើត​ចិន។ នៅ​ទី​បំផុត ដោយ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន លី ក្វាន់យូ បាន​សម្រេច​ចិត្ត​ផ្ដាច់​ខ្លួន​ចេញ​ពី​រដ្ឋសហព័ន្ធ​ជាមួយ​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​៧​ខែ​សីហា ឆ្នាំ​១៩៦៥​។ 
នៅ​ក្រោយ​​ការ​ផ្ដាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នោះហើយ ដែល​ប្រទេស​ដែន​កោះដ៏​តូច​​នេះ បាន​​​អភិវឌ្ឍទៅ​​ជា​ប្រទេស​ដ៏​រីក​ចម្រើន​បំផុត​មួយ​នៅ​ក្នុង​តំបន់​។ ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​រហ័ស​របស់​សិង្ហបុរី ក្នុង​អំឡុង​ពេល​ដែល លី ក្វាន់យូ កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ដ្រី គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​។ វា​គឺ​ជា​លទ្ធផល​ដែល​កើត​ឡើង​ក្រោម​ការ​ដឹក​នាំ​ដ៏​ខ្លាំងក្លា និង​គោលនយោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​របស់ លី ក្វាន់យូ​។

ប្រឈម​នឹង​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ដ៏​ច្រើន ​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុក​រលួយ ព្រម​ទាំង​កង្វះ​លំនៅដ្ឋាន រដ្ឋាភិបាល​សិង្ហបុរី បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់​ៗ​មួយ​ចំនួន​ ដែល​ក្នុង​នោះ​រួម​មាន​គោលនយោបាយ​​ប្រឆាំង​អំពើ​ពុក​រលួយ ព្រម​ទាំង​កម្មវិធី​លំនៅដ្ឋាន​សាធារណៈ​ដែល​មាន​តម្លៃ​ទាប​។ តាម​រយៈ​យុទ្ធសាស្ត្រ​អស់​ទាំង​នេះ ផល​ទុន​ជាតិ​សរុប​របស់​សិង្ហបុរី បាន​កើន​ឡើង​១៥​ដង ពី​៤៤៣​ដុល្លារ នៅ​ក្នុង​ឆ្នាំ​១៩៦០ ដល់​៦​ពាន់​៦៣៤ដុល្លារ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨០​។ ក្នុង​អំឡុង​ពេល​នោះ​ដែរ កង្វះ​ការងារ​ធ្វើ​និង​អំពើ​ពុក​រលួយ លែង​ជា​បញ្ហា​របស់​សិង្ហបុរី​ទៀត​ហើយ​។ លី ក្វាន់យូ បុរស​ដែល​ធ្វើ​ឲ្យ​ប្រទេស​សិង្ហបុរី​បាន​ក្លាយ​ទៅ​ជាប្រទេស​ដ៏​រុងរឿង​បំផុត នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា បិតា​នៃ​សិង្ហបុរី​។

លី ក្វាន់យូ បាន​លា​លែង​ពី​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៩០​ ប៉ុន្តែ​នៅ​បន្ត​កាន់​តំណែង​ជា​ប្រមុខ​ដឹក​នាំ​គណបក្ស​សកម្មភាព​ប្រជាជន រហូត​ដល់​ឆ្នាំ​១៩៩២​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍ ក្រោយ​មរណភាព​របស់​លី ក្វាន់យូ នៅ​ថ្ងៃ​ទី​២៣​ខែ​មីនា​ឆ្នាំ​២០១៥ លោក លី សៀនឡុង នាយករដ្ឋ​មន្ដ្រី​សិង្ហបុរី និង​ជា​កូន​ប្រុស​ច្បង​របស់ លី ក្វាន់យូ បាន​ស្រង់​សម្ដី​ឪពុក​របស់​ខ្លួន​ដូច្នេះ​ថា​៖ ខ្ញុំ​បាន​ចំណាយ​ជីវិត​របស់​ខ្លួន​ច្រើន​ណាស់ ដើម្បី​កសាង​ប្រទេស​នេះ​។ វា​គ្មាន​នៅ​សេស​សល់​អ្វី​ទៀត​ទេ ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ​។ នៅ​ចុង​បញ្ចប់ តើ​ខ្ញុំ​​​ទទួល​បាន​អ្វី? គឺ​ទទួល​បាន​ប្រទេស​សិង្ហបុរី​ដ៏​ជោគជ័យ​។ ប៉ុន្តែ សួរ​ថា​តើ​អ្វី​ដែល​ខ្ញុំ​បាន​លះ​បង់? គឺ​ជីវិត​របស់​ខ្ញុំ​ទាំង​មូល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI