ក្រសួងសុខាភិបាល បន្តស៊ើបអង្កេតបន្ទាប់ពីមនុស្សស្លាប់៣នាក់ ដោយសង្ស័យពុលស្រា
យ៉ាងហោចមានមនុស្ស៣នាក់ស្លាប់ និងជាង៤០នាក់ទៀត ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីសង្ស័យថា មានករណីពុលស្រា នៅក្នុងស្រុកសំបូរខេត្តក្រចេះ កាលពីថ្ងៃទី១៨ខែតុលា។ អាជ្ញាធរខេត្ត និងក្រសួងសុខាភិបាល ភា្លមៗបានបញ្ជាឲ្យបិទរាល់ការផលិត ចែកចាយ និងទទួលទានស្រាជាបណ្តោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានថ្លែងប្រាប់វិទ្យុបារាំង RFI ថា មកទល់វេលាថ្ងៃត្រង់ថ្ងៃសុក្រនេះ ក្រុមការងារជំនាញក្រសួងសុខាភិបាលបានរកឃើញថា ករណីដែលធ្វើឲ្យមនុស្សស្លាប់ចំនួន៣នាក់ និងរបួស៤១នាក់ នៅក្នុងខេត្តក្រចេះ កាលពីម្សិលមិញគឺបណ្តាលមកពីពុលស្រា។
នេះគ្រាន់តែជាការសន្និដ្ឋានជំហ៊ានដំបូងប៉ុណ្ណោះ។ តាមលោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ការសន្និដ្ឋានពីមូលហេតុ និងការព្យាបាលគឺ បាញ់ឆ្ពោះទៅលើការពុលស្រា ខណៈរកឃើញថាមានជាតិមេតាណុលនៅក្នុងស្រា ដែលពួកគេទទួលទាន។ មួយវិញទៀត អ្នករងគ្រោះមានស្ថានភាព និងរោគសញ្ញា បង្ហាញមកចំចំណុចបច្ចេកទេសវេជ្ជសាស្ត្រមួយចំនួនបន្ទាប់ពីពួកគាត់ទទួលទានស្រារួច ដូចជាមានការស្រវាំងភ្នែក ព្រិលភ្នែកមើលមិនឃើញអក្សរ មានដង្ហើមថប់ៗហត់ មានអារម្មណ៍រវើរវាយ អាចសន្លប់ ឬក៏ស្លាប់។
ទោះយ៉ាងណា មន្ត្រីជំនាញក្រសួងសុខាភិបាលបានអះអាងថា ក្រុមការងារកំពុងបន្តអង្កេតបន្ថែមទៀត ព្រមទាំងបញ្ជូនវត្ថុវិភាគមួយចំនួន យកមកធ្វើការវិភាគនៅភ្នំពេញទៀតផង។
ដោយឡែក រាល់ការផលិតស្រាស លក់ និងចែកចាយ នៅតំបន់ស្រុកសំបូរ ខេត្តក្រចេះនោះ ត្រូវបានអាជ្ញាធរ បិទជាបណ្តោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត។ តាមការឲ្យដឹងពីអាជ្ញាធរខេត្តក្រចេះ ប្រជាពលរដ្ឋ នៅស្រុកសំបូរ បាននាំគ្នាផឹកស្រាសកាលពីរសៀលថ្ងៃទី១៨ ខែតុលា បន្ទាប់ពីពួកគេបានប្រមូលផលស្រូវរួច។ ក្នុងចំណោមអ្នកស្លាប់៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ ហើយអ្នកពុលចំនួន៤១នាក់ផ្សេងទៀត មានស្ត្រី១០នាក់ ដែលកំពុងនៅមន្ទីរពេទ្យ ត្រូវគេដឹងថាមានអាយុចន្លោះចាប់ពី៤០ឆ្នាំទៅដល់៧០ឆ្នាំ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផងដែរ សូមឲ្យទទួលទានស្រាណា ដែលមានប្រភពច្បាស់លាស់ មានការទទួលស្គាល់ពីផ្នែកជំនាញរបស់រដ្ឋ។សម្រាប់ការពុលនៅខេត្តក្រចេះនេះ មិនមែនជាលើកទី១នោះទេ នៅឆ្នាំ២០១៨នេះ។ កាលពីឧសភា ឆ្នាំ២០១៨ មានការពុលស្រាស និងពុលទឹកនៅឃុំកន្ទូត ស្រុកឆ្លូង បណ្ដាលឲ្យ អ្នកភូមិ ១៣នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺប្រមាណ៣០០នាក់។ ហើយក្រោយៗមកទៀតករណីពុលស្រានៅខេត្តក្រចេះនេះ បានកើតឡើងជាបន្តបន្ទាប់ឥតដាច់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ