ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ប្រទេស​បារំាង​ចូលខ្លួន​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល?

សំឡេង ០៥:០៨
ក្រុមប្រដាប់អាវុធសេលេកា( Seleka ) ក្នុង​ប្រទេស​អាហ្រ្វិកកណ្តាល
ក្រុមប្រដាប់អាវុធសេលេកា( Seleka ) ក្នុង​ប្រទេស​អាហ្រ្វិកកណ្តាល AFP/PACOME PABANDJI

ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ស្ថានការណ៍​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ ទំាង​ស្ថានការណ៍​មនុស្សធម៌ និង​សន្តិសុខ។ តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី Fraçois Bozizé ក្នុង​ខែ​មីនា​មក ភាព​អនាធិបតេយ្យ​បាន​និង​កំពុង​កើត​មាន​នៅ​ទូទំាង​ប្រទេស​មក​ដល់​សព្វថ្ងៃ​ រួម​មាន ការ​កាប់សម្លាប់ ការ​ចាប់​រំលោភ និង​លួចប្លន់។ ថ្មីៗ​នេះ និង​ដោយ​មាន​ការ​ជួយ​ឈឺឆ្អាល​ពី​ប្រទេស​បារំាង ក្នុង​នាម​ជា​អតីត​ម្ចាស់​អាណានិគម​ប្រទេស​អាហ្រ្វិកកណ្តាល ក្រុមប្រឹក្សាសន្តិសុខ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តីសម្រេចចិត្ត​មួយ​ជួយ​ពង្រឹង​កម្លំាង Misca។ បន្ទាប់​មក គឺ​បារំាង​ខ្លួន​ឯង​ផ្ទាល់​ក៏​បាន​សម្រេច​បញ្ជូន​កម្លំាងទ័ព​បន្ថែម​ទៅ​កាន់​អាហ្រ្វិកកណ្តាល​ដែរ។

ផ្សាយពាណិជ្ជកម្ម

បើ​គេ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ វិបត្តិ​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ម៉ាលី។ ក្រុមឧទ្ទាម​បាន​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​ប្រធានាធិបតី​ដែល​បាន​កាន់​តំណែង​តំាង​ពី ១០ឆ្នំា​មក​ហើយ។ រដ្ឋប្រហារ​យោធា​ដែល​បាន​បង្ក​ឲ្យ​ស្ថាប័នជាតិ​ទំាង​មូល​រលំរលាយ ព្រម​ទំាង​បង្ក​ចេញ​នូវ​ភាព​អនាធិបតេយ្យ​នៅ​ទូទំាង​ប្រទេស​ទៀត​ផង។ តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា ស្ថានការណ៍​នៅ​អាហ្រ្វិកកណ្តាល​បច្ចុប្បន្ន គឺ​មិន​ដូច​គ្នា​នឹង​ស្ថានការណ៍​នៅ​ម៉ាលី មុន​ការ​ធ្វើ​អន្តរាគមន៍​របស់​កម្លំាង​បរទេស​នោះ​ទេ។ មិន​ដូច​គ្នា​ព្រោះ​ថា អន្តរាគមន៍​កម្លំាង​អន្តរជាតិ​បន្ទាន់​នៅ​ម៉ាលី គឺ​ដើម្បី​ទប់​នឹង​ការ​វាយប្រហារ​របស់​ក្រុម​ភេរវជន នេះ​ហើយ​ជា​ចម្លើយ​ដែល​ប្រទេស​បារំាង ក្នុង​នាម​ជា​អតីត​ម្ចាស់​អាណានិគម​ប្រទេស​អាហ្រ្វិកកណ្តាល​បាន​ពន្យល់​បកស្រាយ។ ស្ថានការណ៍​នៅ​អាហ្រ្វិកកណ្តាល​មិន​ដូច​គ្នា​នឹង​ស្ថានការណ៍​នៅ​សូម៉ាលី​មែន តែ​ជា​ស្ថានការណ៍​មួយ​ដែល​មិន​អាច​ឲ្យ​បារំាង​ឈរ​ឱបដៃ​មើល​បាន​ទេ។

តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី Fraçois Bozizé ក្នុង​ខែ​មីនា​មក ទីក្រុង​ប៉ារីស​បាន​ដើរ​កែនប្រមូល​សហគមន៍​អន្តរជាតិ​ឲ្យ​ចាប់​អារម្មណ៍ និង​ជួយ​ដោះស្រាយ​វិបត្តិនយោបាយ​នៅ​អាហ្រ្វិកកណ្តាល។ ជោគជ័យ​ដំបូង​ដែល​មិន​អាច​ប្រកែក​បាន បារំាង​បាន​ជម្នះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​មួយ​ស្តីពី​ការ​ជួយ​ពង្រឹង​កម្លំាង Misca ដែល​កំពុង​មាន​វត្តមាន​ស្រាប់​នៅ​អាហ្រ្វិកកណ្តាល។ Misca គឺ​ជា​បេសកកម្ម​អន្តរជាតិ​ដើម្បី​គំាទ្រ​អាហ្រ្វិកកណ្តាល​ដែល​មាន​តែ​កម្លំាងទ័ព​មក​ពី​បណ្តា​ប្រទេស​អាហ្រ្វិក។ តាម​គម្រោង Misca ត្រូវ​បំពាក់​ដោយ​ទាហាន ៣ ៦០០នាក់ តែ​សព្វថ្ងៃ ទើប​មាន​តែ ១ ៤០០នាក់​ប៉ុណ្ណោះ​មក​ពី​ប្រទេស​កុងហ្គោ កាមេរូន ហ្គាបុង និង​ប្រទេស​ឆាដ។ ទន្ទឹម​គ្នា​នេះ សេចក្តីសម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​បញ្ជូន​កម្លំាង​អន្តរជាតិ​បន្ថែម​ជា​យថាហេតុ នៅ​ក្នុង​ករណី​ណា​ដែល​សហភាព​អាហ្រ្វិក​មិន​អាច​បញ្ជូន​បង្រ្គប់​ចំនួន​ទ័ព​របស់​ខ្លួន។

ងាក​មក​មើល​ប្រទេស​បារំាង​ម្តង បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មក បារំាង​ក៏​បាន​ចាត់​វិធានការ​ដាច់​ដោយ​ឡែក​របស់​ខ្លួន ដោយ​បាន​សម្រេច​បង្កើន​បន្ថែម​កម្លំាង​ទ័ព​នៅ​អាហ្រ្វិកកណ្តាល​ពី ៤១០នាក់ ទៅ ៧៥០នាក់ និង​អាច​ដល់​ទៅ ១ ២០០នាក់​ផង​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នំា ២០១៣។ សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​បារំាង Laurent Fabius នៅ​អាហ្រ្វិកកណ្តាល​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៣ តុលា​កន្លង​ទៅ។ ហេតុ​អ្វី​បាន​ជា​ប្រទេស​បារំាង​ចូល​ខ្លួន​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល និង​ថា តើ​ទង្វើ​នេះ វា​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​ហើយ ឬ​យ៉ាង​ណា?

ទទួល​បាន​ឯករាជ្យ​តំាង​ពី​ឆ្នំា ១៩៦០ អតីត​ដែនដី​អាណនិគម​បារំាង​មួយ​នេះ គឺ​ជា​ប្រទេស​អាហ្រ្វិក​ក្រីក្រ​ជាង​គេ​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​នៅ​ក្នុង​ពិភពលោក។ ទន្ទឹម​គ្នា​នេះ វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ប្រកាប់ប្រចាក់​គ្នា​ក៏​បាន​កើត​មាន​ជា​ហូរហែរ មិន​ឈប់ឈរ។ ធ្ងន់ធ្ងរ​ជាង​គេ និង​ប្រកប​ដោយ​ហិង្សា​ទៀត​នោះ គឺ​តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី Fraçois Bozizé ក្នុង​ខែ​មីនា​កន្លង​ទៅ។ រដ្ឋប្រហារ​យោធា​ដែល​ដឹកនំា​ដោយ​ក្រុមឧទ្ទាម​សេលេកា និង​ដែល​ប្រមុខ​ចលនា​មួយ​នេះ​បាន​ឡើង​អង្គុយ​លើ​កៅអី​ប្រធានាធិបតី​ដោយ​ខ្លួន​ឯង​តែ​ម្តង។

ចាប់​តំាង​ពី​ពេល​នោះ​មក ភាព​អនាធិបតេយ្យ​បាន​សោយរាជ្យ​នៅ​ទូទំាង​អាហ្រ្វិកកណ្តាល ប្រៀប​បាន​ដូច​នឹង​ប្រទេស​មួយ​ដែល​គ្មាន​រដ្ឋាភិបាល​គ្រប់គ្រង​អ៊ីចឹង។ ការ​បាញ់​ប្រហារ​សម្លាប់​គ្នា ការ​ចាប់រំលោភ ការ​លួចប្លន់ ទំាង​នេះ​សុទ្ធសឹង​ជា​រូបភាព​ដែល​បាន​និង​កំពុង​កើត​មាន​ប្រចំាថ្ងៃ​នៅ​អាហ្រ្វិកកណ្តាល។ មួយ​វិញ​ទៀត ពន្លក​នៃ​អំពើហិង្សា​សាសនា​ក៏​ផ្តើម​ផ្ទុះ​ឡើង​រវាង​ក្រុម​អ្នកកាន់សាសនាគ្រិស្ត និង​អ្នកកាន់សាសនា​អ៊ីស្លាម។ បច្ចុប្បន្ន​នេះ អំពើហិង្សា​បាន​បង្ខំ​ឲ្យ​មាន​អ្នក​រត់ចេញ​ពី​លំនៅដ្ឋាន​ជាង ៤០០ ០០០នាក់ និង​មាន​ប្រជាជន​ប្រមាណ​ជា ១ភាគ៤​នៃ​ប្រជាជន​សរុប​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់។

ក្នុង​នាម​ជា​អតីត​ម្ចាស់​អាណានិគម​អាហ្រ្វិកកណ្តាល បារំាង​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ការ​ជួយ​ឈឺឆ្អាល​ដោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​នោះ​ទេ។ ការ​សម្រេច​បញ្ជូន​កម្លំាងទ័ព​បន្ថែម​ទៅ​អាហ្រ្វិកកណ្តាល​ត្រូវ​បាន​បារំាង​ផ្អែក​លើ​សម្មតិកម្ម​ថា មក​ពី​មាន​បញ្ហា​សន្តិសុខ​តែ​មួយ​គត់។ ការ​គិត​យ៉ាង​ដូច​នេះ គឺ​ជា​ការ​យល់​ច្រឡំ​មួយ​ធំ​ណាស់ ព្រោះ​ថា ក្រៅ​ពី​បញ្ហា​សន្តិសុខ នៅ​មាន​បញ្ហា​ជា​មូលដ្ឋាន​មួយ​ដែល​កំពុង​ស៊ីរូង​ផ្ទៃក្នុង​អាហ្រ្វិកកណ្តាល គឺ​បញ្ហា​នយោបាយ និយាយ​ឲ្យ​ស្រួល​យល់ គឺ​អំណាច​នោះ​ឯង។ អំណាច​ដែល​ក្រុមសកម្មជន​លោក​ប្រធានាធិបតី Fraçois Bozizé ក្រុម​ឧទ្ទាម​សេលេកា និង​គណបក្សប្រឆំាង​កំពុង​ប្រឈមមុខ​ដាក់​គ្នា។ ត្រង់​ចំណុច​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​នៅ​ឡើយ​ទេ។

ពិត​ណាស់​ថា លោក​ប្រមុខ​ការទូត​បារំាង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​នៅ​ដើម​ឆ្នំា ២០១៥ ខាង​មុខ។ តែ​បញ្ហា​នៅ​ត្រង់​ថា អ្វី​ដែល​បាន​និង​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​សព្វថ្ងៃ វា​ពិត​ជា​រឿង​មួយ​ដែល​នៅ​មិន​អាច​ទៅ​រួច​ឡើយ។ កិច្ចការ​អាទិភាព​នៅ​ចំពោះ​មុខ​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវ​ធ្វើ គឺ​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ។ បើ​ពុំ​នោះ​សោត​ទេ ស្ថានការណ៍​នឹង​រឹត​តែ​ដុនដាប និង​អ្នក​ទទួលរងគ្រោះ​ខ្លំាង គឺ​គ្មាន​នរណា​ក្រៅ​ពី​ប្រជាជន​អាហ្រ្វិកកណ្តាល​ខ្លួន​ឯង​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI