កងរាជអាវុធហត្ថហ្វឹកហាត់បាញ់កាំភ្លើងយន្តពង្រឹងសមត្ថភាព
កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន២០០នាក់ បានចូលរួមហ្វឹកហាត់បាញ់កាំភ្លើងយន្តប្រភេទ DK ៧៥មីល្លីម៉ែត្រ កាំភ្លើងត្បាល់ធុន ៨២មីល្លីម៉ែត្រ និង១០០មីល្លីម៉ែត្រ និងកាំភ្លើងការពារអាកាស នៅព្រឹកថ្ងៃពុធទី១៦តុលានេះ។ អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក ខេង ទីតូបានពន្យល់ថា នេះគឺជាការហ្វឹកហាត់ពង្រឹងសមត្ថភាពដែលជាសកម្មភាពធម្មតារបស់កងរាជអាវុធហត្ថ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន២០០នាក់ ប្រដាប់ដោយកាំភ្លើងយន្តប្រភេទ DK ៧៥ម.ម កាំភ្លើងត្បាល់ធុន៨២ម.ម ១០០ម.ម និងកាំភ្លើងការពារអាកាស១២,៧ម.ម បានចូលរួមក្នុងការហ្វឹកហាត់ប្រើប្រាស់អាវុធទាំងនេះ នៅព្រឹកថ្ងៃពុធនេះ។ ការហ្វឹកហាត់ដែលដឹកនាំដោយនាយឧត្តមសេនីយ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ ត្រូវបានរៀបចំធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺននាយទាហានរង កងរាជអាវុធហត្ថភ្នំជម្រាលខេត្តកំពង់ឆ្នាំង។
អ្នកនាំពាក្យកងរាជអាវុធហត្ថ លោកឧត្តមសេនីយត្រី ខេង ទីតូ បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា នេះគឺជាការហ្វឹកហាត់ធម្មតាប៉ុណ្ណោះ របស់កំលាំងរាជអាវុធហត្ថ។ លោកឧត្តមសេនីយត្រី ខេង ទីតូ បានពន្យល់ថា កងទ័ពត្រូវឆ្លងកាត់ការហ្វឹកហ្វឺនទើបអាចប្រើប្រាស់បាន។ ប្រសិនបើគ្មានការហ្វឹកហាត់កងទ័ពអោយបានល្អ ក្នុងពេលប្រទេសមានសន្តិភាពនោះទេ គេក៏មិនអាចប្រើប្រាស់កងទ័ពបានល្អក្នុងពេលមានសង្គ្រាមនោះដែរ។
ថ្លែងនៅចំពោះមុខសិក្ខាកាមកងរាជអាវុធហត្ថ នាយឧត្តមសេនីយ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ បានបញ្ជាក់ថា ការងារហ្វឹកហ្វឺន គឺជារបៀបវារៈចម្បងក្នុងការងារកសាង និងពង្រឹងកម្លាំងប្រដាប់អាវុធជាតិ។ សម្រាប់លោកសៅ សុខា លំហាត់ហ្វឹកហ្វឺនបែបនេះ ត្រូវបានចាត់ទុកថា ជាសកម្មភាពស្នេហាជាតិ ក្នុងការងារត្រៀមខ្លួនទប់ទល់ និងកំទេចរាល់អំពើរំលោភឈ្លានពាន បើទោះបីជា កម្លាំងនោះមកពីទីណា ពេលណាក៏ដោយ។
ក្នុងរយៈពេលចុងក្រោយនេះ ពិសេសក្នុងពេលដែលកម្ពុជាបានស្ថិតនៅក្នុងភាពតានតឹងផ្នែកនយោបាយខ្លាំងក្រោយពេលបោះឆ្នោតនោះ គេសង្កេតឃើញកងរាជអាវុធហត្ថបានចេញមុខគួរអោយកត់សម្គាល់ក្នុងសកម្មភាពដែលរដ្ឋាភិបាលហៅថា ការពង្រឹងសន្តិសុខជាតិ។ កងរាជអាវុធហត្ថក៏បានបង្ហាញការហ្វឹកហាត់ ជាបន្តបន្ទាប់ទាំងនៅក្នុង និងក្រៅរាជធានីភ្នំពេញ។
កាលពីថ្ងៃទី៥កញ្ញា កងរាជអាវុធហត្ថក៏បានហ្វឹកហាត់បាញ់គ្រាប់ពិតនៅទីតាំងភ្នំជម្រាល ខេត្តកំពង់ឆ្នាំង ម្តងរួចហើយដែរ។
ការហ្វឹកហាត់កន្លងមក ហាក់បានកើតឡើង ចំពេលដែលគណបក្សប្រឆាំងមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយបានប្រកាសធ្វើមហាបាតុកម្មរហូតដល់ពេលនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ