ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​​អឺរ៉ុប​​ក្រៅផ្លូវការ​​នៅ​ស្លូវ៉ាគី​ ដើម្បី​​​​តំរង់​​​ចង្កូត​ដឹកនាំ​​ ក្រោយ​Brexit​​

សំឡេង ០៥:៣៧
មេដឹកនាំ​អឺរ៉ុប ក្នុង​ជំនួប​ក្រៅផ្លូវការ ​​នៅ​ទីក្រុង​ប្រាទីស្លាវ៉ា ប្រទេស​ស្លូវ៉ាគី​ ថ្ងៃសុក្រ​១៦កញ្ញា ២០១៦។
មេដឹកនាំ​អឺរ៉ុប ក្នុង​ជំនួប​ក្រៅផ្លូវការ ​​នៅ​ទីក្រុង​ប្រាទីស្លាវ៉ា ប្រទេស​ស្លូវ៉ាគី​ ថ្ងៃសុក្រ​១៦កញ្ញា ២០១៦។ REUTERS/Yves Herma

ថ្ងៃសុក្រ​នេះ ថ្នាក់ដឹកនាំ​អឺរ៉ុប​ទាំង២៧ប្រទេស បាន​ជួបជុំគ្នា​​ ក្នុង​ជំនួប​កំពូល​ក្រៅផ្លូវការ នៅ​ទីក្រុង​ប្រាទីស្លាវ៉ា ប្រទេស​ស្លូវ៉ាគី។ ជាលើកទី១ ជំនួប​ថ្ងៃនេះ គ្មានវត្តមាន​អង់គ្លេស​ទេ។ ប្រទេស​អឺរ៉ុប​ទាំង២៧ ត្រូវ​ផ្សះផ្សាគ្នា​ឡើងវិញ ​ជំរុញ​សន្ទុះ​នៃ​ការកសាង​អឺរ៉ុប​ឡើងវិញ​ ក្រោយ​ពេល​អង់គ្លេស​សម្រេច​ដើរចេញ​ពី​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

ប្រធានបទ​​​ចំបង​​ក្នុងជំនួប​ថ្ងៃនេះ គឺ​សន្តិសុខ និង​ការជំរុញ​ការការពារ​សុវត្ថិភាព​អឺរ៉ុប​ឡើងវិញ។​ ​​ជំនួប​ក្រៅផ្លូវការ​​ថ្ងៃសុក្រ​​នេះ ​ត្រូវបានថ្នាក់ដឹកនាំ​​អឺរ៉ុប​សម្រេច​ចិត្ត​អោយ​រៀបចំឡើង​​​ តាំងពី​​​​ខែ​មិថុនាម្ល៉េះ​​ ​គឺអំឡុងពេល​នៃប្រជាមតិអង់គ្លេស​​​សម្រេច​​​ដើរចេញ​ពីអឺរ៉ុប។

ជំនួប​កំពូល​ក្រៅផ្លូវការ​នៅស្លូវ៉ាគី ​ជាជំនួប​​ផ្សះផ្សា​ ជាជំនួប​រួបរួមគ្នាឡើងវិញ​​នៃ​ប្រទេស​​​សមាជិក​អឺរ៉ុប
គេ​ប្រហែល​មិនសង្ឃឹម​លទ្ធផល​អ្វីធំដុំ​ទេ ​ពី​ជំនួប​កំពូល​ក្រៅផ្លូវការ​ថ្ងៃសុក្រ​​នេះ។ ​​​​មើលទៅ​ វា​ជាជំនួប​ផ្សះផ្សាគ្នា​រវាង​សមាជិក​សហភាព​អឺរ៉ុបច្រើនជាង ​ពិសេសក្រោយអង់គ្លេស​បាន​សម្រេចចិត្ត​ដើរចេញ​ពី​អឺរ៉ុប។
 
អង់គ្លេស​សម្រេចចិត្ត​ដើរចេញ​ពី​អឺរ៉ុប បានធ្វើអោយ​អឺរ៉ុប​ភ្លឺភ្នែកច្រើនណាស់។ អង់គ្លេស​សំងំ​នៅជាមួយ​​​​អឺរ៉ុប​យូរហើយ សុខៗ ស្រាប់តែ​បោះឆ្នោត​ប្រជាមតិ​ដើរចេញ​តែម្តង។ អង់គ្លេស​មិនសប្បាយចិត្ត​រឿងអី ម្តេច​មិនមក​វែកញែក​ ជាមួយ​សមាជិក​ទាំង២៧ផ្សេងទៀតអោយអស់​ពីចិត្ត​ អោយពេញទំហឹង​ទៅ? បំណាច់​ធ្វើជា​សមាជិក​អឺរ៉ុប ម្តេច​ក៏មិន​​ហ៊ាន​ពុះពារ​ដល់​ទីបញ្ចប់​ជាមួយអឺរ៉ុប ?

នេះ​បង្ហាញ​ថា មានការ​បែកបាក់គ្នា មិនចុះសម្រុងគ្នា​ក្នុងចំណោម​សមាជិក​អឺរ៉ុប​ ដែល​បន្ត​រ៉ាំរ៉ៃ ដូច្នេះ ថ្ងៃនេះ ប្រទេស​និមួយៗ ដែល​ចូល​មកជុំគ្នា​ នៅ​ស្លូវ៉ាគី ត្រូវតែ​មើលមុខគ្នា​អោយចំ និយាយ​ចេញអោយអស់នូវអ្វី​ដែលខ្លួន​យល់ឃើញ​ ក្នុង​នយោបាយ​អឺរ៉ុប និយាយ​អោយ​ស្មោះត្រង់​នឹងគ្នា ដើម្បី​រកដំណោះស្រាយ​រួមគ្នា កុំអោយ​ដូចអង់គ្លេស ដែល​សំងំ​នៅអឺរ៉ុប​នឹងគេ​យូរហើយ ក៏ស្រាប់​តែដើរចេញ​តែម្តង។ ប្រទេស​​ស្លូវ៉ាគី ជាម្ចាស់ផ្ទះ នៃជំនួប​ថ្ងៃសុក្រ​នេះ ដើរតួនាទី​ជាអ្នកផ្សះផ្សា​។ នាយករដ្ឋមន្ត្រី​ស្លូវ៉ាគីលោក​រ៉ូប៊ែរ ហ្វ៊ីកូ​ បាន​សុំអោយ​គ្រប់សមាជិក​អឺរ៉ុប បង្ហាញ​ភាព​ស្មោះត្រង់នឹងគ្នា។ ​

ប្រាកដហើយ គេមិនចាំលទ្ធផល​អ្វីធំដុំ​ទេ ថ្ងៃនេះ។ ចង់​បាន​​សេចក្តីសម្រេច​ធំៗ ទាល់តែ​ត្រូវចាំ​​ជំនួប​កំពូល​នៅ​អ៊ីតាលី ខែមិនា​ឆ្នាំក្រោយ។ ​ព្រោះឆ្នាំក្រោយនេះ ទើប​គេផ្ញើ​សេចក្តីសម្រេច​សំខាន់ៗ​ទៅជំនួប​នៅ​អ៊ីតាលី។

វិបត្តិ​​​​​ដែលធ្វើអោយសមាជិក​​អឺរ៉ុបបែកបាក់គ្នា​កន្លងមក
កន្លងមក ​​សមាជិ​កអឺរ៉ុប​ខ្វែងគំនិតគ្នា  រវាង​ប្រទេស​អ្នកមាន​និងប្រទេស​អ្នកក្រ។ ប្រទេស​អ្នកមាន​ដូចជា​អាល្លឺម៉ង់ រឺ​អង់គ្លេស ​មិនសប្បាយចិត្ត​នឹង​ឃើញ​អឺរ៉ុបចាយវាយថវិកា​​ហួសហេតុ​ទេ។ តែប្រទេស​អ្នកក្រ​​មិនចង់​​​ត្បិតត្បៀតលុយកាក់ ថប់ដង្ហើម​ជាតិ​គេដែរ។​​ កន្លងមក ​​គេឃើញ​​​​​មាន​​នយោបាយ​ត្បិតត្បៀត​ថវិកា ដែល​ម្ចាស់បំណុល​ក្រិក បង្ខំ​អោយរដ្ឋាភិបាល​​ក្រិក​អនុវត្ត​តាម ពេល​ក្រិក​ជួបវិបត្តិ​បំណុល។ ​ ​

បញ្ហា​​កើតឡើង​ថ្មីៗនេះ ដែល​ធ្វើអោយសមាជិក​​​អឺរ៉ុប​កាន់តែ​មិនត្រូវ​គ្នា​ទៀត​ នោះ​​គឺ​លំហូ​​​ជន​ភៀសខ្លួន ដែល​គេច​ពីសង្គ្រាម រឺហិង្សា ​​នៅ​អាហ្វ្រិក នៅ​​ដើមបូព៌ា ឆ្លងទូក​មក​អឺរ៉ុប។ នៅ​អឺរ៉ុប​កណ្តាល ​​ហុងគ្រី ស្លូវ៉ាគី ប៉ូឡូញ និង​​ឆែក ជំទាស់​​​នឹងគម្រោង​ទទួលជនភៀសខ្លួន របស់​អឺរ៉ុប។ ខុសពី​អាល្លឺម៉ង ​ដែលទទួលយក​ជនភៀសខ្លួន​ក្នុង​តួលេខច្រើន។
ដោយសារ​បញ្ហាជនភៀសខ្លួន​ ហុងគ្រី បាន​សង់​ជញ្ជាំងព្រំដែន​ឡើង។ ប្រទេស​ខ្លះ​ក៏ចង់សង់ដូចគ្នា។ អង់គ្លេស​ដែល​បានសម្រេច​ដើរចេញ​ពី​អឺរ៉ុប​នោះ ក៏​ទើបប្រកាស​ថា នឹង​សង់ជញ្ជាំង​ព្រំដែន​ជាប់​បារាំង​ដូចគ្នា។ ​ប្រជាជន​អឺរ៉ុបអាណិតអាសូរ​ជនភៀសខ្លួន តែ​ក៏​​មិនសូវពេញចិត្ត​​​ទទួល​​ជន​ភៀសខ្លួន​​​ប៉ុន្មាន​​ដែរ។ ​​ពួកគេ​ខ្លាច​មាន​ភេរវជន​បង្កប់ ខ្លាច​មានជនជ្រុលនិយម​អ៊ីស្លាម ​មក​​ ​បង្ក​បញ្ហា​សន្តិសុខ​ដល់​ជាតិគេ។

មួយរយៈ​ចុងក្រោយ​នេះ ​​បារាំង រឺ​អាល្លឺម៉ង់​បាន​រងការ​វាយប្រហារ​ភេរវកម្ម ពី​ក្រុមជីហាត​រដ្ឋអ៊ីស្លាម។ នៅ​អាល្លឺម៉ង់ កាលពី​ចូលឆ្នាំ​សកល​ ជនភៀសខ្លួន​បាន​បំពាន​ភេទ​ស្រីៗ។ ដូច្នេះ​ហើយ ឥឡូវនេះ ប្រជាជន​​អាល្លឺម៉ង់​ក៏​លែងពេញចិត្ត​នយោបាយ​ទទួលជនភៀសខ្លួន​ដែរ។ ​ប្រជាជន​បារាំង​ រឺ​ប្រជាជន​អឺរ៉ុបតែ​ម្តង ក៏​កំពុង​បារម្ភ​សន្តិសុខ​​អឺរ៉ុប​ដែរ។

ការមិនចុងសម្រុងគ្នា​ទាក់ទង​បញ្ហា​ថវិកា រឺ​បញ្ហា​​ជនភៀសខ្លួន ​បើ​បន្ត​អោយ​រ៉ាំរ៉ៃ​យូរទៅ ​​អឺរ៉ុបនឹង​កាន់​ទន់ខ្សោយ​​ខ្លាំង ហើយ​ប្រទេស​ខ្លះស្រួលមិនស្រួល​ នាំគ្នា​ដើរចញ​ពី​អឺរ៉ុប​ផង​ក៏ថា​បាន។ ដូច្នេះហើយ​ទើប​អឺរ៉ុប​មិនអាច​បណ្តោយ​ខ្លួនទៀតទេ ត្រូវតែ​និយាយ​​ជម្រះ​បញ្ជីគ្នា​ចេញម្តង​​ ពិសេស​ត្រូវ​​​​រួបរួម​គ្នា​ឡើងវិញ។ ​​

ប៉ុន្មានថ្ងៃ​មុននេះ លោក​ដូណាល់ ថាស្ក ជាប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ​បានក្រើនរំលឹក​ថ្នាក់ដឹកនាំ​អឺរ៉ុប​ថា អ្វីដែល​ប្រជាជន​អឺរ៉ុបចង់​បាននោះ គឺ​ពួកគេ​ចង់ដឹងថា តើ​មេដឹកនាំ​ខ្លួន មាន​សមត្ថភាព​​ប្រឈម​ រឿងរ៉់ាវ​ផ្សេងៗដែរទេ។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុបចង់​​សំដៅន័យថា ​​មេដឹកនាំ​​អឺរ៉ុប​​ ត្រូវ​រឹងប៉ឺង​ឡើងវិញ ​ដើម្បីការពារសុវត្ថិភាព​ជនជាតិ​អឺរ៉ុប។
 ​
សំណើ​បារាំងអាល្លឺម់ង់នៅ​ក្រុងប្រាទីស្លាវ៉ា ផ្តោតលើ​សន្តិសុខ និង​សុវត្ថិភាព​អឺរ៉ុប
ប៉ុន្មានថ្ងៃមុនជំនួប​ថ្ងៃសុក្រ​នេះ ប្រធានគណៈកម្មការ​អឺរ៉ុប ហ្សង់ក្លូត យ៉ុងកឺ ​​ក៏ទើប​បានគាំទ្រ​អោយ​អឺរ៉ុប​មាន​កងទ័ព​អឺរ៉ុប​រួម ចង់អោយ​មាន​ធនធានយោធា​រួមគ្នាដែរ។ នៅក្រុងប្រាទីស្លាវ៉ា ថ្ងៃនេះ ប្រទេស​សមាជិក​នឹង​ពិភាក្សា​គ្នា ពី​​​សំណើ​បារាំង​អាល្លឺម៉ង់​ ដែលផ្តោត​លើ​សុវត្ថិភាព​សន្តិសុខអឺរ៉ុប។

សំណើ​នេះ​​មានទិសដៅ​ដាក់ពង្រាយ​កងការពារ​ព្រំដដែន​អឺរ៉ុប អោយបាន​រហ័ស និង​ក្នុង​ចំនួន​ច្រើន។ ​បារាំង​និង​អាល្លឺម៉ង់​ចង់អោយ​មាន​យន្តការ​ត្រួតពិនិត្យ​ឆែកឆេរ​លើ​រាល់​មនុស្ស​ដែល​ចេញចូល​​សហភាព​អឺរ៉ុប។ ​​បារាំង​និង​អាល្លឺម៉ង់​ក៏ចង់​អោយ​មានការបែងចែក​ថវិកា​ សម្រាប់​​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ឧស្សាហកម្ម​យោធា​អឺរ៉ុប​ដែរ។ អាល្លឺម៉ង់​ប្រកាសដំឡើង​ថវិកា​៧ភាគរយ​ថែមទៀត សម្រាប់​ផ្នែក​ការពារជាតិ នៅ​ឆ្នាំ២០១៧ក្រោយនេះ។

ឥឡូវនេះ អង់គ្លេសសម្រេច​ដើរចេញ​ពី​អឺរ៉ុប​ ក៏ជួយ​អោយអឺរ៉ុប​ធូរការចាយវាយ​ផ្នែកការពារ​ជាតិ​មួយចំណែកដែរ ព្រោះថា ​​អង់គ្លេស​តែម្នាក់ឯង​ត្រូវចាយ​ថវិកាការពារជាតិ​អឺរ៉ុប​ ដល់ទៅ​១ភាគ៤​ឯណោះ។​ អង់គ្លេស​ចេញពី​អឺរ៉ុបក៏​​​​ស្រួល​ដែរ។ ​កន្លងមក គឺ​​អង់គ្លេស​​​នេះឯង ដែល​​តែងតែ​រារាំង​​មិនអោយ​អឺរ៉ុប​​ជជែក រឺអាច​​ធ្វើអ្វី​បានទៅមុខ​ទាល់តែ​សោះ ទាក់ទង​នឹងផ្នែក​ការពារជាតិ​នេះ៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI