កម្ពុជា

ជន​សង្ស័យ​៦​នាក់​ពាក់​ព័ន្ធ​រឿង​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​​នៅខេត្ត​កំពង់​ធំ ​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​

តុលាការ​ក្រុង​ភ្នំពេញ
តុលាការ​ក្រុង​ភ្នំពេញ RFI/Channa Siv

សមត្ថ​កិច្​​កង​​រាជ​​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រទេស​​ ​បាន​​ធ្វើ​ការ​​ឃាត់​​ខ្លួន​មន្ត្រី​​រដ្ឋា​ភិបាល​​ពីរ​​នាក់​​ដែល​​មាន​​តួ​នាទី​​ជា​​ប្រធាន​​មន្ទីរ​​​ធនធាន​ទឹក​និងឧត្តុនិយម​ និង​មេ​ឃុំ ​នៅ​ក្នុង​ស្រុក​ស្ទោង​ ខេត្ត​កំពង់​ធំនិង​អ្នក​ជំនួញ​បួន​នាក់​ បញ្ជូន​មកសាក​សួរ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​។ ការ​ឃាត់​ខ្លួន​នេះ​​ដោយ​មាន​ជាប់​ពាក់​ព័ន្ធ​​និង​បទ​ល្មើស​ប្រើ​ប្រាស់​គ្រឿង​ចក្រ​​ទៅ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​​​ហាម​ឃាត់​ជម្រក​ត្រី​ពង​កូន និង​អភិរក្ស​ត្រីមេពូជ។ ​​តុលា​ការ​មិន​ទាន់​​សាក​សួរ​បញ្ចប់​នោះ​ទេ​នៅ​ថ្ងៃ​នេះ ​ហើយ​តុលាការ​នឹង​បន្តធ្វើ​ការ​សាកសួរ​បន្តទៀត​នៅ​ថ្ងៃ​ស្អែក​។

ផ្សាយពាណិជ្ជកម្ម

 

រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​រដ្ឋា​ភិបាល​២​នាក់​និង​កសិករ​​៤​នាក់​ដែល​អាជ្ញាធរ​បាន​ឃាត់​​ខ្លួន​នៅ​​ខេត្តកំពង់​ធំ​បញ្ជូន​​មក​ធ្វើ​ការ​សាក​សួរ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​ជាប់​ពាក់​ព័ន្ទ​និង​បទ​ល្មើស​ប្រើ​ប្រាស់​​គ្រឿង​ចក្រ​​ទៅ​​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​​​ហាម​ឃាត់ ​ជម្រក​ត្រី​ពង​កូននិង​អភិរក្ស​ត្រី​មេ​​ពូជ​ នៅ​ក្នុង​ស្រុក​​​​​ស្ទោង ខេត្ត​កំពង់ធំពុំ​ទាន់​បញ្ចប់​ការ​សួរ​នៅ​ឡើយ​។ ហើយ​ការ​សាក​សួរ​នេះ​នឹង​បន្តនៅ​ថ្ងៃ​ស្អែក​​ទៀត​។

​មនុស្ស​ចំនួន​៦​នាក់​ដែលត្រូវ​បាន​កំលាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​ធ្វើ​ការ​ឃាត់​ខ្លួនកាល​ពី​ល្ងាច​​​​​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ និង​បាន​បញ្ជូន​មក​ដល់​ទី​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​​ប្រ​ទេសនា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ មាន​ដូច​ជា​​លោក​​ជាតិ ​ស៊ីវុត្ថា ​ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​និង​​ឧតុនិយម​ខេត្ត​កំពង់​ធំ លោក​ពាញ ពូល ​មេ​ឃុំ​​សំព្រោច លោក​​ម៉េង ផល្លី លោក​​ថាវ ទុំ លោក​​ធាង ​ធា និងអ្នកស្រី​យក់ គឹម​ឡេង ដោយ​អ្នក​ទាំង​អស់​មាន​​ជាប់​​​ពាក់​ព័ន្ធ​បទ​ល្មើស​ប្រើ​ប្រាស់​​​គ្រឿង​ចក្រ​​រាប់​សិប​គ្រឿង​ទៅ​ឈូស​​ឆាយ​​ទន្ទ្រាន​​យក​ដី​ព្រៃ​លិច​ទឹក​​​ នៅ​បឹង​ទន្លេ​សាប​នៅ​​ខេត្ត​កំពង់​​ធំ​យ៉ាង​​​អនាធិបតេយ្យ។

មនុស្ស​ទាំង​៦​នាក់​នោះ បាន​បញ្ជូន​មក​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹ​ក​ព្រលឹម​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ ហើយ​ការ​ឃាត់​ខ្លួន​​ជន​ទាំង​នោះ​គឺ​​អនុ​វត្ត​តាម​ដីកា​បង្គាប់​​ឱ្យ​នាំ​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ចុះ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ក្រោម​បទ​ចោទ​ប្រកាន់ ធ្វើ​សកម្មភាព​បំពាន​នៅក្នុង​តំបន់​ហាមឃាត់ដែលជា​តំបន់​គ្រប់គ្រង​ដោយ​ស្ថាប័ន​ជល​ផល និង​ធនធានទឹក ហើយ​បាន​កាប់ឆ្ការ​គាស់​រានឈូសឆាយ ហ៊ុមព័ទ្ធ កាន់កាប់ និង​ធ្វើ​ឲ្យ​ខូចខាត ឬ​បំផ្លាញចោល​បង្គោលព្រំ​ខណ្ឌ និង​ផ្លាស់ប្ដូរ​រំកិល ឬ​ជីក​បង្គោល​ខណ្ឌ​ព្រំ ជីក​ប្រឡាយ​និង​លើក​ទំនប់​អាងសាង​សង់​​ថ្មីៗ។

​បើ​តាម​ការ​អះ​អាង​របស់ហង្ស ថុល​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ធំថា​ ​ការ​ចុះ​បង្ក្រាប​​​​ក្រុម​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​​​​នោះ​​ គឺ​អាជ្ញាធរដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ជា​អ្នក​ចុះ​មក​​បង្ក្រាប​ដោយ​​​​ផ្ទាល់​ ​ដោយ​ពុំ​បាន​ប្រាប់​​​អោយ​អាជ្ញាធរ​ខេត្ត​អោយ​បាន​ដឹង​អំពី​ករណីនោះ​ទេ។​ ​អាជ្ញាធរថ្នាក់​​ជាតិ​​បាន​បញ្ជារ​កង​កំលាំង​រាជ​អាវុធ​ហត្ថ​​ទាំង​យប់​ចុះទៅ​ចុះ​ស្ទាក់​ចាប់​គ្រឿង​ចក្រ​ដែល​កំពុង​ធ្វើ​ការឈូ​ឆាយ​ដី​នៅ​ក្នុង​តំបន់​ហាម​​ឃាត់​នោះ​។ ​លោក​ថា​ ការ​ចូល​ឈូស​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នោះ​គឺ​ធ្វើ​អោយ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជម្រក​ពង​ត្រី​ ពី​ព្រោះ​នៅ​រដូវ​វស្សារ​ត្រី​មក​ជ្រកបណ្តែត​ពង​នៅ​ក្នុង​តំបន់​នោះ​។​

នៅ​ក្នុង​កា​រ​ចុះ​បង្ក្រាប​នោះ​អាជ្ញាធ​រ​បានស្រាវ​ជ្រាវ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ និង​​រឹប​អូស​អេស្កា​វ៉ាទ័​រ​បាន​ចំនួន​៤៥​​គ្រឿង ហើយ​​បច្ចុប្បន្ន​គ្រឿង​ចក្រ​ទាំង​អស់​​បាន​យក​ទៅទុក​នៅ​​ទី​បញ្ជារការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​​ស្ទោង​ដើម្បី​​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI