កំណើនសេដ្ឋកិច្ចជប៉ុនធ្វើឲ្យអ្នកខ្លះនៅអឺរ៉ុបចង់យកគំរូតាម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កំណើនសេដ្ឋកិច្ចជប៉ុន ២ត្រីមាសជាប់ៗគ្នា នៅចុងឆ្នាំ២០១២ និងដើមឆ្នាំ២០១៣នេះ ជាសញ្ញាបង្ហាញថា ជប៉ុនកំពុងតែងើបចេញពីវិបត្តិសេដ្ឋកិច្ច ដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ។ ផ្ទុយស្រឡះពីជប៉ុន សេដ្ឋកិច្ចនៅអឺរ៉ុបកំពុងតែបន្តដាំក្បាលចុះឥតឈប់ ហើយមានអ្នកខ្លះ កំពុងតែចាប់ផ្តើមគិតថា ជោគជ័យនៃនយោបាយសេដ្ឋកិច្ចជប៉ុន គឺជាគន្លងផ្លូវមួយ ដែលអឺរ៉ុបគួរតែជ្រើសរើសយក។
កាលពីថ្ងៃពុធកន្លងទៅ សហភាពអឺរ៉ុបបានចេញផ្សាយនូវតួលេខ ដែលបង្ហាញឲ្យឃើញ អំពីអត្រាអវិជ្ជមាន នៃកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អឺរ៉ុប។ អត្រាកំណើនសេដ្ឋកិច្ចអវិជ្ជមាន ដែលកើតមាន ៦ត្រីមាសជាប់ៗគ្នាមកហើយ។
មួយថ្ងៃក្រោយមក នៅថ្ងៃព្រហស្បតិ៍ ជប៉ុនក៏បានចេញផ្សាយតួលេខសេដ្ឋកិច្ចរបស់ខ្លួនដែរ ក៏ប៉ុន្តែ តួលេខនេះបានបង្ហាញឲ្យឃើញពីភាពខុសគ្នាស្រឡះ រវាងសេដ្ឋកិច្ចជប៉ុន និងសេដ្ឋកិច្ចអឺរ៉ុប។ សេដ្ឋកិច្ចជប៉ុន ដែលមានអត្រាកំណើនអវិជ្ជមាន អស់រយៈពេលជាង ១ទសវត្សរ៍មកហើយនោះ ចាប់ផ្តើមមានកំណើនឡើងវិញ ក្នុងរយៈពេល ២ត្រីមាសជាប់ៗគ្នា។ អត្រាកំណើនសេដ្ឋកិច្ចជប៉ុន នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៣នេះ មានរហូតដល់ទៅ ០,៩%។
អ្នកជំនាញសេដ្ឋកិច្ចម្នាក់នៅអាល្លឺម៉ង់បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ជប៉ុន នៅពេលនេះ បង្ហាញឲ្យឃើញថា នយោបាយរបស់លោកស្ហ៊ីនហ្សូ អាបេ គឺការដាក់ចេញព្រមគ្នានូវនយោបាយរូបិយវត្ថុ តាមរយៈការបោះពុម្ពលុយបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ និងនយោបាយសារពើពន្ធ តាមរយៈការបង្កើនការចំណាយរបស់រដ្ឋ គឺជានយោបាយដែលមានប្រសិទ្ធភាព ក្នុងស្តារសេដ្ឋកិច្ចឲ្យចេញពីវិបត្តិ។
គេឃើញថា នៅក្រោយពេលដែលលោកស្ហ៊ីនហ្សូ អាបេ ឡើងកាន់អំណាច ធនាគារកណ្តាលជប៉ុនបានសម្រេចបង្កើនបរិមាណសាច់ប្រាក់ឲ្យចរាចរ នៅក្នុងទីផ្សារ ឲ្យបាន ២ដងច្រើនជាងមុន។ កំណើនបរិមាណលុយយេន នៅក្នុងទីផ្សារនេះ បានធ្វើឲ្យតម្លៃលុយយេនធ្លាក់ចុះ ដែលជាកត្តាសំខាន់ សម្រាប់ជំរុញការនាំចេញទំនិញជប៉ុនទៅក្រៅប្រទេស។ បន្ថែមពីលើនេះទៅទៀត វាបានធ្វើឲ្យប្រជាជនជប៉ុនចាប់ផ្តើមមានទំនុកចិត្តឡើងវិញ លើសេដ្ឋកិច្ចជប៉ុន ហើយចាប់ផ្តើមបង្កើនការចំណាយ ក្នុងទីផ្សារក្នុងស្រុក។ ការកើនឡើងនៃវិស័យនាំចេញ និងតម្រូវការទីផ្សារក្នុងស្រុកនេះហើយ ដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចជប៉ុនចាប់ផ្តើមកើនឡើងវិញ។
កាលពីម្សិលមិញ នៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំ លោកហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីបារាំង បានលើកឡើងថា មេរៀនដ៏សំខាន់មួយ ក្នុងនយោបាយសេដ្ឋកិច្ចជប៉ុន ដែលអឺរ៉ុបគួរយកគំរូតាម គឺការបង្កើនបរិមាណសាច់ប្រាក់ នៅក្នុងទីផ្សារ។ ការបង្កើនបរិមាណសាច់ប្រាក់ ដែលជាមុខនាទីរបស់ធនាគារកណ្តាលសហភាពអឺរ៉ុប។
អ្នកជំនាញសេដ្ឋកិច្ចរបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិ្ច (OCDE) វិញ ក៏បានលើកឡើងដែរថា ធនាគារកណ្តាលសហភាពអឺរ៉ុប គួរតែអាចបង្កើនបរិមាណសាច់ប្រាក់ ទៅក្នុងទីផ្សារបន្ថែមទៀតបាន ពីព្រោះថា ក្នុងពេលបច្ចុប្បន្ននេះ តំបន់ចាយលុយអឺរ៉ូមិនមានបញ្ហាអតិផរណានោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ